នៅថ្ងៃទី ៣១ ខែ ឧសភាអង្គការសុខភាពពិភពលោក (WHO) សម្រេចប្រើប្រាស់ភាសាក្រិកដើម្បីដាក់ឈ្មោះឱ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនដែលរកឃើញដំបូងនៅ អង់គ្លេស ប្រេស៊ីល អាហ្វ្រិកខាងត្បូង និង ឥណ្ឌា។ វីរុសទាំងបួនទម្រង់នេះ ឆ្លងលឿនរហ័សនិងបង្កគ្រោះថ្នាក់ជាងវីរុសទម្រង់ដើមដែលផ្ទុះឡើងដំបូងនៅ ចិន។
បច្ចុប្បន្ន កូរ៉ូណាវីរុសបង្កជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនពីទម្រង់ដើមត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះផ្សេងគ្នាដែលពិបាកអាននិងបង្កការរើសអើងទៀត។ ឧទាហរណ៍ វីរុសរកឃើញដំបូងនៅ អង់គ្លេស ត្រូវហៅថា B.1.1.7 ឯវីរុសរកឃើញមុនគេនៅ ប្រេស៊ីល ត្រូវហៅថា P.1 ជាដើម។ ដើម្បីបង្កការងាយស្រួល អង្គការសុខភាពពិភពលោកសម្រេចប្រើប្រាស់តួអក្សរក្រិកដើម្បីហៅឈ្មោះវីរុសបំប្លែងខ្លួនទាំងនោះ។

WHO ប្រើប្រាស់តួអក្សរក្រិកដើម្បីហៅឈ្មោះវីរុសកូវីដ-១៩ បំប្លែងខ្លួន។ រូបថត៖ Getty images/សារព័ត៌មានយុវវ័យ
នៅក្រោមប្រព័ន្ធថ្មី វីរុសបំប្លែងខ្លួននៅ អង់គ្លេស (B.1.1.7) ត្រូវហៅថា អាល់ហ្វា (α) វីរុសបំប្លែងខ្លួននៅ ប្រេស៊ីល (P.1) ត្រូវហៅថា ហ្កាមា (Γ) វីរុស រកឃើញ អាហ្វ្រិកខាងត្បូង (B.1.351) ហៅថា បេតា (β)។ វីរុសរកឃើញមុន គេនៅ ឥណ្ឌា (B.1.617) ចែកជាពីរទម្រង់ទៀតដោយទម្រង់ B.1.617.1 ត្រូវហៅថា ដែលតា (Δ) ហើយទម្រង់ B.1.617.2 ត្រូវហៅថា កាបប៉ា (Κ)។
ក្នុងសេចក្ដីប្រកាសថ្ងៃទី ៣១ ខែ ឧសភា WHO បញ្ជាក់ថា ដ្បិតឈ្មោះតាមវិទ្យាសាស្រ្តមានប្រយោជន៍ផ្ទាល់ក្ដី វាជារឿងលំបាកក្នុងការហៅ ហើយអាចនាំទៅជាការរាយការណ៍ខុសទៀតផង។ អង្គការនេះបន្តថា ជាលទ្ធផលវីរុសត្រូវបានដាក់ឈ្មោះតាមទីតាំងដែលវាលេចចេញដំបូងដែលនោះបង្កជាការរើសអើងមួយ។

លោកស្រី Maria Van Kerkhove ប្រធានផ្នែកជំងឺកូវីដ-១៩ របស់ WHO ថ្លែងថា ឈ្មោះថ្មីមិនមែនជាការជំនួសឈ្មោះវិទ្យាសាស្រ្តឡើយ តែមានគោលដៅសម្រួលសាធារណជននិងការពិភាក្សាពីវីរុស។
អក្សរក្រិកត្រូវបានប្រើប្រាស់ក្នុងការហៅវីរុសថ្មីៗ ដែលបង្កជាជំងឺកូវីដ - ១៩ ជាច្រើន។ អិបស៊ីឡោន តែតតា និងហ្សិតា ត្រូវបានដាក់ឱ្យវីរុសក្នុងថ្នាក់ត្រូវចាប់អារម្មណ៍ (Variant of interest) ខណៈវីរុសធំទាំងបួនខាងលើស្ថិតក្នុងថ្នាក់ដែលបង្កក្ដីបារម្មណ៍ (Variant of concern)៕
ដកស្រង់និងកែសម្រួលពីថ្មីៗនិងយុវវ័យដោយ៖ ទេវី