អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ដូ ស៊ន់ត្វៀន សង្កត់ធ្ងន់ថា ការពង្រីកផ្ទៃដីដាំយិនសិន ង៉ុកលិញ និងរុក្ខោសថដ៏មានតម្លៃគ្រប់ប្រភេទផ្សេងទៀត រួមផ្សំជាមួយការអភិរក្សព្រៃឈើ អភិវឌ្ឍន៍ទេសចរណ៍មិនត្រឹមតែជួយការពារធនធានហ្សែនកម្រប៉ុណ្ណោះទេ ថែមទាំងបង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពសម្រាប់បងប្អូនជនជាតិភាគតិចតំបន់ភ្នំថែមទៀតផង។

ការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្មឱសថតាមបែបទំនើប សិក្សាដំណើរការស៊ីជម្រៅ និងកសាងពាណិជ្ជសញ្ញាគឺជាទិសដៅបន្ទាន់ ជាពិសេសនៅតំបន់ភូមិភាគកណ្តាល - តីង្វៀន ដែលមានលក្ខខណ្ឌអាកាសធាតុ ដីសមស្រប។ ការអភិវឌ្ឍឧស្សាហកម្មរុក្ខោសថនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច បង្កើតការងាររកស៊ីចិញ្ចឹមជីវិតរស់នៅប្រកបដោយស្ថិរភាព និងលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា គម្រោងនេះនឹងក្លាយជាមូលដ្ឋានច្បាប់ដ៏សំខាន់ និងជាកម្លាំងចិត្តសម្រាប់ការតម្រង់ទិសដៅអោយប្រជាជនអភិវឌ្ឍភាពខ្លាំង ទន្ទឹមនឹងនោះអំពាវនាវឱ្យសហគ្រាសវិនិយោគ ចិញ្ចឹមដាំដុះនិងកែច្នៃផលិតផល លើកកម្ពស់ជីវភាព អភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

ក្នុងកិច្ចប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ហូ ក្វាងបឺវ បានប្រកាសសេចក្តីសម្រេចលេខ 463/QD-TTg ដោយមានគោលដៅកសាងខ្សែសង្វាក់តម្លៃស៊ីសង្វាក់គ្នាតាំងពីការដាំ ការកែច្នៃដល់ការប្រើប្រាស់ផលិតផលរុក្ខោសថ ដោយយកយិនសិន ង៉ុកលិញ ជាឱសថដ៏កម្រមួយនៃតំបន់ភ្នំ ដែលយិនសិន ង៉ុកលិញ ជាដំណាំចម្បង។ ក៏នៅក្នុងកិច្ចប្រជុំនេះដែរ កិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគត្រូវបានចុះហត្ថលេខារវាងគណៈកម្មាធិការប្រជាជនខេត្ត ក្វាងណាម និងសហគ្រាសទាំងឡាយ សាជីវកម្មពហុជាតិ ដោយផ្តោតសំខាន់លើការអភិវឌ្ឍតំបន់វត្ថុធាតុដើម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា និងដំណើរការស៊ីជម្រៅ ដើម្បីបំពេញតាមស្តង់ដារ GACP-WHO និង GMP-WHO។
អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក លេ ថាញ់ឡុង បានសង្កត់ធ្ងន់លើតួនាទីរបស់គម្រោងក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ជាពិសេសនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ។ ដូច្នេះហើយ រុក្ខោសថមានអត្ថន័យពហុផ្នែក ពហុវិស័យ អភិវឌ្ឍន៍ធនធានសម្រាប់សុខាភិបាល បង្កើតលក្ខខណ្ឌដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាពិសេសគឺនៅតំបន់ភ្នំ។ ម៉្យាងទៀត គម្រោងថ្មីនេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ នៅមានការងារជាច្រើនសម្រាប់ខេត្ត ក្វាងណាម ត្រូវធ្វើបន្ទាប់នោះ។ នេះជាគម្រោងដែលមានការរំពឹងទុកជាច្រើន ដាក់កម្លាំងចិត្តជាច្រើនក្នុងការខិតខំ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃមូលដ្ឋាន។

នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក លេ ថាញ់ឡុង បានស្នើឱ្យខេត្ត ក្វាងណាម ធ្វើជាអធិបតី និងសហការជាមួយខេត្តជិតខាង សហគ្រាសទាំងឡាយជួយឧបត្ថម្ភគ្នាទៅវិញទៅមក “ធ្វើធំ” និង “សម្លឹងមើលឲ្យឆ្ងាយ” បង្កើតការប្រកួតប្រជែងយិនសិន ង៉ុកលិញ និងរុក្ខោសថ ជាពិសេសលើទីផ្សារអន្តរជាតិតែម្តង។ ខេត្ត ក្វាងណាម ក៏ត្រូវឆាប់សម្រេចរួចរាល់ការប្រកាសគម្រោងប្លង់គោលប្រើប្រាស់ដី និងគម្រោងប្លង់គោលពាក់ព័ន្ធ យកចិត្តទុកដាក់លើការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសសម្រាប់តំបន់រុក្ខោសថ...
លេខាបក្សខេត្ត លោក លឿង ង្វៀនមិញត្រៀត បានអញ្ជើញថ្លែងយោបល់ ទទួលនូវការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក លេ ថាញ់ឡុង ព្រមទាំងទទួលស្គាល់មតិរបស់គណៈប្រតិភូ អាជីវករ អ្នកវិនិយោគទាំងឡាយដើម្បីអោយខេត្តអាចបង្កើតកម្មវិធី ផែនការអនុវត្តនាពេលខាងមុខ។ នាពេលខាងមុខ ថ្នាក់ដឹកនាំខេត្តសន្យានឹងខិតខំបន្ថែមទៀត ប្តេជ្ញាចិត្តក្នុងការចង្អុលណែនាំ បញ្ជា កសាងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មល្អផូរផង់ ស្មើភាព បើកចំហ តម្លាភាព អភិវឌ្ឍឧស្សាហកម្មរុក្ខោឱសថក្នុងទិសដៅនិរន្តរភាព បង្កើតខ្សែសង្វាក់តម្លៃបិទជិត ផ្សារភ្ជាប់ជាមួយនឹងការកែច្នៃយ៉ាងស៊ីជម្រៅ និងការនាំចេញ។
យោងតាមផែនការ ផែនទីបង្ហាញផ្លូវនៃការអនុវត្តត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣៥ ខេត្តផ្តោតលើការអភិវឌ្ឍតំបន់វត្ថុធាតុដើមស្របតាមស្តង់ដារ GACP-WHO បញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនៅមណ្ឌលសេដ្ឋកិច្ចបើកចំហ ជូឡាយ (៥០ ហិកតា) ទាក់ទាញការវិនិយោគសាងសង់រោងចក្រកែច្នៃចំនួន ៣ ទៅ ៥ រោងចក្រ ស្របតាមស្តង់ដារ GMP-WHO បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវយិនសិន ង៉ុកលិញ នៅទីក្រុង តាមគី។
ដំណាក់កាលឆ្នាំ ២០៣៦ - ២០៤៥ ខេត្តសំដៅសម្រេចរួចរាល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយសង្គតិភាព ធ្វើពិពិធកម្មផលិតផលរុក្ខោសថ ចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលជាមួយនឹងផលិតផលនាំចេញគុណភាពខ្ពស់។ រាល់ការងារជាក់លាក់រួមមានបង្កើតគោលនយោបាយអនុគ្រោះ ការអភិរក្សធនធានហ្សែនយិនសិន ង៉ុកលិញ អភិវឌ្ឍខ្សែសង្វាក់តភ្ជាប់ផលិតកម្ម - ប្រើប្រាស់ រៀបចំពិធីបុណ្យយិនសិន និងរុក្ខោសថពីរឆ្នាំម្តង បង្កើតការងារជូនពលករចំនួន ១០.០០០ នាក់នៅតំបន់ដាំដុះ។ល។
អត្ថបទនិងរូបថត៖ ត្រឹន ទិញ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់