មុខរបរគូរគំនូរលើកញ្ចក់នៅទីនេះភាគច្រើនពណ៌នាអំពីពុទ្ធប្រវត្តិនៃពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទេសភាពវត្តអារាម និងរូបជីដូនជីតា បុព្វការីជន សម្រាប់បម្រើតម្រូវការ ការគោរពបូជា និងការតុបតែងលម្អ។ មុខរបរប្រពៃណីនេះនៅភូមិ ភឿកធន់ ឃុំ ធន់ហ្វា ទីក្រុង កឹនធើ (ពីមុនជាឃុំ ភូតឹន ស្រុក ចូវថាញ់ ខេត្ត សុកត្រាំង) ត្រូវបានកកើតឡើងជាងកន្លះសតវត្សរ៍មកហើយ ហើយធ្លាប់ល្បីឈ្មោះគ្រប់ទីកន្លែង ណាមបូ។
ក្នុងអំឡុងពេលអភិវឌ្ឍខ្លាំង ស្ទើរតែគ្រប់គ្រួសារនៅក្នុងភូមិសុទ្ធតែចេះគូរគំនូរទាំងអស់ ដោយមានផលិតផលលក់ចេញយ៉ាងទូលំទូលាយទៅកាន់ខេត្ត ក្រុងជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ប្រឈមការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងពីគំនូរពណ៌ទំនើបៗ ជាច្រើនប្រភេទ ភូមិរបរគូរគំនូរហត្ថកម្មបែបប្រពៃណីបច្ចុប្បន្ននេះនៅសល់តែវិចិត្រករ វិចិត្រការិនីមួយចំនួនតិចប៉ុណ្ណោះ ប្រឈមមុខនឹងហានិភ័យនៃការបាត់បង់សាបសូន្យហើយ។
ការគូរគំនូរលើកញ្ចក់គឺជាទម្រង់សិល្បៈដ៏វិសេសវិសាល ខុសប្លែកពីគូរគំនូរធម្មតា ពីព្រោះបច្ចេកទេសគូរបញ្ច្រាសខាងខ្នងផ្ទាំងកញ្ចក់ដើម្បីឱ្យរូបភាពបង្ហាញត្រូវនៅខាងមុខកញ្ចក់។ វិចិត្រករវិចិត្រការិនីជ្រើសរើសកញ្ចក់រាបស្មើ ជ្រះស្អាត មានទំហំសមស្រប ប្រើថ្នាំគូរ ឬពណ៌ឯកទេស រួមជាមួយជក់ចុងស្រួច សំឡីត្បាល់ត្រចៀក ក្រណាត់ទន់ និងក្ដារលាយពណ៌។ មុនពេលគូរ ផ្ទៃកញ្ចក់ត្រូវតែធានាជ្រះស្អាត ហើយស្ងួត។
ផ្ទាំងគំនូរព្រាងត្រូវបានដាក់នៅពីក្រោមកញ្ចក់ ហើយលំនឹងដើម្បីចៀសវាងការបង្ខិតរំកិល។ គ្រោងត្រូវបានគូរជាមុនសិនដោយប្រើជក់ចុងស្រួច ឬជក់តូច ហើយហាលក្តៅឱ្យស្ងួតថ្នាំមុនពេលគូរពណ៌សំខាន់ៗ បន្ថែម។ បន្ទាប់គូរផ្នែកលម្អិតតូចៗ និងចំណុចសំខាន់ៗ ដូចជា ភ្នែក សម្លៀកបំពាក់ បំពេញក្បាច់រចនាជាស្រេច បន្ទាប់មកគឺផ្ទៃពណ៌ធំៗ ពណ៌ផ្ទៃខាងក្រោយដើម្បីបង្កើតផ្នែកជម្រៅ។ វណ្ណកម្មដាក់នៅកន្លែងរាបស្មើ ស្រឡះស្រឡំល្អហាលឲ្យស្ងួតទាំងស្រុង បន្ទាប់មកត្រឡប់កញ្ចក់មកខាងមុខដោយមានគំនូរដ៏លម្អិត ហើយមានពណ៌ច្បាស់លាស់ ល្អឆើត។
"កាលពីមុន ខ្ញុំត្រូវលាយ និងត្រាំពណ៌ដោយខ្លួនឯងផ្ទាល់ដូចជា ក្រហម ខ្មៅ ប្រាក់... សព្វថ្ងៃនេះ ពណ៌មានច្រើនប្រភេទអាចរកបានយ៉ាងងាយស្រួលនៅលើទីផ្សារ ជួយសំចៃពេលវេលាច្រើនក្នុងដំណាក់ការនេះ។ ការងារអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ដូចជារដូវក្តៅអាចគូរបានច្រើន តែបើរដូវភ្លៀងគូរបានតិចតួចប៉ុណ្ណោះ" វិចិត្រការិនី ទ្រៀវ ធីវូយ មានប្រសាសន៍។
យោងតាមលោកស្រី វូយ អាជ្ញាធម៌មូលដ្ឋានបានសាងសង់បន្ទប់គូរគំនូរដើម្បីលោកស្រីបន្តរក្សាមុខរបរ។ ក្រៅពីនោះ លោកស្រីក៏បើកថ្នាក់បង្រៀនគូរសម្រាប់កុមារៗនៅក្នុងភូមិផងដែរ ដោយមានកុមារចូលរួមចំនួន ១៥ នាក់។ ក្នុងចំណោមនោះ មានប្អូនខ្លះឧស្សាហ៍ព្យាយាមក៏បង្ហាញទេពកោសល្យគូររូបបានល្អ។ ដើម្បីលើកទឹកចិត្តប្អូនៗ គាត់តែងតែផ្តល់រង្វាន់ដោយរូបគំនូរដែលប្អូនៗគូរផ្ទាល់ដៃ ហើយដាក់ស៊ុមយ៉ាងប្រុងប្រយ័ត្នដើម្បីជូនប្អូនៗយកទៅផ្ទះទុកជាវត្ថុអនុស្សាវរីយ៍។
វិចិត្រការិនី ទ្រៀវ ធី វូយ មានកូនស្រីពីរនាក់សុទ្ធតែចេះគូរគំនូរ។ ក្រៅពីការងារចម្បងធ្វើជាគ្រូបង្រៀន ពេលមានការបញ្ជាទិញពីអតិថិជនច្រើន កូនស្រីពីរនាក់របស់គាត់ក៏ជួយគូរដើម្បីបំពេញតម្រូវការតាមកាលកំណត់របស់អតិថិជន។
វណ្ណកម្មទាំងឡាយរបស់លោកស្រីត្រូវបានយកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាច្រើន ដូចជាពិធីប្រជុំ សកម្មភាពរបស់សមាគម អង្គការមហាជន តាំងពិព័រណ៍ OCOP “ឃុំមួយផលិតផលមួយ”។ ផ្តើមពីសេចក្ដីជក់ចិត្ត និងបំណងប្រាថ្នាចង់ថែរក្សា ផ្ទេរបន្តនូវតម្លៃវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ លោកស្រីផ្សារភ្ជាប់ជាមួយមុខរបរ និងអភិវឌ្ឍមិនឈប់ឈរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានទទួលស្គាល់ជាមួយនឹងបណ្ណសរសើរជាច្រើនពីអាជ្ញាធរគ្រប់ថ្នាក់ខេត្ត ក្រុង។
ដោយសារការប្ដេជ្ញាចិត្តនិងដៃទាំងគូដ៏ប៉ិនប្រសប់ វិចិត្រការិនី ទ្រៀវ ធីវូយ មិនត្រឹមតែរក្សាបាននូវស្នាមគូរគំនូរលើកញ្ចក់ដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ ជម្រុលទឹកចិត្តក្មេងៗ ជំនាន់ក្រោយ និងភ្ញៀវទេសចរគ្រប់ទិសទីអញ្ជើញមកទស្សនាផងដែរ៕
ផលិតដោយ៖ សឺន ហេង