លោក ថាច់ ទុង (កើតនៅឆ្នាំ ១៩៦២) មានស្រុកកំណើតនៅភូមិ កឹនយ៉ើ ១ សង្កាត់ មីស្វៀន ទីក្រុង កឹនធើ គឺជាសិប្បករមួយរូបបានមាន ៤៧ ឆ្នាំផ្សារភ្ជាប់ជាមួយសិល្បៈស្គរឆៃយ៉ាំរបស់ជនជាតិខ្មែរ។
ចាប់តាំងពីអាយុ ១៦ ឆ្នាំ យុវជន ថាច់ ទុង ទៅតាមឪពុកដើម្បីរៀនស្គរឆៃយ៉ាំ ហើយបន្តរួមចំណែកក្នុងការអភិវឌ្ឍក្រុមឆៃយ៉ាំក្នុងស្រុក។ ដល់អាយុ ២១ ឆ្នាំ លោកក៏បានរៀបការហើយទៅរស់នៅភូមិ ចុងផ្នូរ ឃុំ អាននិញ ទីក្រុង កឹនធើ។ នៅទីនេះ លោកបានបន្តនូវចំណង់ចំណូលចិត្ត និងរួមចំណែកសិល្បៈស្គរឆៃយ៉ាំដល់ខឿនវប្បធម៌ជនជាតិ។


ចាប់កំណើតក្នុងគ្រួសារកសិករសុទ្ធសាធមានប្រពៃណីស្រលាញ់ជក់ចិត្តអត្តសញ្ញាណវប្បធម៌ និងសិល្បៈស្គរឆៃយ៉ាំ បានជំរុញសិប្បករ ថាច់ ទុង មិនត្រឹមតែលេងពូកែប៉ុណ្ណោះទេ ថែមទាំងចំណាយពេលស្រាវជ្រាវ ច្នៃបង្កើតឧបករណ៍សម្រាប់ក្រុមស្គរឆៃយ៉ាំ វត្តកំពង់ទ្រព្យ ផងដែរ។
"ផ្តើមចេញពីចំណង់ចំណូលចិត្ត តាំងពីចាប់ផ្តើមបង្កើត និងថែរក្សាក្រុមស្គរនេះ ទោះបីគ្រួសារខ្ញុំនៅមានការលំបាកលំបិន មិនត្រឹមតែគិតគូរពីសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងសន្សំលុយកាក់ទិញឧបករណ៍មួយមុខៗ ដោយមានការឈ្វេងយល់រិះរក និងសមត្ថភាពច្នៃបង្កើតដោយខ្លួនឯង ខ្ញុំបង្គ្រប់ឧបករណ៍ជាបណ្តើរៗ ដើម្បីបម្រើចំណង់ចំណូលចិត្តខ្លួនឯង។


ដើម្បីច្នៃបង្កើតរបាំងមុខ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនចាប់ពីការជ្រើសរើសដីឥដ្ឋទន់ដើម្បីសូនរូបក្បាល និងលម្អិតផ្សេងៗដូចជាភ្នែក ច្រមុះ មាត់ ត្រចៀក ហើយហាលស្ងួត។ បន្ទាប់មកយកក្រណាត់ ឬក្របកាសែតមកជ្រលក់ជាមួយកាវចម្រាញ់ចេញពីជ័រទន្លាប់ព្រៃនៅខ្ចីបិទជាប់ទៅលើពុម្ពដីឥដ្ឋបង្កើតជាស្រទាប់រឹងមាំល្អ។ បន្ទាប់ពីពុម្ពស្ងួតបំបែកស្រទាប់ដីឥដ្ឋនៅខាងក្នុងចេញ។
ដើម្បីរបាំងមុខសុក្រឹតសព្វគ្រប់ ដំណាក់កាលបន្ទាប់គឺត្រូវលម្អក្បាច់ លាបពណ៌ទៅតាមតួអង្គនីមួយៗ ដូចជា យក្ស ហនុមាន ក្សត្រី ព្រះនាង ឬមុខអមាត្រ។ តួអង្គនីមួយៗមានរូបរាង ពណ៌ លំនាំស្តង់ដារដោយឡែក។ បច្ចុប្បន្ននេះ មានឧបករណ៍សម្បូរបែបនៅលើទីផ្សារ សម្រាប់បម្រើអតិថិជនអាចជ្រើសរើសឧបករណ៍ផលិតស្រាប់ ឬបញ្ជាទិញទៅតាមតម្រូវការបានយ៉ាងងាយស្រួល' សិប្បករ ថាច់ទុង បានអោយដឹង។


យោងតាមសិប្បករ ថាច់ ទុង ស្គរ ឆៃយ៉ាំ ប្រពៃណី ធ្វើពីខ្លឹមខ្នុរ ប្រវែង ១.៤ ម៉ែត្រ និងបន្ទាត់ផ្ចិត ប្រវែងប្រហែល ០.២០ ម៉ែត្រ។ មុខស្គរត្រូវបានពាសដោយស្បែកគោ ឬស្បែកក្របី គែមស្គរត្រូវបានតុបតែងដោយក្រណាត់ចម្រុះពណ៌ដូចជា ខៀវ ក្រហម លឿង បៃតង បិតជីប ២-៣ ជាន់ និងអង្កាំ។ ខ្សែពាក់ស្គរ ជាធម្មតាធ្វើពីខ្សែពួរ ឬក្រណាត់ ជួយឱ្យសិល្បករអាចស្ពាយស្គរលើស្មាកាន់តែងាយស្រួល និងបត់បែន។
ដើម្បីបង្កើតសំឡេង ស៊ីចង្វាក់ អ្នកវាយស្គរឆៃយ៉ាំដោយប្រើដៃទាំងគូរបស់ខ្លួន គួបផ្សំជាមួយនឹងបច្ចេកទេសលោតវាយស្គរដ៏ពិសេសជាច្រើន។ ក្រុមស្គរឆៃយ៉ាំមានសមាជិកចាប់ពី ៤ នាក់ឡើងទៅ ហើយក្រៅពីស្គរក៏មានឧបករណ៍បន្ថែមដូចជា គងម៉ង់ ឈិង និង ទ្រ។
សិប្បករ ថាច់ ទុង មានកូន ៥ នាក់ កូនប្រុសពៅឈ្មោះ ថាច់ សែន (អាយុ ២៧ ឆ្នាំ) ផ្សារភ្ជាប់ជាមួយប្រពៃណីគ្រួសារ។
កាលពីតូច សែន បានចាប់អារម្មណ៍នឹងសំឡេងស្គរឆៃយ៉ាំដែលឪពុកខ្លួនលេងក្នុងពិធីបុណ្យខ្មែរនៅតាមភូមិ។ ខណៈពេលបងប្អូនប្រុសស្រីចាកចេញពីស្រុកកំណើតដើម្បីរកស៊ីចិញ្ចឹមជីវិត ហើយបន្តិចម្តងៗឆ្ងាយពីវប្បធម៌ប្រពៃណីជាតិ រីឯ ថាច់ សែន ខំប្រឹងតាមឪពុកដើម្បីរៀនវាយស្គរ និងរាំចង្វាក់ស្គរផ្សេងៗ។


ប្អូនចែករំលែកថា៖ "ខ្ញុំចូលចិត្តសំឡេងស្គរតាំងពីតូចមកម៉្លេះ រាល់ពេលខ្ញុំលឺសំឡេងស្គរបន្លឺឡើង ចិត្តខ្ញុំពោរពេញដោយក្តីរំភើប។ ប្អូនសង្ឃឹមថាថ្ងៃក្រោយនឹងចេះវាយពិរោះដូចឪពុកដើម្បីអោយសំឡេងស្គរឆៃយ៉ាំបន្លឺឡើងជារៀងរហូត ហើយអនាគតកូនៗចៅៗរបស់យើងនឹងអាចស្គាល់សំឡេងស្គររបស់ឪពុក"។
ប្រសាសន៍ចែករំលែកដ៏ស្មោះស្ម័គ្រនោះ បង្ហាញពីក្តីស្រលាញ់ចំពោះសិល្បៈស្គរ ឆៃយ៉ាំ ប្រពៃណី ជាដំណើរបន្តវេនយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែប្រកបដោយមោទនភាព រួមចំណែកថែរក្សាតម្លៃវប្បធម៌របស់ប្រជាជនខ្មែរក្នុងលំហូទំនើបកម្ម។
ប្អូន លី ថាញសឺន អាយុ ១៨ ឆ្នាំ នៅភូមិ ចុងផ្នូរ ឃុំ អាននិញ ទីក្រុង កឹនធើ គឺជាសមាជិកក្រុមស្គរ ឆៃយ៉ាំ បានចែករំលែកថា៖ “ខ្ញុំរីករាយណាស់ដែលបានចូលរួមក្រុមស្គរ រៀន និងហាត់របាំស្គរ និងអនុវត្តជាក់ស្តែងចង្វាក់រាំដ៏ពិសេសដាច់ដោយឡែក។ ឆ្លងតាមរយៈនោះ ខ្ញុំគិតថា មិនមែនគ្រាន់តែវាយស្គរប៉ុណ្ណោះទេ ថែមទាំងចេះស្តាប់អ្នកក្នុងក្រុម មានលក្ខណៈសាមគ្គីខ្ពស់ បង្កើតសំឡេងស្គរប្រកបដោយភាពស៊ីចង្វាក់គ្នា សំឡេងរោទ៍ស្គរ ទាក់ទាញអ្នកទស្សនា”។
បច្ចុប្បន្នក្រុមស្គរឆៃយ៉ាំវត្តកំពង់ទ្រព្យមានសមាជិកចំនួន ១៧ នាក់ ចូលរួមរៀន និងសម្តែងជាប្រចាំ។ នាពេលកន្លងទៅ ក្រុមបានចូលរួមការប្រកួតថ្នាក់ខេត្ត ស្រុកជាច្រើន ជាពិសេសក្នុងថ្ងៃបុណ្យធំៗ ដូចជាថ្ងៃទី ៣០ ខែមេសា ជាដើម។ ចំពោះការខិតខំប្រឹងប្រែងទាំងនេះ ក្រុមទទួលបានបនបត្រ និងប័ណ្ណសរសើរជាច្រើនពីគ្រប់លំដាប់ថ្នាក់ ជាប្រភពលើកទឹកចិត្តដល់ក្រុមក្នុងការថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជនជាតិ។


ប្រការដែលសិប្បករ ថាច់ ទុង បារម្ភនាពេលបច្ចុប្បន្ននេះ គឺការធ្លាក់ចុះនៃទម្រង់សិល្បៈបុរាណដូចជា យូកេ របាំ រួមទាំងស្គរឆៃយ៉ាំ។ នៅពេលសិល្បៈទំនើបបង្កើតប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះកាន់តែខ្លាំង គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការថែរក្សា និងអភិវឌ្ឍតម្លៃវប្បធម៌របស់ជនជាតិ។ លោកមានបំណងចង់ឲ្យយុវជនជំនាន់ក្រោយចូលរួម និងសិក្សាឲ្យបានកាន់តែសកម្មអំពីទម្រង់សិល្បៈប្រពៃណី ដើម្បីរក្សានិងផ្ទេរបន្តដល់កូនចៅជំនាន់ក្រោយ។
ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ជនជាតិ ថាច់ ទុង រក្សាដោយស្ងៀមស្ងាត់ និងអុជបំភ្លឺឱ្យសំឡេងស្គរឆៃយ៉ាំនៅក្នុងភូមិ។ អុជបំភ្លឺដំណើរឆ្ពោះទៅផេ្ទរបន្តប្រពៃណីគ្រួសារ រួមចំណែកថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរដល់យុវជននាពេលបច្ចុប្បន្ន និងអនាគត៕
ផលិតនិងប្រែសម្រួល៖ សឺន ហេង