ប្រព្រឹត្តឡើងក្នុងលម្ហប្រាង្គ ប្រាសាទ ភូមិនិគមនិងគ្រួសារនីមួយៗ កាតេ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតក្នុងជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា។ ពិធីកិច្ចនីមួយៗ សកម្មភាពនីមួយៗ សុទ្ធតែឆ្លុះបញ្ចាំងពីលោកទស្សនៈ ជីវទស្សនៈនិងប្រពៃណី "ផឹកទឹកឱ្យនឹកដល់ប្រភព" របស់បងប្អូនជនជាតិ ចាម។
តាំងពីព្រឹកព្រលឹម បងប្អូនជនជាតិក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបានប្រមូលផ្តុំមកតំបន់ប្រាង្គប្រាសាទ។ នៅទីនេះ សមណស័ក្ដិ អ្នកមុខអ្នកការសាសនាជនជាតិ ចាម ប្រារព្ធពិធីកិច្ចដង្ហែព្រះពស្រ្តឡើងទៅកាន់ប្រាសាទ ប៉ូក្លងហ្ការ៉ាយ (សង្កាត់ ដូវិញ)។ ក្បួនដង្ហែព្រះពស្រ្តតភ្ជាប់វែងអន្លាយក្នុងសំឡេងស្គរសំឡេងស្រឡៃ។ សមណស័ក្ដិ អ្នកមុខអ្នកការ សិប្បករសិប្បការិនី ប្រជាជនចូលរួមជាមួយគ្នាបង្កើតបានជាបរិយាកាស វប្បធម៌សហគមន៍មួយដ៏វិសេសវិសាល។ នៅពេលព្រះពស្រ្តត្រូវបានដង្ហែទៅដល់ទីសក្ការៈសមណស័ក្ដិ អ្នកមុខអ្នកការសាសនា អនុវត្តពិធីកិច្ចតាមប្រពៃណីជាបន្តបន្ទាប់ដូចជាបើកទ្វារប្រាង្គប្រាសាទ ស្រង់ទឹករូបបដិមា ទ្រង់ព្រះពស្រ្តនិងថ្វាយគ្រឿងសក្ការៈបូជា ។
នៅប្រាសាទ ប៉ូក្លងហ្ការ៉ាយ និងប្រាសាទ ប៉ូរ៉ូមេ (ក្នុងឃុំ ផឿកហ៊ឺវ) ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានទស្សនាពិធីកិច្ចសមណស័ក្ដិ អ្នកមុខអ្នកការសាសនាបើកទ្វារប្រាសាទ ស្រង់ទឹករូបបដិមាទេព ស្វែងយល់គ្រឿងសក្ការៈបងប្អូនជនជាតិថ្វាយដល់អាទិទេព ។ល។
ក្រោយពីពិធីកិច្ចនានានៅតាមប្រាង្គប្រាសាទ បរិយាកាសពិធីបុណ្យ កាតេ ត្រូវបានប្រារព្ធនៅតាមភូមិដ្ឋាន វង្សត្រកូលនិងគ្រួសារនីមួយៗ បន្តទៀត។ អ្នករាល់គ្នាសួរសុខទុក្ខជូនពរសេចក្តីល្អប្រសើរគ្រប់ប្រការដល់គ្នាទៅវិញទៅមក រំឭកនឹកដល់បុព្វបុរសទទួលទានភោជនាហារនិងចូលរួមក្នុងសកម្មភាពវប្បធម៌សិល្បៈប្រពៃណីដូចជារាំរបាំ ចាម ច្រៀងចម្រៀងប្រជាប្រិយប្រគំឧបករណ៍ភ្លេងប្រពៃណីរួមមានស្គរ ហ៊្គីណាំង ស្គរ ប៉ារ៉ានឹង ស្រឡៃ សារ៉ាណាយ ចាប៉ី កាញី និងបណ្តាល្បែងប្រជាប្រិយដ៏ជក់ចិត្ត។
ឆ្នាំ ២០១៧ ពិធីបុណ្យ កាតេ ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕
អត្ថបទនិងរូបថត៖ កុងធឺ - ដាំងទន់
ប្រែសម្រួល៖ យ័ញលើយ