នាំយកបំណិនឌីជីថលចូលក្នុងជីវភាពសហគមន៍
មន្ទីរកិច្ចការជនជាតិ និងសាសនាទីក្រុង ហូ ជីមិញ ឱ្យដឹងថា បច្ចុប្បន្នទីក្រុងមានបងប្អូនជនជាតិចំនួន ៥៣ ដោយមានជាង ១៧០.០០០ ក្រុមគ្រួសារ ចំនួនប្រជាជនជិត ៥១០.០០០ នាក់ និងអ្នកមានប្រជាប្រិយភាពចំនួន ១.១៧១ នាក់ក្នុងតំបន់បងប្អូនជនជាតិភាគតិច។
ទីក្រុងក៏មានចំនួន ១៣ សាសនា ជាង ៣.០០០ គ្រឹះស្ថានសាសនា អ្នកមុខអ្នកការសាសនាជាង ១៤.០០០ នាក់ និងសាសនិកជាង ២,៨ លាននាក់។ ទ្រង់ទ្រាយ និងពពិធកម្មទាមទារឱ្យមានវិធីអនុវត្តបរិវត្តកម្មឌីជីថលសមស្របនឹងលក្ខខណ្ឌ និងតម្រូវការរបស់សហគមន៍នីមួយៗ។
នៅសង្កាត់ ចើលើន លោក M. Mohamed Amine ប្រធានការិយាល័យគណៈកម្មការតំណាងសហគមន៍ ឥស្លាម នៅទីក្រុង ហូ ជីមិញ និងជាប្រធានគណៈកម្មការព្រះវិហារ Masjid Al Jamia’ បានឱ្យដឹងថា នាបច្ចុប្បន្ន ការផ្លាស់ប្តូរព័ត៌មាននៅក្នុងសហគមន៍មានភាពងាយស្រួលជាងមុន អាស្រ័យដោយមានប្រព័ន្ធឌីជីថល។ គណៈកម្មការបានបង្កើតក្រុមសន្ទនា Zalo ដើម្បីសម្របសម្រួលការងារ និងបញ្ជូនព័ត៌មានទៅកាន់មាមីងបងប្អូនជនជាតិ ចាម នៅក្នុងសហគមន៍។
លោក M. Mohamed Amine ចែករំលែកថា៖ “នៅពេលទទួលគោលការណ៍ គោលនយោបាយ ឬដំណឹងពីអាជ្ញាធរមូលដ្ឋាន យើងខ្ញុំបញ្ជូនភ្លាមៗ ទៅក្រុម Zalo។ ផ្តើមពីនោះ ព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងរហ័សទៅដល់សាសនិក គ្រួសារនីមួយៗ នៅក្នុងសហគមន៍ ចាម”។
ដើម្បីឲ្យសហគមន៍និទានអំពីរឿងរ៉ាវបេតិកភណ្ឌដោយខ្លួនឯង
លោក ប៊ូយ ក្វានម៉ាញ់ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាច្នៃប្រតិដ្ឋវប្បធម៌ Quantrex បានចាត់ទុកថា តម្លៃនៃបច្ចេកវិទ្យាមិនត្រឹមតែស្ថិតនៅឌីជីថលភាវូបនីយកម្ម រក្សាទុកទិន្នន័យប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌឱ្យប្រជាជនបានចូលរួមអភិរក្ស និទានអំពីរឿងរ៉ាវវប្បធម៌របស់សហគមន៍ខ្លួនទៀតផង។
រឿងរ៉ាវអាចត្រូវបានបង្ហាញតាមរយៈវីដេអូខ្លីៗ នៅលើ TikTok YouTube Facebook ឬផលិតផលដែលមានខ្លឹមសារយ៉ាងស៊ីជម្រៅ។ ការប្រើប្រាស់ភាសារបស់សហគមន៍របស់ខ្លួន បូករួមនឹងបច្ចេកវិទ្យាបកប្រែភាសា នឹងជួយឱ្យវប្បធម៌មូលដ្ឋានខិតជិតអ្នកទស្សនាទាំងក្នុង និងក្រៅប្រទេស។
លោក ឡឹម ឌិញថាំង បញ្ជាក់ថា៖ “តម្រង់ទិសដៅបន្តជារៀងរហូតរបស់មន្ទីរកិច្ចការជនជាតិ និងសាសនាទីក្រុង ហូ ជីមិញ គឺទិន្នន័យឌីជីថលត្រូវតែបម្រើឱ្យការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យជនជាតិ សាសនា។ បច្ចេកវិទ្យាត្រូវតែបម្រើមនុស្ស ផ្លាស់ប្តូរថ្មីត្រូវតែផ្សារភ្ជាប់នឹងការថែរក្សា ព្រមទាំងលើកស្ទួយតម្លៃវប្បធម៌ សាសនា ជំនឿ និងការអភិវឌ្ឍសេដ្ឋកិច្ច - វប្បធម៌ - សង្គមរបស់ទីក្រុង”៕
ផលិត៖ អានហៀវ
ប្រែសម្រួល៖ អៀងថាន់