យោងតាមលោក ឡ វ៉ាន់ឡឹន នៅភូមិ ណាឡាត ដើម្បីធ្វើបានកៅអីផ្តៅមួយជាប់ប្រើប្រាស់បានយូរ សិប្បករត្រូវជ្រើសរើសដើមផ្តៅចាស់ៗ តួដើមធំ រឹងមាំ។ ក្រោយពីពេលត្រាំទឹក និងហាលស្ងួត ផ្តៅត្រូវបានពត់ជារង្វង់មូលជុំវិញសសរផ្ទះដោយមានអង្កត់ផ្ចិតពី ២០ ទៅ ៣០ សង់ទីម៉ែត្រ។ ក្រោយពីនោះរង្វង់ផ្តៅទាំងឡាយត្រូវបានភ្ជាប់ដោយបន្ទះឈើរឹងមួន បង្កើតរូបរាងបានជាគ្រោងស៊ុមកៅអីកម្ពស់ប្រហែលពី ២០ ទៅ ៣០ សង់ទីម៉ែត្រ។
ដំណាក់កាលបិតបន្ទោះផ្តៅជាធម្មតាដោយនារី ថៃ ទទួលបន្ទុក។ លោកស្រី ឌៀវ ធីសឿង ឱ្យដឹងថា ផ្តៅត្រូវបានបិតឱ្យរលីងតាមបណ្តោយ ក្រោយពីនោះ ចងបាច់និងព្យួរនៅលើធ្នើរចង្ក្រានក្នុងរយៈពេលជាង ៦ ខែ។ ដំណាក់កាលនេះជួយឱ្យបន្ទោះផ្តៅមានពណ៌លឿងរលើបរលង់បែបធម្មជាតិនិងបង្កើនកម្រិតជាប់បានយូរ រយៈពេលព្យួរនៅក្នុងផ្ទះបាយកាន់តែយូរបន្ទោះផ្តៅកាន់តែល្អស្អាតនិងជាប់។
ពេលវត្ថុធាតុដើមត្រៀមរួចរាល់ហើយ សិប្បករចាប់ផ្តើមដំណាក់កាលត្បាញពោរពេញដោយលក្ខណៈសិល្បៈ។ ពួកគាត់ផ្ចិតផ្ចង់ត្បាញបណ្តាបន្ទោះតាមលំនាំសំណាញ់ពីងពាងដើម្បីពង្រឹងស៊ុម រួចហើយប្រើបច្ចេកទេសត្បាញលើកពីរសង្កត់ពីររហូតដល់ពេលត្បាញពេញផ្ទៃទាំងមូល។ ក្រោយពេលត្បាញរួចស្រេចហើយ កៅអីត្រូវបានរោលភ្លើងដើម្បីធ្វើឱ្យផ្ទៃរលោង រួចបាញ់ថ្នាំក្នុងគោលបំណងបង្កើតកម្រិតរលើប និងបង្កើនអាយុកាលប្រើ។
មិនមែនស្ថិតនៅត្រឹមតែលក្ខណៈស្រួលប្រើប៉ុននោះទេ កៅអីផ្តៅថែមទាំងដិតដោយតម្លៃវប្បធម៌ទៀតផង។ លោក ដាវ វ៉ាន់គ្វី ជាអ្នកធ្វើរបរកៅអីផ្តៅយូរឆ្នាំម្នាក់ឱ្យដឹងថា ក្បាច់រចនាទាំងឡាយត្បាញនៅលើកៅអីជាធម្មតាផ្តើមយកគំនិតពីក្បូរក្បាច់ប្រពៃណីរបស់ជនជាតិ ថៃ ក៏ដូចជាក្បាច់រចនាដេរប៉ាក់នៅលើសម្លៀកបំពាក់ដែរ។ នេះក៏ជាវិធីសាស្រ្តបងប្អូនជនជាតិថែរក្សា ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ឆ្លងតាមរយៈផលិតផលហត្ថកម្មនីមួយៗ។
កៅអីផ្តៅនីមួយៗ គឺជាសមិទ្ធផលចេញពីការខំព្យាយាមធ្វើរយៈពេលពី ១ ថ្ងៃដល់ ២ ថ្ងៃ។ ឥឡូវនេះ ផលិតផលសាមញ្ញនេះបានរួមដំណើរជាមួយភ្ញៀវទេសចរមកគ្រប់តំបន់ភូមិភាគ។ ដោយមានកម្រិតតម្លៃចាប់ពី ៣០០.០០០ ទៅ ៤០០.០០០ ដុង កៅអីផ្តៅនីមួយៗ បានក្លាយជាអំណោយមានអត្ថន័យ នាំមកនូវប្រាក់ចំណូលជូនភូមិនិគមផង ថែរក្សាលក្ខណៈវប្បធម៌ពាន់ជំនាន់ដ៏ល្អប្រពៃដោយស្ងាត់ស្ងៀមក្នុងលំហូរសម័យទំនើបទៀតផង៕
អត្ថបទនិងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យ៖ អៀងថាន់