ក្រុមការងារបានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត ជូនអំណោយដ៏មានអត្ថន័យដល់សាលារៀន និងប្រគេនទេយ្យវត្ថុដល់វត្តអារាម ខ្មែរ។ តំណាងឱ្យគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធើ លោក ដុង វ៉ាន់ថាញ់ ជាអនុលេខាអចិន្ត្រៃយ៍បានជូនពរ និងប្រគេនពរព្រះសង្ឃ មាមីងបងប្អូនជនជាតិ ខ្មែរ ព្រមទាំងកម្មាភិបាល លោកគ្រូអ្នកគ្រូ និងសិស្សសាលា។
កត់សម្គាល់នូវសមិទ្ធផលទាំងឡាយដែលសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ថាញ់ភូ សម្រេចបាននាពេលកន្លងមក លោក ដុង វ៉ាន់ថាញ់ រំពឹងថា៖ សាលានឹងបន្តលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ ភ្ជាប់ការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយការអភិវឌ្ឍចលនាវប្បធម៌ កីឡា វិចិត្រសិល្បៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ ខ្មែរ សម្រាប់ក្មេងៗ ជំនាន់ក្រោយ។
តំណាងវត្ត ព្រែកអណ្តើក ព្រះតេជព្រះគុណ ឡឹម ចាន់សំណាង បានសម្តែងនូវការដឹងគុណចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋមកលើបងប្អូនជនជាតិ ខ្មែរ។ វត្តកំពុងខិតខំបន្តរក្សាថ្នាក់បង្រៀនភាសា បាលី និងភាសា ខ្មែរ បោះទូក ង ថ្មី ដើម្បីបន្ត និងថែរក្សាបវេណីវប្បធម៌ ព្រមទាំងកសាងកុដិ និងដំឡើងផ្លូវគមនាគមន៍សម្រាប់បម្រើជូនមាមីងបងប្អូនអញ្ជើញមកវត្ត ប្រតិបត្តិជំនឿសាសនាក្នុងឱកាសបុណ្យសែនដូនតា។
ព្រះតេជព្រះគុណ ត្រឹនសល ព្រះចៅអធិការវត្ត មុនីរង្សី មានថេរដីកាថា៖ ដោយមានគោលនយោបាយឧបត្ថម្ភជាក់ស្តែងអំពីផ្ទះសម្បែង មុខរបរចិញ្ចឹមជីវិត និងការអប់រំ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អយ៉ាងល្អប្រសើរ។ បញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងគឺជាប្រភពលើកទឹកចិត្តយ៉ាងធំធេង ព្រះតេជព្រះគុណ ត្រឹនសល ប្តេជ្ញាព្រះហឫទ័យថា៖ នឹងបន្តចលនាណែនាំមាមីងបងប្អូនឱ្យគោរពច្បាប់ និងថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ ខ្មែរ។
បុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំនេះ ប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែ តុលា)។ រាល់សកម្មភាពចុះសួរសុខទុក្ខក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៦ បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងចំពោះជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ជាង ៥៤៣.០០០ នាក់ដែលកំពុងរស់នៅក្នុងទីក្រុង កឹនធើ ឆ្លងតាមរយៈនោះ លើកទឹកចិត្តគ្រឹះស្ថានសាសនា និងមាមីងបងប្អូនឱ្យបន្តរក្សាអត្តសញ្ញាណវប្បធម៌ ពង្រីកធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន៕
ផលិត៖ ទ្រុងកៀន
ប្រែសម្រួល៖ រាជិនី