ប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព
ឡាងសឺន គឺជាខេត្តតំបន់ភ្នំ ព្រំដែនដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន មានឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌យ៉ាងសម្បូរបែប។ នេះជាសក្តានុពលដ៏ធំធេងផង ទាមទារជាបន្ទាន់ឱ្យមានការអភិរក្សវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការថែរក្សាសន្តិសុខព្រំដែនផង។
យោងតាមលោកស្រី ហ្វាង ធីហា ប្រធានក្រុមសិល្បៈជនជាតិខេត្តឱ្យដឹងថា៖ សេចក្តីសម្រេចចិត្តលេខ 80-NQ/TW គឺជាមូលដ្ឋាននយោបាយដ៏សំខាន់ដើម្បីឱ្យវប្បធម៌អភិវឌ្ឍឈានឡើងកម្រិតថ្មី លើកកម្ពស់ជីវភាពស្មារតីជូនប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយ។ អង្គភាពនេះកំពុងសកម្មជំរុញការប្រើបច្ចេកវិទ្យាព័ត៌មាននិងបរិវត្តកម្មឌីជីថលដើម្បីផ្សព្វផ្សាយរូបភាពមូលដ្ឋាន។
លោក ណុង ឌឹកកៀន នាយកសារមន្ទីរខេត្តបានឱ្យដឹងថា៖ គម្រោងសាងសង់សារមន្ទីរខេត្ត ៨០០ ពាន់លានដុងកំពុងត្រូវបានដំណើរការ។ សារមន្ទីរជំរុញការទាញយកផលប្រយោជន៍ជាង ៧៦.០០០ មុខដើម្បីផ្តល់នូវបទពិសោធន៍អប់រំគ្រប់ជ្រុងជ្រោយនិងបម្រើដល់ការងារទេសចរណ៍យ៉ាងមានប្រសិទ្ធភាព។ នៅ ជីឡាំង និង ហូយហ្វាន គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់កំពុងផ្តោតលើការអភិរក្សកេរដំណែលជាតិ និងលើកកម្ពស់ទម្រង់សិល្បៈប្រពៃណី។
បង្កើតជាផលិតផលវប្បធម៌ពិសេសដាច់ដោយឡែក
លោកស្រី ឌាន់ ធីហូវ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា៖ ខេត្តបានកំណត់គោលដៅ ១០០% អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងប្រដាប់អាវុធមានគ្រឹះស្ថានវប្បធម៌ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនដំណាក់កាល ២០២៦ - ២០៣០។ ខេត្តបែងចែកថវិកាយ៉ាងតិច ២% ក្នុងការចំណាយថវិកាសរុបប្រចាំឆ្នាំសម្រាប់វិស័យវប្បធម៌។
ឡាងសឺន កំណត់ទិសដៅឧស្សាហកម្មវប្បធម៌រួមចំណែកប្រមាណ ១% នៃ GRDP បង្កើតជាផលិតផលទេសចរណ៍វប្បធម៌ និងសិល្បៈសម្តែងដ៏វិសេសវិសាល។ ខេត្តខិតខំកសាងពាណិជ្ជសញ្ញាពិធីបុណ្យធំៗ ប្រកបដោយជោគជ័យ និងរៀបចំព្រឹត្តិការណ៍ខ្នាតធំដើម្បីទាក់ទាញភ្ញៀវទេសចរ។
ដំណាក់កាល ២០៣០ - ២០៤៥ មូលដ្ឋានបន្តលើកកម្ពស់គុណភាពគ្រឹះស្ថានវប្បធម៌ដោយមានគោលដៅសម្រេច ៩៥% ទីប្រជុំជនសម្រេចបានស្តង់ដារវប្បធម៌។ សេដ្ឋកិច្ចបេតិកភណ្ឌ និងសេដ្ឋកិច្ចរាត្រីនឹងក្លាយជាសសរទ្រូងសំខាន់ ធ្វើឲ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍតំបន់ជាយដែន៕
អត្ថបទនិងរូបថត៖ អាញ់ទន់
ប្រែសម្រួល៖ ចន្ថា