បង លេ ក្វាងដាត (អាយុ ៤១ ឆ្នាំ) នៅភូមិ យ៉ាវឺក ឃុំ បាវី បានដាក់ឈ្មោះហាងកាហ្វេរបស់ខ្លួនថា តាលេវ ផ្សារភ្ជាប់ជាមួយនឹងបទចម្រៀងប្រជាប្រិយពិសេសដាច់ដោយឡែករបស់ជនជាតិ ហ្រេ។ បទចម្រៀងប្រជាប្រិយ តាលេវ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ហេតុដូច្នេះហើយ ការជ្រើសរើសឈ្មោះនេះក៏បានបង្ហាញពីគោលបំណងរបស់បងក្នុងការនាំយកតម្លៃវប្បធម៌មាតុភូមិឱ្យកាន់តែខិតជិតសាធារណជន។
ពីគំនិតផ្តួចផ្តើមនោះ ហាងមិនត្រឹមតែបម្រើតម្រូវការពិសាកាហ្វេប៉ុននោះទេ ថែមទាំងបានក្លាយជាកន្លែងជួបជុំសម្រាប់ប្រជាជន និងភ្ញៀវទេសចរភ្ជាប់ទំនាក់ទំនងតាមរយៈតូរ្យតន្ត្រី ស្វែងយល់លក្ខណៈវប្បធម៌ដ៏ល្អផូរផង់របស់បងប្អូនជនជាតិ ហ្រេ ទៀតផង។
អ្នកស្រី ផាម ធីធូ នៅឃុំ បាវី បង្ហាញក្តីរីករាយនៅពេលឃើញយុវជនជំនាន់ក្រោយស្តាប់បទចម្រៀងប្រជាប្រិយដែលអ្នកស្រីបកស្រាយយ៉ាងយកចិត្តទុកដាក់។ ចំពោះអ្នកបានចំណាយពេលជាច្រើនឆ្នាំក្នុងការអភិរក្សវប្បធម៌របស់ជនជាតិខ្លួន ការទទួលយកបែបនេះគឺជាកម្លាំងចិត្តសម្រាប់អ្នកស្រីផ្ទេរបន្តជូនយុវជនជំនាន់ក្រោយ។ អាស្រ័យហេតុដូច្នេះហើយ លំហផ្លាស់ប្តូរវប្បធម៌ដូចជា តាលេវ មិនត្រឹមតែបង្កើតឱកាសឱ្យសិប្បករសិប្បការិនីបានសម្តែងប៉ុននោះទេ ថែមទាំងរួមចំណែកតភ្ជាប់ចរន្តប្រពៃណីក្នុងការរស់នៅនាសព្វថ្ងៃនេះបន្ថែមទៀតទៀតផង។
លោក ដាំង វ៉ាន់ទិញ ប្រធានការិយាល័យគណៈកម្មាធិការប្រជាជនឃុំ បាវី យល់ឃើញថា ប្រជាជនត្រូវម្ចាស់ការ ក្នុងការរុករកស្វែងយល់ លើកស្ទួយតម្លៃវប្បធម៌ជនជាតិ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍។ តាមលោក គំរូហាងកាហ្វេ តាលេវ គឺជាគំនិតផ្តួចផ្តើមមួយពីការអនុវត្តជាក់ស្តែង រួមចំណែកធ្វើឱ្យគោលដៅទេសចរណ៍កាន់តែសម្បូរបែប បង្កើតបទពិសោធន៍បន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ និងផ្សព្វផ្សាយសម្រស់វប្បធម៌នៅក្នុងមូលដ្ឋាន។
ផ្តើមពីគំនិតអាជីវកម្មមួយភ្ជាប់ជាមួយក្ដីស្រឡាញ់វប្បធម៌ស្រុកកំណើត តាលេវ បានបង្ហាញឲ្យឃើញថា បេតិកភណ្ឌអាចបានថែរក្សាតាមរយៈរបៀបធ្វើយ៉ាងជិតដិត ស្របនឹងចង្វាក់ជីវិតរស់នៅនាសម័យទំនើប។ នៅពេលសហគមន៍ម្ចាស់ការរួបរួមគ្នា សិប្បករសិប្បការិនីបន្តបណ្តុះបណ្តាល និងយុវជនជំនាន់ក្រោយទទួលយកនោះ បទចម្រៀង ហ្រេ នឹងមានលំហបន្លឺឡើងបន្ថែមទៀត មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍នៃព្រៃភ្នំប៉ុននោះទេ ថែមទាំងក្លាយជាប្រភពធនធានដែលរួមចំណែកអភិវឌ្ឍទេសចរណ៍ និងសាយភាយអត្តសញ្ញាណវប្បធម៌ បាវី ទៅកាន់មិត្តភក្តិជិតឆ្ងាយទៀតផង៕
អត្ថបទនិងរូបថត៖ លេ ផឿកង៉ុក
ប្រែសម្រួល៖ អៀងថាន់