ពិធីបុណ្យចូលវស្សាជាធម្មតាប្រារព្ធឡើងក្នុងរយៈពេលពីរថ្ងៃ។ នាថ្ងៃទី ១ ពុទ្ធបរិស័ទនាំយកទៀនវស្សាទាំងគូៗ សំពត់សាដក ប្រេងកាត ចង្ហាន់ បង្អែម ភេសជ្ជៈជាដើម ដើម្បីប្រគេនព្រះសង្ឃនៅឯវត្ត។ បន្ទាប់មក អរតនាព្រះសង្ឃសម្តែងធម៌ចម្រើនព្រះបរិតនិងសម្តែងធម៌ទេសនា ហើយឧទ្ទិសកុសលផលបុណ្យ។
ថ្ងៃទី២ ពុទ្ធបរិស័ទអញ្ជើញទៅកាន់វត្តនិមន្តព្រះសង្ឃបង្សុលឧទ្ទិសកុសលផលបុណ្យដល់ញាតិកាដែលបានចែកឋានទៅហើយ និងសម្តែងព្រះបរិត ជូនពរជ័យដល់ក្រុមគ្រួសារ ភូមិស្រុកប្រកបតែសេចក្តីសុខចម្រើន។

ប្រពៃណីប្រគេនទៀនវស្សាក្នុងឱកាសបុណ្យចូលវស្សាគឺសម្តែងការគោរពបូជាចំពោះព្រះសមា្មសម្ពុទ្ធ។ ពុទ្ធបរិស័ទតែងប្រគេនបច្ច័យ ៤ ព្រមទាំង ធូប ទៀន ផ្កា និងគ្រឿងសក្ការៈផ្សេងៗ ដើម្បីសម្តែងការគោរពបូជា និងទំនុកបំរុងព្រះរតនត្រ័យ។
ព្រះតេជគុណ សឺន ធឿន ព្រះចៅអធិការវត្ត សុធម្មាវត្តីអរីយទេព កំពង់ទ្រព្យ (ភូមិ បឹងទ្រព្យ ឃុំ អាននិញ ទីក្រុង កឹនធើ) សង្ឃដីកាថា៖ "បច្ចុប្បន្ននេះ មានទៀនជាច្រើនប្រភេទនៅលើទីផ្សារមានការរចនានិងទំហំសម្បូរបែបណាស់ ងាយស្រួលដល់ពុទ្ធបរិស័ទជ្រើសរើសក្នុងថ្ងៃចូលវស្សា។ គ្រួសារមានជីវភាពធូរធារ តែងតែជ្រើសរើសយកទៀនវស្សាមានទម្ងន់ពី ៦ គីឡូក្រាមឡើងទៅ។ ចំណែកគ្រួសារខ្វះខាតមិនសូវមានបានក៏ចូលជាបច្ច័យដើម្បីកសាងទៀនវស្សាសង្គមដង្ហែទៅកាន់វត្តប្រគេនព្រះសង្ឃ"។

យោងតាមសង្ឃដីកាព្រះតេជគុណ សឺន ធឿន កាលពីដើមឡើយ ទៀនវស្សាទុកសម្រាប់ប្រគេនព្រះសង្ឃគង់ចាំវស្សាតែងតែធ្វើឡើងពីក្រមួនឃ្មុំសុទ្ធ។ ពុទ្ធបរិស័ទនៅតាមភូមិមកជួបជុំគ្នានៅវត្តដើម្បីចូលរួមចាក់ទៀន (ហៅថាពិធីសិតទៀនវស្សា)។ ក្រមួនឃ្មុំត្រូវបានដុតអោយរលាយរួចហើយចាក់ចូលពុម្ភបង្កើតបានជាទៀនធំៗ ហើយប្រគេនដល់ព្រះសង្ឃក្នុងវត្តសម្រាប់អុជបំភ្លឺទាំងយប់ទាំងថ្ងៃ ក្នុងរយៈពេល ៣ ខែចូលវស្សា។ ភ្លើងទៀនជួយបំភ្លឺព្រះសង្ឃផ្ចង់អារម្មណ៍ សិក្សារៀនសូត្រនិងបដិបត្តិធម៌។


ក្នុងរដូវវស្សា ៣ ខែនេះ ព្រះភិក្ខុសង្ឃមិននិមន្តចាក់ចេញពីទីកន្លែងគង់ចាំវស្សាឬទៅណាកន្លងរាត្រីឡើយ។ ទោះទៅទីណា ឬធ្វើអ្វីក៏ដោយ ត្រូវត្រឡប់មកកន្លែងមុនអរុណរះ ដើម្បីរក្សាសិក្ខាបទ កាន់វិន័យបានជាប់លាប់។
ក្នុងឱកាសនេះ វត្តអារាមខ្មែរទាំងឡាយមានទំនៀមទូងស្គរតាមម៉ោងកំណត់នៅម៉ោង ៥ រសៀល និងម៉ោង ៤ ទៀបភ្លឺ។ ស្គរត្រូវបានបន្លឺឡើងដើម្បីដាស់អ្នកភូមិដឹងពេលទៅធ្វើស្រែចម្ការ និងប្រកបការងារចិញ្ចឹមជីវិតផ្សេងៗ ទន្ទឹមនឹងនោះក៏ជួយព្រះសង្ឃឱ្យដឹងម៉ោងរៀនធម៌វិន័យផង។

លោកស្រី ឡឹម ធីសាវេន នៅភូមិ បឹងទ្រព្យ អា ឃុំ អាននិញ ទីក្រុង កឹនធើ បានចែករំលែកថា៖ "ជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំទិញទៀនវស្សាមួយគូៗ ជាមួយកូនៗ ចៅៗ ដើម្បីយកទៅវត្តប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យដល់ញាតិកាដែលបានស្លាប់ទៅឲ្យឆាប់បានទៅកើតនូវឋានសុខ គាប់គួរឋាននិព្វាន"។


ព្រះភិក្ខុសង្ឃសង្រួមចិត្តអារម្មណ៍សិក្សាពុទ្ធវាចនអស់រយៈកាលចូលវស្សា
ប្រគេនទៀនវស្សាក្នុងពិធីបុណ្យចូលវស្សាមិនត្រឹមតែជាពិធីកិច្ចព្រះពុទ្ធសាសនាបវេណីប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល រួមចំណែកធ្វើអោយសម្បូរបែបបន្ថែមខាងស្មារតីជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរ ណាមបូ៕
ផលិតដោយ៖ សឺន ហេង/កាសែតពត៌មាននិងជនជាតិ