នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។
សិស្សសាលាជនជាតិ ជឹត តែងតែទទួលបានការយកចិត្តទុកដាក់ ទូន្មានប្រៀនប្រដៅយ៉ាងដិតដល់របស់លោកគ្រូអ្នកគ្រូ។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
បច្ចុប្បន្នភូមិ រ៉ាវត្រែ មានចំនួន ៤៦ ក្រុមគ្រួសារដោយមានជនជាតិ ជឹត រស់នៅជាង ១៥០ នាក់។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
អ្នកគ្រូ ឌិញ ធីហាយអាញ ណែនាំកូនសិស្សជនជាតិ ជឹត សរសេរអក្សរ។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
ចំពោះជនជាតិ ជឹត ប្រការដែលកូនក្មួយចេះអាន ចេះសរសេរ មានជំនឿចិត្តទៅសាលារៀនគឺជាការផ្លាស់ប្តូរដ៏ធំបំផុតក្នុងជីវិតនាពេលបច្ចុប្បន្ននេះ។ លោកស្រី ហូ ធីកៀន ប្រធានភូមិ រ៉ាវត្រែ បានឱ្យដឹងថា៖ “កាលពីមុន យើងខ្ញុំទៅរៀនលំបាកវេទនាណាស់ ជួនកាលបោះបង់ចោលពាក់កណ្តាលការ។ ឥឡូវក្មួយៗ បានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ ត្រូវបានកងទ័ពជូនទៅនាំមក បានបរិភោគអាហារតាមរបបបង្រៀននិងរៀនពេញមួយថ្ងៃ។ មាមីងបងប្អូនសោមនស្សរីករាយណាស់”។
ម៉ោងសិក្សានៅសាលាបឋមសិក្សា ហឿងលៀន ខេត្ត ហាទិញ។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
សិស្សសាលាជនជាតិ ជឹត តែងតែទទួលបានការយកចិត្តទុកដាក់ ទូន្មានប្រៀនប្រដៅយ៉ាងដិតដល់របស់គ្រូបង្រៀន។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
ដោយសារការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ សិស្សសាលាជនជាតិ ជឹត កាន់តែជឿជាក់លើខ្លួនឯងក្លៀវក្លាថែមទៀតហើយក្នុងម៉ោងសិក្សានីមួយៗ។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
យោងតាមលោកស្រី កៀន ភូមិទាំងមូលសុទ្ធតែចាត់ទុកការសិក្សារៀនសូត្រគឺជាផ្លូវតែមួយគត់ដើម្បីកូនក្មេងផ្លាស់ប្តូរជីវិត។ ជារៀងរាល់ព្រឹក ឃើញក្មួយៗ ស្លៀកពាក់ឯកសណ្ឋាន ស្ពាយសម្ពៀតទៅកាន់សាលារៀន មនុស្សធំសុទ្ធតែជឿថាអនាគតនៃភូមិ រ៉ាវត្រែ នឹងមុខជាខុសពីប្រក្រតី។ “លោកគ្រូ អ្នកគ្រូនិងកងទ័ពស្រលាញ់ក្មួយៗ ដូចកូន។ មាមីងបងប្អូនពិតជាដឹងគុណណាស់ហើយនឹងព្យាយាមសហការដើម្បីឲ្យក្មួយៗ ទៅរៀនទៀងទាត់ ចេះអក្សរដើម្បីនាពេលខាងមុខនេះត្រលប់មកកសាងភូមិនិគមវិញ” លោកស្រី កៀនបរិយាយដូច្នេះ។
លទ្ធផលសិក្សារៀនសូត្ររបស់សិស្សសាលាជនជាតិ ជឹត កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
កងកម្លាំងការពារព្រំដែនតែងតែរួមដំណើរជាមួយកូនក្មួយជនជាតិ ជឹត នៅក្នុងដំណើរក្រេបយកចំណេះដឹងតួអក្សរ។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
ការផ្លាស់ប្តូរទាំងនោះគឺជាសក្ខីភាពសម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កងជួរគ្រូបង្រៀននិងយុទ្ធជននៅទីនេះ។ នៅភូមិ រ៉ាវត្រែ តួអក្សរមិនត្រឹមតែជាចំណេះដឹងប៉ុននោះទេថែមទាំងជាក្តីសង្ឃឹមដើម្បីក្មេងៗ ជនជាតិ ជឹត ជំនាន់ក្រោយមានអនាគតធំទូលាយថែមទៀត។ ក្នុងដំណើរនោះ មេរៀននីមួយៗ ជំហាននីមួយៗ ទៅកាន់ថ្នាក់រៀនរបស់ប្អូនៗ សុទ្ធតែមានអត្ថន័យពិសេសយ៉ាងខ្លាំងចំពោះសហគមន៍មួយដែលមានចំនួនមនុស្សដ៏តិចតូចដែលកំពុងខិតខំឈោងឈានឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅកណ្តាលជួរភ្នំ យ៉ាំងម៉ាន៕
អត្ថបទ៖ ហ៊ឺវក្វៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ