យោងតាមសេចក្តីសម្រេចចិត្ត មុខសញ្ញាទទួលផលគឺជាបុគ្គលក្នុងចំណោមបងប្អូនជនជាតិភាគតិចដែលជាក្រុមគ្រួសារក្រីក្រ ឬជិតបន្ទាត់នៃភាពក្រីក្រកំពុងរស់នៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដែលគ្មាន លែងមាន ឬខ្វះដីលំនៅឋាន ដីផលិតកម្ម សហគមន៍ប្រជានិវេសន៍ជាបងប្អូនជនជាតិភាគតិចត្រូវការដីសម្រាប់ប្រជុំជីវភាពសហគមន៍។
ចំពោះដីលំនៅឋាន ក្នុងករណីដែលមិនមាន លែងមាន ឬខ្វះដីលំនៅឋានបើប្រៀបធៀបនឹងកម្រិតកំណត់ដីលំនៅឋានដែលប្រគល់ឲ្យ រដ្ឋនឹងបែងចែកដីលំនៅឋានតាមកម្រិតកំណត់ដែលគណៈកម្មាធិការប្រជាជនខេត្តបានកំណត់ ឬផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដីពីប្រភេទដីផ្សេងកំពុងប្រើប្រាស់ស្របច្បាប់ទៅជាដីលំនៅឋានវិញ។ ការប្រគល់ឲ្យ ឬផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដីនឹងត្រូវបានអនុវត្តតាមគោលនយោបាយលើកលែង កាត់បន្ថយថ្លៃប្រើប្រាស់ដីតាមសេចក្តីកំណត់របស់ច្បាប់។
ចំពោះដីផលិតកម្ម ក្រុមគ្រួសារបងប្អូនជនជាតិភាគតិចដែលមិនមាន លែងមាន ឬមានផ្ទៃដីកសិកម្មកំពុងប្រើប្រាស់តិចជាង ៥០% នៃកម្រិតកំណត់ប្រគល់ដីកសិកម្មក្នុងមូលដ្ឋាននឹងត្រូវបានពិចារណាប្រគល់ដីកសិកម្មបន្តទៀតនៅក្នុងកម្រិតកំណត់ ហើយមិនបាច់បង់លុយប្រើប្រាស់ដី។
ក្នុងករណីមូលដ្ឋានលែងមានធនធានដីកសិកម្មសម្រាប់ប្រគល់ឲ្យ មូលដ្ឋានផ្តល់អាទិភាពប្រគល់ដីកសិកម្មដែលគ្រប់គ្រងដោយរដ្ឋ ឬដីដែលមានប្រភពពីរុក្ខដ្ឋាន ក្រុមហ៊ុនរុក្ខកម្ម។ ប្រសិនបើមិនអាចបែងចែកដីកសិកម្មបាន ប៉ុន្តែប្រជាជនមានតម្រូវការសម្រាប់ផលិតកម្ម ធ្វើអាជីវកម្ម គឺត្រូវបានពិចារណាសម្រាប់ការជួលដីមិនមែនជាដីកសិកម្ម និងបានទទួលផលពីគោលនយោបាយលើកលែង កាត់បន្ថយថ្លៃជួលដីតាមសេចក្តីកំណត់។
ចំណុចគួរឱ្យកត់សម្គាល់មួយនៃសេចក្តីសម្រេចចិត្តគឺកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានក្នុងការធានាធនធានដីសម្រាប់បម្រើការប្រជុំជីវភាពសហគមន៍ជូនបងប្អូនជនជាតិភាគតិច។ តាមរយៈនោះ គណៈកម្មាធិការប្រជាជនឃុំមានការទទួលខុសត្រូវក្នុងការបែងចែកធនធានដីសម្រាប់ប្រជុំជីវភាពសហគមន៍ដោយមានផ្ទៃដីពី ២០០ ម៉ែត្រការ៉េឡើងទៅ និងបរិវេណកីឡាដែលមានទំហំពី ៥០០ ម៉ែត្រការ៉េឡើងទៅ ស្របតាមទំនៀម ទម្លាប់ ជំនឿ អត្តសញ្ញាណវប្បធម៌ និងស្ថានភាពជាក់ស្តែងនៃភូមិសាស្រ្តនីមួយៗ។
យោងតាមគណៈកម្មាធិការជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ ខេត្តទាំងមូលមានប្រជាជនជាង ៣,៥៥ លាននាក់ ក្នុងនោះជាង ៨៣១,០០០ នាក់ជាបងប្អូនជនជាតិ ភាគតិច (ប្រហែល ២៣,៤% នៃចំនួនប្រជាជនសរុបរបស់ខេត្ត)។ បងប្អូនជនជាតិភាគតិចរស់នៅប្រមូលផ្តុំនៅក្នុងភូមិនិគមជាច្រើន និងពង្រាយនៅតាមតំបន់ភ្នំ តំបន់លំបាកខ្លាំង និងតំបន់ព្រំដែន។
ក្រៅពីឧបត្ថម្ភដីធ្លី មូលដ្ឋាននានាថែមទាំងគួបផ្សំកម្មវិធីបង្កើតការងាររកស៊ីចិញ្ចឹមជីវិត ជូនប្រជាជនទៀតផង។ ជាក់ស្តែងដូចជាឃុំ វិញធិញ បានជួយឧបត្ថម្ភការផ្លាស់ប្តូរវិជ្ជាជីវៈជូន ៣៥ គ្រួសារ និងសហការប្រគល់ម៉ៅការការពារព្រៃឈើទៅ ៤៥៣ ក្រុមគ្រួសារក្នុងល័ក្ខខ័ណ្ឌធនធានដីផលិតកម្មនៅមានកំណត់។
ការអនុម័តសេចក្តីសម្រេចចិត្តថ្មីរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ ត្រូវបានគេរំពឹងថានឹងបង្កើតមូលដ្ឋានច្បាប់យ៉ាងស៊ីចង្វាក់គ្នាសម្រាប់អនុវត្តន៍គោលនយោបាយឧបត្ថម្ភដីធ្លីនៅបរិវេណខេត្តទាំងមូលក្រោយពីការរួមបញ្ចូលគ្នា ជួយបងប្អូនជនជាតិភាគតិចមានល័ក្ខខ័ណ្ឌលំនឹងជីវភាព អភិវឌ្ឍផលិតកម្ម អភិរក្សលម្ហវប្បធម៌សហគមន៍។ តាមរយៈនោះ សេចក្តីសម្រេចចិត្តរួមចំណែកធានាសុខុមាលភាពសង្គម រក្សារឹងមាំស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៅក្នុងភូមិសាស្រ្តតំបន់បងប្អូនជនជាតិភាគតិច៕
អត្ថបទ៖ ហុងឌៀប
ប្រែសម្រួល៖ ចន្ថា