
ពិតជាត្រូវដូចឈ្មោះដែលហៅ កម្មវិធីគោចរស្រាវជ្រាវរាវរករាត្រី ដាឡាត ចេញដំណើរពីស្ថានីយ៍ ដាឡាត - ស្ថានីយ៍រថភ្លើងបុរាណដ៏ស្រស់ស្អាតបំផុតនៅ ឥណ្ឌូចិន នៅលើរថភ្លើងបុរាណធ្វើដំណើរ ភ្ញៀវទេសចរមានឱកាសគយគន់ស្បៃរាត្រីផ្លេកៗ ដ៏ស្រពេចស្រពិលនៃស្រុកទេសបន្លែ ផ្កា ដាឡាត។

ជាពិសេស ភ្ញៀវទេសចរក៏បានលង់អារម្មណ៍ក្នុងបទភ្លេងដ៏ពិរោះរណ្តំសម្ដែងដោយសិល្បករលេងចាប៉ីហ្គីតា វីយូឡុងឬត្រែសាកូហ្វូនសម្តែងដោយផ្ទាល់ទៀតផង។ មកដល់ស្ថានីយ៍ ត្រាយម៉ាត ភ្ញៀវទេសចរបន្ត "កម្មវិធីគោចរ ៥S" ស្រាវជ្រាវរាវរក ដាឡាត តាមរបៀបមួយយ៉ាងដ៏វិសេសអស្ចារ្យបំផុត។ នោះគឺលង់អារម្មណ៍ជាមួយនឹងទិដ្ឋភាព ៣៦០ ដឺក្រេគន់មើលជ្រលងភ្នំអំពូលភ្លើងពីលើលម្ហអាកាស លង់អារម្មណ៍ជាមួយនឹងផ្ទាំងរូបភាពដ៏ស្រស់ស្អាត ដោយមានខ្យល់អាកាសត្រជាក់ល្ហៀកៗ មុខអាហារទាំងឡាយដ៏វិសេសអស្ចារ្យ បណ្តាបទចម្រៀងមនោសញ្ចេតនាអណ្តែតអណ្តូង។

គោលដៅទេសចរណ៍ទីពីរនៃកម្មវិធីគោចរគឺភូមិ លាវ - ឈ្មោះដ៏សាមញ្ញគួរសមប៉ុន្តែជាកន្លែងបង្កប់ចំណុចពិសេសជាច្រើនធ្វើឱ្យនរណាក៏ត្រូវតែលង់អារម្មណ៍។ ដោយមានរយៈកម្ពស់ដ៏ល្អឥតខ្ចោះរួមជាមួយនឹងបណ្ដុំហាងកាហ្វេជាច្រើនមានទស្សនីយភាពអណ្តែតអណ្តូង ភូមិ លាវ គឺជាកន្លែង "ប្រមាញ់" ព្រះសុរិយាអស្តង្គតដ៏ស្រស់ស្អាតថ្នាក់លេខមួយ ដាឡាត។

ក្រោយអំឡុងពេលរីករាយជាមួយនឹងភោជនាហារ តូរ្យតន្ត្រី គន់មើលទេសភាពពេលរាត្រីដ៏ស្រស់បំព្រង ភ្ញៀវទេសចរនឹងវិលត្រលប់ទៅមជ្ឈមណ្ឌលទីក្រុង ដាឡាត វិញដោយរថយន្តអគ្គិសនី គយគន់ដែនដីនៅលើពពកសម្លឹងមើលពីច្រើនមុំផ្សេងៗ គ្នាដោយស្រេចតែចិត្ត៕
អត្ថបទ៖ ង្វៀនយុង រូបថត៖ ហ្វាងហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ