ឃុំ ង៉ុកចៀន ជាដែនដីសម្បូរអត្តសញ្ញាណដោយមាន ១០០% នៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ម៉ុង ថៃ ឡាហា។ អញ្ជើញមកទីនេះ ភ្ញៀវទេសចរចាប់អារម្មណ៍នឹងល្វែងផ្ទះឈើ ពើមូ ទល់រតចាស់ព្រេងព្រឹទ្ធ ជញ្ជាំងថ្មស្លែកាន់ជុំជិតនិងទំនៀមទម្លាប់ដ៏យូរលង់ណាស់មកហើយ។ ភូមិនិគមដូចជា ផៃ ដុងសួង កែ ជាដើមទាក់ទាញភ្ញៀវទេសចរដោយមានផ្លូវថ្ម ស្លឹកម៉េផលក្រហម ជ្រោះត្រីកយ ផ្លូវក្រឡ ឬលម្ហវប្បធម៌ លៅសា ដិតដោយស្លាកស្នាមអន្តោគ្រាម។
ដំណាក់កាលមុននិងក្រោយបុណ្យចូលឆ្នាំរៀងរាល់ឆ្នាំ ឃុំ ង៉ុកចៀន ប្រែខ្លួនវិវឌ្ឍក្លាយទៅជា "ជ្រលងផ្កា" ស្រស់ឆើតឆាយដោយមានផ្កាជើងគោ ផ្កាម៉ាក់ខៃ។ លេចធ្លោជាងគេបំផុតគឺភូមិ ណឹមងៀប នៅរយៈកម្ពស់ ២.៥០០ ម៉ែត្រ កន្លែងមានព្រៃហ័ថន (Hawthorn) ធំល្វឹងល្វើយ។ នានិទាឃរដូវ ផ្កាហ័ថនរីកសស្គុសពេញព្រៃភ្នំគ្របដណ្តប់លើផ្លូវដើរនិងរានហាលសក្បុសមួយពណ៌ដ៏អន្ទងចិត្ត។
ភ្ញៀវទេសចរអញ្ជើញមកដល់ទីនេះក៏អាចឆ្លងកាត់បទពិសោធដំណើរជម្នះកំពូលភ្នំ តាតាវ គន់មើលសម្រស់ផ្ការ៉ូដូដេនដ្រូន និងរុករកស្វែងយល់ព្រៃស្លែឈើចំណាស់។ ផ្ទាំងគំនូរសម័យបុព្វកាលរបស់ឃុំ ង៉ុកចៀន ត្រូវបានធ្វើឱ្យសុក្រឹតដោយព្រៃតែដ៏ចំណាស់ៗ កូនភ្នំស្រល់ធម្មជាតិ ប្រព័ន្ធល្បាក់ទឹកធ្លាក់ច្រើនជាន់ (ពូយ៉ាញ់ បាំងឡុង ជាដើម) និង "បឹងគជ់" វារីអគ្គិសនី ណឹមចៀន ខៀវស្រងាត់។
មិនត្រឹមតែលង់ចិត្តនឹងសម្រស់ទេសភាពនិងភាពស្និទ្ធស្នាលរបស់ប្រជាជនប៉ុននោះទេ ភ្ញៀវទេសចរក៏បានភ្លក្សរសជាតិម្ហូបអាហារព្រៃភ្នំពិសេសដាច់ដោយឡែកដូចជាបាយដំណើប តាន ឬសាច់ជ្រូកព្យួរលើធ្នើចង្ក្រាន។ ឃុំ ង៉ុកចៀន បានក្លាយទៅជាគោលដៅទេសចរណ៍អេកូឡូស៊ីវប្បធម៌ពេញលេញ និងទាក់ទាញចំពោះភ្ញៀវទេសចរជាច្រើនយ៉ាងពិតប្រាកដ៕
អត្ថបទនិងរូបថត៖ ត្រុងដាត
ប្រែសម្រួល៖ ចន្ទ រាជិនី