តាមរយៈផលិតផលប្រព័ន្ធផ្សព្វផ្សាយឌីជីថល ផែនទីទេសចរណ៍ឆ្លាតវៃ បណ្តាញសង្គម និងវេទិការកក់តាមប្រព័ន្ធអនឡាញ គោលដៅទេសចរណ៍សហគមន៍ រមណីយដ្ឋាន និងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិបានផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព។ អាស្រ័យដូច្នេះ ចំនួនភ្ញៀវទេសចរទៅកាន់ឃុំតំបន់ភ្នំកើនឡើង។ ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ ខេត្ត ភូ ថ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១០,៥ លានលើកនាក់ ដោយឡែកបណ្តាឃុំតំបន់ភ្នំកត់ត្រាកំណើនវិជ្ជមាន។ ប្រការនេះបង្ហាញឱ្យឃើញប្រសិទ្ធភាពនៃការប្រើបច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍។
បរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាផ្តើមចេញពីមូលដ្ឋាន
ដោយគ្រាន់តែចុចនៅលើទូរស័ព្ទឆ្លាតវៃ ភ្ញៀវទេសចរស្វែងរកព័ត៌មានអំពីគោលដៅទេសចរណ៍បានយ៉ាងងាយស្រួល ចាប់ពីតំបន់ទេសចរណ៍ល្បីៗ រហូតដល់ផ្ទះស្នាក់នៅដែលមានទីតាំងនៅចំកណ្តាលព្រៃភ្នំនៃតំបន់ភ្នំខេត្ត ភូ ថ។ វេទិការឌីជីថលជួយអ្នកប្រើប្រាស់ឆែកមើលរូបភាព អានការវាយតម្លៃ កំណត់ទីតាំងផ្លូវធ្វើដំណើរ កក់បន្ទប់ សេវាកម្ម និងទាក់ទងជាមួយម្ចាស់កន្លែងស្នាក់នៅដោយផ្ទាល់។ ការប្រើបច្ចេកវិទ្យាឌីជីថលមិនត្រឹមតែបន្ថយពេលវេលា កាត់បន្ថយការចំណាយប៉ុននោះទេ ថែមទាំងនាំមកភាពម្ចាស់ការក្នុងការរៀបចំកាលវិភាគ ជាពិសេសនៅពេលមកស្រាវជ្រាវរាវរកភូមិនិគមតំបន់ភ្នំ។
នៅឃុំ ប៉ា ក លោក យ៉ាង អាឡា (យុវជនជនជាតិ ម៉ុង ម្នាក់) គឺជាគំរូតួយ៉ាងក្នុងការប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់អភិវឌ្ឍទេសចរណ៍សហគមន៍។ អស់រយៈពេលជាច្រើនឆ្នាំ លោក អាឡា សកម្មផ្សព្វផ្សាយរូបភាពនៅស្រុកកំណើតតាមរយៈវេទិការបណ្តាញសង្គម កសាងពាណិជ្ជសញ្ញា A La Homestay បន្តិចម្តងៗ និងនាំយករូបភាពរបស់ ប៉ា ក មកកាន់តែជិតភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេស។
ដោយមើលឃើញថាបណ្តាញសង្គមគឺជាបណ្តាញផ្សព្វផ្សាយមានប្រសិទ្ធភាព លោកក្លៀវក្លាវិនិយោគទូរស័ព្ទឆ្លាតវៃ ម៉ាស៊ីនថតរូប និងសម្ភារៈចាប់រូបភាព បង្ហោះរូបភាពអំពីទេសភាពធម្មជាតិ ការរស់នៅ វប្បធម៌ប្រពៃណី រួមជាមួយនឹងសកម្មភាពពិសោធន៍ពិសេសៗ របស់បងប្អូនជនជាតិ ម៉ុង ជាប្រចាំ។ អាស្រ័យដោយមានវិធីសាស្រ្តមានរបៀប A La Homestay ត្រូវបានភ្ញៀវទេសចរដឹងស្គាល់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានភ្ញៀវទេសចរមធ្យមចាប់ពី ២០ ទៅ ៣០ លើកនាក់រៀងរាល់ខែ នាំមកប្រាក់ចំណូលពី ៣០ ទៅ ៤០ លានដុង។
យោងតាមលោក យ៉ាង អាឡា បរិវត្តកម្មឌីជីថលមិនត្រឹមតែជាឧបករណ៍ផ្សព្វផ្សាយប៉ុននោះទេ ថែមទាំងជាវិធានការភ្ជាប់សហគមន៍ទៀតផង។ ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួន លោកបានសកម្មណែនាំ ជួយឧបត្ថម្ភជាច្រើនយុវជនក្នុងស្រុកខិតចូលជិតបច្ចេកវិទ្យា កសាងក្រុមផ្តើមអាជីព លើកទឹកចិត្តយុវជនវ័យក្មេងឱ្យក្លៀវក្លាអភិវឌ្ឍទេសចរណ៍ក្នុងស្រុកកំណើតផ្ទាល់តែម្តង។ ឆ្លងតាមរយៈនោះ បង្កើតជារូបរាងបណ្តាញក្រុមគ្រួសារប្រជាជនចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ពីមួយជំហានទៅមួយជំហាន រួមចំណែកបង្កើនប្រាក់ចំណូល និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
យោងតាមលោក ង្វៀន យុយទឺ លេខាគណៈកម្មាធិការបក្សឃុំ វ៉ឹនសឺន ឱ្យដឹងថា លោកបានបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយលើវេទិការឌីជីថល ផលិតវីដេអូខ្លីៗ ឧទ្ទេសនាមអំពីទេសភាព វប្បធម៌ ម្ហូបអាហារ និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានដោយផ្ទាល់។ ផលិតផលប្រព័ន្ធផ្សព្វផ្សាយបានវិនិយោគយ៉ាងហ្មត់ចត់ជះឥទ្ធិពលយ៉ាងវិជ្ជមាន។ វីដេអូដំបូងឧទ្ទេសនាមអំពី វ៉ឹនសឺន ទាក់ទាញអ្នកទស្សនាជាង ១ លានលើកក្នុងរយៈពេលត្រឹមតែមួយថ្ងៃក្រោយពីបានបង្ហោះ រួមចំណែកទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់អញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធក្នុងសប្តាហ៍ដំបូង។ ក្រោយរយៈពេលត្រឹមតែមួយខែប៉ុននោះ មានថែម ៥ ក្រុមគ្រួសារទៀតចុះឈ្មោះអភិវឌ្ឍគំរូ homestay បើកទិសដៅថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍នៅក្នុងមូលដ្ឋាន។
រហូតមកដល់បច្ចុប្បន្ន ជាច្រើនមូលដ្ឋាននៅតំបន់ភ្នំដូចជា ដាបាក់ ម៉ាយចូវ គីមបូយ តឹនម៉ាយ គ្វីឌឹក តៀនផុង ។ល។ ក៏កំពុងជំរុញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងសកម្មក្នុងការផ្សព្វផ្សាយទេសចរណ៍ផងដែរ។ តាមរយៈបណ្តាញសង្គម ផែនទីឌីជីថល វេទិការឌីជីថលកក់សេវាកម្ម និងផលិតផលប្រព័ន្ធផ្សព្វផ្សាយអនឡាញ រូបភាពគោលដៅទេសចរណ៍ត្រូវបានរីកសាយភាយ ទាក់ទាញភ្ញៀវទេសចរជាច្រើនមកកាន់មូលដ្ឋាន។
បច្ចេកវិទ្យាឌីជីថល - ជំហានលោតផ្លោះរំលងនៃផ្នែកទេសចរណ៍
ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ ខេត្ត ភូ ថ ប៉ាន់ប្រមាណថាទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១០,៥ លានលើកនាក់ ប្រាក់ចំណូលទេសចរណ៍សរុបលើស ១០.៧៧៥ ពាន់លានដុង។ ក្រៅពីការបន្តផ្សព្វផ្សាយគោលដៅសំខាន់ៗ (ដូចជាតំបន់ប្រវត្តិសាស្ត្រប្រាសាទ ហ៊ុង តាមដាវ - តីធៀន និងបឹង ហ្វាប៊ិញ) ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ខេត្តកំពុងពន្លឿនបរិវត្តកម្មឌីជីថល ប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញផ្សព្វផ្សាយ ការពង្រីកទីផ្សារ និងការកែលម្អគុណភាពបទពិសោធជូនភ្ញៀវទេសចរ។
ការប្រើប្រាស់វេទិការឌីជីថលប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែរួមចំណែកនាំរូបភាពតំបន់ភ្នំមកកាន់តែជិតនឹងភ្ញៀវទេសចរប៉ុននោះទេ ថែមទាំងបង្កើតកម្លាំងចលករអភិវឌ្ឍទេសចរណ៍សហគមន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាពទៀតផង។
យោងតាមលោក ដាំង ទន់ហ៊ុង ប្រធានការិយាល័យគ្រប់គ្រងទេសចរណ៍ (មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ភូ ថ) វេទិការឌីជីថលដូចជា Facebook TikTok YouTube កំពុងក្លាយជាប្រព័ន្ធផ្សព្វផ្សាយមានប្រសិទ្ធភាព រួមចំណែកនាំរូបភាពទេសចរណ៍តំបន់ភ្នំសាយភាយកាន់តែខ្លាំងក្លាទៅកាន់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេស។ វីដេអូជាច្រើនបានផលិតយ៉ាងហ្មត់ចត់អំពីខ្លឹមសារ រូបភាព និងរបៀបបង្ហាញបានទាក់ទាញការចូលមើលដល់រាប់លានដង បង្កើតឥទ្ធិពលយ៉ាងវិជ្ជមានលើអ៊ីនធឺណិត។ តាមរយៈនោះ គោលដៅទេសចរណ៍ជាច្រើនពីមុនមិនសូវមានអ្នកស្គាល់កំពុងក្លាយជាជម្រើសសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការស្រាវជ្រាវរាវរក និងឆ្លងកាត់ពិសោធ។
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមិនត្រឹមតែរួមចំណែកបង្កើនចំនួនភ្ញៀវទេសចរមកកាន់បណ្តាឃុំតំបន់ភ្នំប៉ុននោះទេ ថែមទាំងបើកឱកាសផ្សព្វផ្សាយកសិផល ផលិតផល OCOP សិប្បកម្មប្រពៃណី និងវប្បធម៌ក្នុងស្រុកទៀតផង។ នៅពេលចំនួនភ្ញៀវទេសចរកើនឡើង សេវាកម្មដូចជា កន្លែងស្នាក់នៅ អាហារហូបចុក ការដឹកជញ្ជូន មគ្គទេសក៍ទេសចរណ៍ ការសម្តែងវប្បធម៌ និងការលក់ផលិតផលពិសេសប្រចាំតំបន់ក៏មានឱកាសអភិវឌ្ឍបង្កើតការងារធ្វើបន្ថែម និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ស្របពេលនោះ ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពក្នុងបរិស្ថានឌីជីថលក៏រួមចំណែកកសាងពាណិជ្ជសញ្ញាមូលដ្ឋាន ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ផងដែរ។
ដើម្បីបន្តពង្រីកប្រសិទ្ធភាពបរិវត្តកម្មឌីជីថល ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ ខេត្ត ភូ ថ នឹងអនុវត្តវិធានការជាច្រើនសំដៅកែលម្អសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កត្តាគន្លឹះធ្វើអាជីវកម្មទេសចរណ៍ ជាពិសេសនៅបណ្តាឃុំតំបន់ភ្នំ។ ផ្តោតសំខាន់លើការរៀបចំកម្មវិធីហ្វឹកហ្វឺន បំប៉នបំណិនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជូនប្រជាជន ក្រុមគ្រួសារធ្វើអាជីវកម្ម សហករណ៍ និងសហគ្រាសធ្វើសកម្មភាពក្នុងវិស័យទេសចរណ៍៕
អត្ថបទ៖ ថាញ់ហាយ
រូបថត៖ ត្រុងដាត
ប្រែសម្រួល៖ អៀងថាន់