ពិធីកិច្ចសំខាន់ក្នុងប្រពៃណីព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ
ថ្ងៃទី ១ ខែ វិច្ឆិកា ពុទ្ធបរិស័ទជាង ៥០០ នាក់បានមូលមីរគ្នានៅវត្ត ពោធិវង្ស (ទីក្រុង ហូ ជីមិញ) ដើម្បីប្រារព្ធពិធីបុណ្យកថិន ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្រោយពីគង់ចាំព្រះវស្សារយៈពេល ៣ ខែ។
យោងតាមព្រះតេជព្រះគុណ យ៉ាញ់ឡៃ៖ ពិធីបុណ្យជួយឱ្យពុទ្ធបរិស័ទលះបង់នូវសេចក្តីលោភលន់ លើកកម្ពស់ការទទួលខុសត្រូវ រក្សាសីល និងរឹតបន្តឹងទំនាក់ទំនងជាមួយព្រះសង្ឃ។
ព្រះតេជព្រះគុណ យឿង ហ្វាងថាយ កំពុងគង់ចាំព្រះវស្សានៅទីក្រុង កឹនធើ និមន្តចូលរួមក្នុងពិធីបុណ្យនេះមានសង្ឃដីកាថា៖ ព្រះភិក្ខុទាំងឡាយដែលគង់ចាំព្រះវស្សាត្រឹមត្រូវតាមវិន័យនឹងបានគ្រងកឋិន ទទួលបានអានិសង្ឃក្នុងការប្រជុំជីវភាព។ ការថែរក្សាពិធីកិច្ចជួយឱ្យក្មេងៗ ជំនាន់ក្រោយយល់ច្បាស់ព្រះធម៌ ទោះបីជាវត្តនីមួយៗ រៀបចំបានត្រឹមតែមួយដងក្នុងមួយឆ្នាំតែប៉ុននោះ គឺចាប់ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក។
ពិធីកិច្ចគឺជាលំហនៃការភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រយ៉ាងស៊ីជម្រៅ បញ្ជាក់ពីតម្លៃវប្បធម៌ និងស្មារតីទំនុកបម្រុងព្រះរតនត្រ័យយ៉ាងរឹងមាំរបស់បងប្អូនជនជាតិ ខ្មែរ។
បងប្អូនជនជាតិ ខ្មែរ កសាងសុទ្ធចិត្តតាមរយៈទេយ្យវត្ថុនីមួយៗ
បងស្រី ថាច់ ធីត្រានី (ស្រុកកំណើតនៅទីក្រុង កឹនធើ សព្វថ្ងៃកំពុងធ្វើការនៅទីក្រុង ហូ ជីមិញ) ចែករំលែកថា៖ ការរៀបចំត្រៃចីពរ ផ្លែឈើផ្កាភ្ញីថ្វាយប្រគេនដោយចិត្តស្មោះសរដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តានដែលចែកឋានហើយ។ បង ថាច់ អែម (ស្រុកកំណើតនៅទីក្រុង កឹនធើ) ក៏ឆ្លៀតឱកាសថ្ងៃឈប់សម្រាកដើម្បីចូលរួមពិធីបុណ្យនេះដែរក្នុងគោលបំណងបំពេញទានបារមី និងចែករំលែកបុណ្យកុសលដល់សាច់ញាតិ។
តំណាងព្រះសង្ឃបានមានសង្ឃដីកាថា ការធ្វើទានត្រូវតែមានបុញ្ញក្ខេត្ត ទេយ្យទាន ចិត្តជ្រះថ្លា ក្នុងនោះទឹកចិត្តជ្រះថ្លាបរិសុទ្ធរបស់អ្នកប្រគេនគឺសំខាន់បំផុត។ ការបំពេញបុណ្យកុសលមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែគឺដើម្បីដឹកនាំពុទ្ធបរិស័ទឱ្យហ្វឹកហាត់ចិត្តសប្បុរស និងចិញ្ចឹមបីបាច់បុគ្គលិកលក្ខណៈសីលធម៌ក្នុងការរស់នៅ។
តាមរយៈទេយ្យវត្ថុនីមួយៗ បងប្អូនជនជាតិ ខ្មែរ ដែលនៅឆ្ងាយស្រុកកំណើតនៅតែបន្តថែរក្សាអត្តសញ្ញាណជាតិ រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីនៅកណ្តាលទីក្រុង៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ អៀងថាន់