រដូវផ្កាព្រូនលើខ្ពង់រាប ម៉ុកចូវ តែងតែចាប់ផ្តើមនៅ ពាក់កណ្តាលខែ មករា ហើយអូសបន្លាយរហូតដល់ដាច់ខែ កុម្ភៈ អាស្រ័យទៅតាមលក្ខខណ្ឌធាតុអាកាស ឆ្នាំនីមួយៗ។ នេះគឺជារយៈពេលខ្ពង់រាប ម៉ុកចូវ សកសំណកទាំងស្រុង ផ្តើមពីដែនដីបៃតងរលោងមួយនៃតែនិងវាលស្មៅស្រាប់តែប្រែក្លាយទៅជាឋានសួគ៌សស្គុសនៃផ្កាព្រូន។



ផ្កាព្រូនមិនស្រស់ឆើតឆាយដូចផ្កាម៉ាក់ខៃ មិនល្អឆើតដូចផ្កាអង្គាសីល ប៉ុន្តែមានសម្រស់ដ៏ស្រស់បំព្រង សាមញ្ញនិងទន់ភ្លន់។ ផ្កាទាំងឡាយតូចច្រឡឹង ត្របកពណ៌សស្តួចស្តើង កេសផ្កាលឿងទុំ ក្រងជាភួងៗ ក្រាសឃ្មឹកលើមែកព្រូន បង្កើតបានជាទិដ្ឋភាពរ៉ូម៉ង់តិចពោរពេញ ដោយលក្ខណៈកំណាព្យ។ នៅពេលកម្តៅថ្ងៃនិទាឃរដូវចែងចាំងមកព្រៃផ្កាទាំងមូលភ្លឺធ្លោឡើង រុងរឿងខ្លាំងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចជាកំពុងវង្វេងចូលក្នុងទីឋានទេវតាមួយ។


អញ្ជើញមកកាន់ខ្ពង់រាប ម៉ុកចូវ ភ្ញៀវទេសចរមានទីតាំង ជាច្រើនដើម្បី ស្វែងយល់សម្រស់នៃផ្កាព្រូនដូចជា៖ ភូមិ ភៀងកាញ់ ភូមិ ប៉ាផាច់ ព្រៃព្រូន មូណៅ។ល។ ក្នុងនោះទីតាំងល្បីឈ្មោះបំផុតគឺជ្រលងភ្នំ ណាកា។ ដោយមាន ផ្កាព្រូនរាប់សិបហិកតារីកសស្គុស ជ្រលងភ្នំនេះហាក់ដូចជា ផ្ទាំងគំនូរធម្មជាតិ ដ៏រស់រវើក សណ្ដំចិត្តមនុស្ស។
រដូវផ្កាព្រូននៅលើខ្ពង់រាប ម៉ុកចូវ ទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនា ឆ្លងកាត់ពិសោធន៍។ សម្រស់ដ៏ស្រស់បំព្រង នៃត្របកផ្កាពណ៌ស ទាំងឡាយ ខ្យល់អាកាសបរិសុទ្ធនិងភាពសុខសាន្តត្រាណនៃខ្ពង់រាប ម៉ុកចូវ ធ្វើឱ្យនរណាៗ ក៏ដោយក៏លង់អារម្មណ៍តាំងពីឈានជើងមកដល់លើក ដំបូងភ្លាម៕
អត្ថបទ៖ ង៉ុកប៊ិច រូបថត៖ ក្វាងក្វៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺន ហេង