
លោក ហៀវ ប្រមូលបានរបស់របរជាច្រើនដែលធ្លាប់ស្គាល់ និងមិនអាចខ្វះបានក្នុងគ្រប់គ្រួសារកសិករនៅភាគខាងត្បូងក្នុងដំណើរកាប់ឆ្ការ និងផលិតកម្មកសិកម្មកាលពីជំនាន់មុន ឥឡូវកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែយន្តូបនីយកម្មក្នុងផលិតកម្មកសិកម្ម។

តាំងពីឆ្នាំ ២០២១ រហូតមកដល់ពេលនេះ លោក កៅ តឹនហៀវ ប្រមូលបានឧបករណ៍ប្រើប្រាស់ក្នុងផលិតកសិកម្មយ៉ាងច្រើន ក្នុងនោះរបស់របរមានអាយុកាលចំណាស់ជាងគេនោះគឺពាងទឹកត្រូវបានផលិតកាលពីឆ្នាំ ១៩៣០។

លោក កៅ តឹនហៀវ មានគំនិតចង់ប្រមូលឧបករណ៍កសិកម្មតាំងពីឆ្នាំ ២០២១ មកម៉្លេះ។ នៅពេលបានប្រទះឃើញរបស់របរដែលជិតដិត ផ្សារភ្ជាប់នឹងកុមារភាពដ៏លំបាក ក្រខ្សត់របស់លោកកាលពីគ្រាមុន មុនពេលការបង្រួបបង្រួមប្រទេសជាតិនៅល្អដដែល លោកមានបំណងចង់រក្សាទុកឧបករណ៍ទាំងនោះដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់បានដឹងបន្ថែមអំពីផលិតកម្មកសិកម្មប្រពៃណី ក៏ដូចជាស្មារតីធ្វើពលកម្ម គំនិតច្នៃប្រតិដ្ឋរបស់កសិករ។

មានមិត្តភ័ក្តិរបស់លោកជាច្រើនបានអញ្ជើញមកលេងផ្ទះ ហើយក៏បានឃើញ បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមុច្ច័យនេះ មានអ្នកខ្លះថែមទាំងបានរួមចំណែកវត្ថុបុរាណមួយចំនួនដែលខ្លួនមាន ដើម្បីជួយឱ្យការសមុច្ច័យនេះកាន់តែសម្បូរបែបថែមទៀត។
ក្នុងមួយដងអញ្ជើញមកកម្សាន្តនៅទីនេះ លោក ង្វៀន វ៉ាន់អ៊ុត នៅ មី ថ បានថតឃ្លីបមួយ ហើយផ្ញើជូនញាតិរស់នៅក្រៅប្រទេស ដើម្បីឧទ្ទេសនាមឲ្យកូនចៅអំពីផលិតកម្មកសិកម្មតាមដំណាក់កាលនីមួយៗ របស់ប្រជាជនភូមិភាគខាងត្បូងនិយាយដោយឡែក និងរបស់ប្រទេស វៀតណាម និយាយរួម។

ចំណែកលោក ង្វៀន ហ្វាងបាវ នៅ ចូវថាញ់ ពេលទៅទស្សនាបរិវេណរក្សាទុករបស់របរប្រពៃណីបានចែករំលែកថា៖ មិត្តៗ វ័យស្របាលដូចគាត់ស្ទើរតែទាំងអស់លែងបានឃើញ ឬស្គាល់ឧបករណ៍កសិកម្មទាំងនេះហើយ គ្រាន់តែបានឃើញតាមរយៈសៀវភៅតែប៉ុននោះ។ ឧបករណ៍ដូចជា នង្គ័លសម្រាប់ភ្ជួររាស់ដែលត្រូវបានទាញដោយក្របី ស្នាចបាចទឹកពីប្រឡាយចូលក្នុងវាលស្រែ កាំបិតបន្ទោះ ត្បាល់បក់ស្រូវជាដើមត្រូវបានដាក់បង្ហាញនៅទីនេះគឺជារូបភាពជាក់ស្តែងរស់រវើក ជួយឱ្យក្មេងៗ ជំនាន់ក្រោយយល់កាន់តែច្បាស់អំពីគំនិតច្នៃប្រតិដ្ឋរបស់បុព្វការីជនក្នុងដំណើរការកាប់ឆ្ការដីបង្កើតភូមិ។
ក្រៅពីឧបករណ៍ប្រើប្រាស់ក្នុងកសិកម្ម លោក ហៀវ ក៏បានរក្សាទុក ប្រមូលឧបករណ៍ប្រើប្រាស់ជាច្រើនផ្សេងៗ ទៀត មិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនភូមិភាគខាងត្បូងដូចជា៖ ចង្កៀងម៉ាំងសុង ពាងក្រឡសម្រាប់ដាក់ស្រាឬទឹក ហឹបដាក់ស្លាម្លូ ឆ្នាំងអ៊ុតក្បាលមាន់។ល។ របស់ទាំងនេះទោះបីជាសាមញ្ញក៏ដោយ សុទ្ធតែមានអត្ថន័យសំខាន់ៗ ជួយឱ្យអ្នកទស្សនាយល់ និងដឹងពីគុណតម្លៃនៃមរតកដែលប្រជាជននៅភូមិភាគខាងត្បូងបន្សល់ទុក។ ជាពិសេស ក្នុងការប្រមូលរបស់លោក ហៀវ មានពាងទឹកបុរាណដែលគេចាត់ទុកថាជាវត្ថុបុរាណដ៏ចំណាស់ជាងគេ។ តាមការពិនិត្យសម្រេចសេចក្តីរបស់អ្នកជំនាញការវត្ថុបុរាណនៅ មី ថ ពាងទឹកនេះត្រូវបានផលិតមុនឆ្នាំ ១៩៣០ មកម៉្លេះ។

លោក ហៀវ ឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញគំនិតសាមញ្ញរបស់លោកបានញាតិមិត្តវាយតម្លៃខ្ពស់ និងគាំទ្រ។ នាពេលខាងមុខ លោកនឹងបន្តប្រមូលផ្សំ និងរុករកវត្ថុបុរាណ ក៏ដូចជាឧបករណ៍កសិកម្មបន្ថែមទៀត ដើម្បីឲ្យការប្រមូលផ្សំកាន់តែសម្បូណ៌បែបថែមទៀត បង្កើតទៅជាផ្ទាំងគំនូរពេញលេញមួយអំពីជីវិតផលិតកម្មកសិកម្មប្រពៃណីរបស់ដូនតាសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់។ លោកបានប្រាប់ថា នៅពេលលោកមានថវិកា លោកនឹងសង់ផ្ទះឈើមួយខ្នងនៅជាប់ស្រះចិញ្ចឹមត្រី ដើម្បីដាក់តាំងវត្ថុបុរាណ និងសម្ភារៈកាលពីជំនាន់មុន និងឧបករណ៍កសិកម្មប្រដូចជា "សារមន្ទីរ" ខ្នាតតូចសម្រាប់មនុស្សម្នាមកមើលកម្សាន្តនៅពេលអញ្ជើញមកទីនេះ។
គំនិតចង់ថែរក្សា និងដាក់បង្ហាញរបស់លោក ហៀវ ត្រូវបានវាយតម្លៃខ្ពស់ ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌កសិកម្ម ក្នុងជីវភាពរស់នៅនាសព្វថ្ងៃនេះ។ វត្ថុតឹកតាងទាំងនេះនឹងជួយឱ្យយុវវ័យជ្រាបកាន់តែច្បាស់អំពីឧបករណ៍កសិកម្មប្រពៃណីរបស់ប្រជាជនភាគខាងត្បូង ក្នុងអំឡុងថ្ងៃដំបូងនៃការកាប់ឆ្ការដែនដីភាគខាងត្បូងនេះ។ ប្រសិនបើគំរូនេះត្រូវបានវិនិយោគ អភិវឌ្ឍ ផ្សព្វផ្សាយដល់សាធារណជនយ៉ាងទូលំទូលាយនោះ នឹងក្លាយជាចំណុចទេសចរណ៍វប្បធម៌ក្នុងខ្សែចង្វាក់តភ្ជាប់ជាមួយនឹងគោលដៅទេសចរណ៍របស់មូលដ្ឋាននាពេលអនាគត៕
ផលិត៖ ហឺវជី
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ ចន្ថា