មាមីងបងប្អូន ខ្មែរ រៀបចំគ្រឿងសំណែននិងទេយ្យទានជាច្រើនដូចជា នំនែក ស្ករគ្រាប់ ផ្លែឈើ អាហារ ភេសជ្ជៈ ជាផលិតផលពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ ដើម្បីប្រគេនព្រះសង្ឃនៅវត្ត។

ព្រះតេជគុណ ឡាំ ឆានី ព្រះពហុសូត្រវត្តរាជមហាជេតវនារាម ភូមិធំ និមន្តមានសង្ឃដីកាថា បុណ្យសែនដូនតាមានតាំងពីយូរយារណាស់មកហើយ និងភ្ជាប់ជាមួយនឹងជីវភាពខាងជំនឿវញ្ញាណរបស់ជនជាតិ ខ្មែរ ប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត បង្ហាញពីការតបស្នងសងគុណ ដឹងគុណចំពោះបុព្វការីជន ជីដូនជីតា មាតាបិតា អ្នកបានផ្ដល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សា។ ពិធីនេះមានភាពស្រដៀងជាច្រើនជាមួយពិធី វូឡាន របស់ប្រជាជន វៀតណាម ក្នុងគោលបំណងតបស្នងសងគុណ។ នេះជាឱកាសមួយសម្រាប់កូនចៅនឹករលឹកពីប្រភពដើមកំណើត និងសម្តែងការដឹងគុណចំពោះអ្នកបានផ្តល់កំណើត ចិញ្ចឹមបីបាច់ថែរក្សា។
ពិធីកិច្ចដ៏សំខាន់បំផុតនៃពិធីនេះគឺពិធី “ដាក់បាត្រ” ដែលមានន័យថាជាការប្រគេនចង្ហាន់ហើយរៀបចំដោយផ្ទាល់ដៃ របស់ប្រជាជនសម្រាប់ប្រគេនព្រះសង្ឃ ក្នុងបំណងឧទ្ទិសកុសលផលបុណ្យជូនមាតាបិតា អ្នកមានគុណដែលបានចែកឋានទៅហើយ។ ក្នុងឱកាសនេះ ប្រជាជនរាប់ពាន់នាក់មកពីឃុំជិតខាងជាច្រើនមានដូចជា ឡុកក្វាង ឡុកថាញ់ ឡុកថាញ… ក៏បានចូលរួមផងដែរ។ លោក ឡឹមដុក (ឃុំ ឡុកថាញ) ចែករំលែកថា៖ “មកបុណ្យសែនដូនតា គ្រួសារខ្ញុំតែងតែរៀបចំបាយ និងម្ហូបតាមប្រពៃណី ជាពិសេសមាននំនែកសម្រាប់គោរពបូជា។ ពិធីកិច្ចសំខាន់បំផុតនោះគឺប្រគេនចង្ហាន់ និងដាក់បាត្រក្នុងក្តីសង្ឃឹមថាគ្រឿងសំណែនទាំងនេះនឹងបានដល់ជីដូនជីតា បុព្វការីជនដែលចែកឋាន"។

តាមទស្សនទានរបស់ជនជាតិ ខ្មែរ ការប្រគេនចង្ហាន់មិនត្រឹមតែបង្ហាញពីការដឹងគុណប៉ុននោះទេ ថែមទាំងសន្សំបុណ្យកុសលផង បួងសួងសុំឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ សុំឲ្យសុខភាពល្អមាំមួន និងមានសេចក្ដីសុខ។ បងស្រី ធី សាម៉ី (ឃុំ ឡុកថាញ) មានប្រសាសន៍ថា៖ “រាល់ពេលខ្ញុំទៅវត្តប្រគេនចង្ហាន់គឺជាឱកាសដ៏ពិសិដ្ឋមួយ។ ខ្ញុំបួងសួងសុំសេចក្តីសុខដល់ក្រុមគ្រួសារ ហើយជឿថាដូនតារបស់ខ្ញុំនឹងទទួលបានពីទឹកចិត្តរបស់កូនចៅ”។
បុណ្យសែនដូនតាក៏ទាក់ទាញភ្ញៀវពីទីជិតឆ្ងាយច្រើនកុះករផងដែរ។ អ្នកស្រី ឌាន់ ង៉ុកចូវ (ទីក្រុង ហូ ជីមិញ) មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួម ហើយក៏បានចាប់អារម្មណ៍នឹងបរិយាកាសដ៏ឱឡារិក មានភាពកក់ក្ដៅ ទិដ្ឋភាពក្នុងវត្តធំទូលាយ មានខ្យល់អាកាសស្រឡះល្អ។
អ្នកស្រី ចូវ ចែករំលែកថា “ថ្ងៃនេះខ្ញុំពិតជាមាននិស្ស័យនឹងបុណ្យនេះ។ ខ្ញុំមិនមានគម្រោងពីមុនទេ គ្រាន់តែមកតាមកូនៗ និងចៅៗ ហើយខ្ញុំក៏បានមកដល់ទីនេះទៅ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមក្នុងពិធីដ៏អធិកអធមមួយនេះ រីករាយជាមួយនឹងពុទ្ធបរិស័ទយ៉ាងច្រើនដូច្នេះ”។
ក្រៅពីមានអត្ថន័យខាងវិញ្ញាណ ពិធីបុណ្យសែនដូនតាក៏បង្ហាញពីស្មារតីនៃសាមគ្គីភាពផងដែរ។ ប្រជាជនចូលរួមក្នុងពិធី «ដាក់បាត្រ» ដើម្បីជួយជាថវិកាបន្ថែមសម្រាប់ការសាងសង់ និងជួសជុលសំណង់នានានៅក្នុងវត្ត។ តាមទស្សនទានរបស់ជនជាតិ ខ្មែរ វត្តជាកន្លែងរក្សាទុកវប្បធម៌ សិល្បៈ ជាកន្លែងផ្ទុកនូវតម្លៃខាងវិញ្ញាណ ជំនឿសាសនាយ៉ាងជ្រាលជ្រៅ ជាកន្លែងសម្រាប់ប្រជុំសកម្មភាពសាសនា និងជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌របស់សហគមន៍ ដូច្នេះហើយសកម្មភាពនៃពិធីបុណ្យសែនដូនតាភាគច្រើនតែងតែធ្វើឡើងនៅក្នុងវត្ត។
យោងតាមលោក ឡឹម អូន ប្រធានភូមិ ភូមិធំ ប្រជាជនតែងតែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យ។ គ្រួសារខ្លះធ្វើពិធីនៅតាមផ្ទះ ហើយមានអញ្ជើញព្រឹទ្ធាចារ្យភូមិ និងប្រធានភូមិ បន្ទាប់មកចែកទានឲ្យក្មេងៗ និងអ្នកជិតខាងភូមិផងរបងជាមួយ។ បុណ្យសែនដូនតានៅវត្តរាជមហាជេតវនារាម ភូមិធំ បានក្លាយទៅជាសម្រស់វប្បធម៌ដ៏ល្អឯក រួមចំណែកថែរក្សា និងលើកតម្កើងប្រពៃណីល្អផូរផង់របស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ដុងណាយ និងភាគខាងត្បូងនៃប្រទេស វៀតណាម និយាយរួម៕
អត្ថបទ និងរូបថត៖ ក ហ្កឿយហ៍
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ ចន្ថា