កើតមកនៅ បាក់កាន (បច្ចុប្បន្នជាខេត្ត ថាយង្វៀន) ក្នុងគ្រួសារជនជាតិ តៃ មួយ ហា ឡេយៀម យល់ច្បាស់យ៉ាងជ្រាលជ្រៅការលំបាកលំបិនទាំងឡាយដែលនារី និងកុមារីត្រូវប្រឈមមុខ ដោយសារការប្រកាន់ និងទម្លាប់ឱនថយ។ ប្រការនោះ បានចិញ្ចឹមបំប៉ន គំនិតឲ្យបងស្រីនិពន្ធកម្រងខ្សែភាពយន្តឯកសារទាំងឡាយ ពោរពេញដោយខ្យល់ដង្ហើមតំបន់ភ្នំ។ ក្នុងកម្រងខ្សែភាពយន្តទាំងឡាយរបស់បងស្រី សាធារណជនឧស្សាហ៍ជួបប្រទះរូបភាពនារីៗ ជនជាតិភាគតិចដោយមានវាសនាខុសៗ គ្នា។ មានតួអង្គបងស្រីមករកដល់ភូមិនិគមដើម្បីជួបតែម្តង មានអ្នកមករកបងស្រីជាមុនក្នុងគោលបំណងចង់បានរៀបរាប់ឡើងវិញពីរឿងរ៉ាវរបស់ខ្លួនជាដើម។

ថ្មីៗ នេះ ហា ឡេយៀម បានផលិតកម្រងខ្សែភាពយន្តឯកសារខ្លី "សំបុត្រផ្ញើជូនអ្នកម្តាយ" សហការជាមួយសារមន្ទីរនារី វៀតណាម ភាពយន្តបរិយាយរឿងរ៉ាវរបស់ប្អូន សុង ក្មេងស្រីជនជាតិ ម៉ុង អាយុ ១១ ឆ្នាំ ធំឡើងក្នុងការបាត់ស្រមោលរបស់អ្នកម្តាយ។ កម្រងខ្សែភាពយន្តត្រូវបានបរិយាយក្រោមរូបភាពសំបុត្រមួយសន្លឹក សរសេរដោយប្អូន សុង ផ្ទាល់ បង្កប់ទឹកចិត្ត និងការស្រេកឃ្លានចង់បានក្តីស្រលាញ់។

មុននោះ ហា ឡេយៀម បានបន្សល់ទុកចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅតាមរយៈកម្រងខ្សែភាពយន្ត "ប្អូនៗ កុមារក្នុងសន្សើម"។ នេះមិនមែនគ្រាន់តែជាភាពយន្តឯកសារមួយប៉ុននោះទេ ដែលជាដំណើរ ៥ ឆ្នាំតាមដានក្មេងស្រីជនជាតិ ម៉ុង ឈ្មោះ យី។ តាំងពីល្បែងលេង ចាប់ប្រពន្ធដ៏ស្រស់ថ្លា គ្មានកង្វល់នៅ សាប៉ា រហូតដល់កង្វល់ទាំងឡាយចំពោះដំណើរចាប់ផ្តើមធំពេញវ័យ។ ហា ឡេយៀម មិនផលិតភាពយន្តពីចម្ងាយទេ។ បងស្រីរស់នៅជាមួយនឹងតួអង្គ ហូបចុកជាមួយគ្នា រហូតដល់ធ្លាប់ធ្លាក់ចូលទៅក្នុងរណ្តៅជ្រូកកកាយក្នុងមួយដងស្រវឹងស្រា ជាមួយនឹងឪពុកម្តាយប្អូន យី បោះជំហានចុះមកកូនភ្នំក្នុងស្នូរសំឡេងប៉ីស្លឹកស្រពេចស្រពិល ដិតជាប់ក្នុងអារម្មណ៍។ ចំពោះតួឯក ហា ឡេយៀម មិនត្រឹមតែជាអ្នកដឹកនាំរឿងប៉ុននោះទេ ថែមទាំងជាបងស្រី ជាមិត្តទៀតផង។





នៅក្នុងមហោស្រពភាពយន្តឯកសារខ្លីអាស៊ីអាគ្នេយ៍ LENScape អ្នកដឹកនាំរឿង ហា ឡេយៀម ដណ្តើមបានពានរង្វាន់ខ្ពស់បំផុត “Silvana S Film”។ កម្រងខ្សែភាពយន្តត្រូវបានបញ្ចាំងជាសាធារណៈនៅប្រទេស ឥណ្ឌូនេស៊ី កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៥ និងនៅប្រទេស សាំងហ្គាពួរ កាលពីខែ មីនា ឆ្នាំ ២០២៥។ កម្រងខ្សែភាពយន្តក៏ត្រូវបានមហោស្រពឯកសារអន្តរជាតិ EBS (International Documentary Festival) លើកទី ២១ ជ្រើសរើសនិងបញ្ចាំងបង្ហាញនៅប្រទេស កូរ៉េខាងត្បូង ផងដែរ។
វណ្ណកម្មនេះបាននាំមកឲ្យ ហា ឡេយៀម ពានរង្វាន់ "អ្នកដឹកនាំរឿងឆ្នើមបំផុត" នៅមហោស្រពភាពយន្តឯកសារអន្តរជាតិ Amsterdam ឆ្នាំ ២០២១ រួមជាមួយនឹងពានរង្វាន់ផ្សេងៗ ទៀតជាច្រើនដូចជា៖ ភាពយន្តអន្តរជាតិឆ្នើមនៅ Docaviv (Israel) ជាប់ក្នុងបញ្ជីសម្រាំង Oscar ២០២៣ ដណ្តើមរង្វាន់ផ្កាឈូកមាសនៅមហោស្រពភាពយន្ត វៀតណាម លើកទី ២៣ និងបញ្ចាំងបង្ហាញអន្តរជាតិជិត ១៥០ លើកដោយមានចំនួន ៣៦ ពានរង្វាន់ដ៏មានកេរ្តិ៍ឈ្មោះថ្លៃថ្លា៕
អត្ថបទ៖ ហុងភឿង រូបថត៖ ឯកសារតួអង្គផ្គល់ឲ្យ
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀនថាញ់