អញ្ជើញចូលរួមមានសមមិត្តនារី ផាម ធីថាញ់ត្រា លេខាធិការិនីគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយិការដ្ឋមន្ត្រី សមមិត្តសមមិត្តនារីនៃគណៈកម្មាធិការមជ្ឈិមបក្ស ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជាមួយនឹងថ្នាក់ដឹកនាំក្រសួង គណៈកម្មការ ផ្នែកមជ្ឈិមមួយចំនួនអញ្ជើញចូលរួម។
នៅឆ្នាំ ២០០៨ ដោយផ្អែកលើសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ 1668/QĐ-TTg ដោយកំណត់ថ្ងៃទី១៩ ខែមេសា រៀងរាល់ឆ្នាំជា "ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម"។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង "ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម" ក្លាយជាបុណ្យធំមួយសម្រាប់ជនរួមជាតិគ្រប់ជាតិសាសន៍មកមូលជុំគ្នា ផ្លាស់ប្តូរ សម្របខ្លួននៅក្នុងពិធីបុណ្យប្រពៃណី លម្ហវប្បធម៌វិសេសវិសាលរបស់បណ្តាជនជាតិជាបងប្អូន។
រាយការណ៍ក្នុងជំនួប លោកស្រី ឡឹម ធីផឿងថាញ់ សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានថ្លែងថា ជនជាតិនីមួយៗមានអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែករៀងៗខ្លួន បង្កើតទៅជាភាពសម្បូរបែបនៃវប្បធម៌វៀតណាម។ គិតមកដល់បច្ចុប្បន្ននេះ ទូទាំងប្រទេសបានស្តារឡើងវិញពិធីបុណ្យប្រពៃណីជាង ១៨០ ពិធីបុណ្យផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ បង្កើតគំរូអភិរក្ស និងផ្សងព្រេង ជាមួយនឹងវប្បធម៌ភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍ជិត ២០០គំរូ។ បង្កើត និងបន្តថែរក្សាក្លឹបវប្បធម៌ប្រជាប្រិយជាង ៧២០ក្លឹប និងក្រុមសិល្បៈប្រពៃណីចំនួន ៥.៧៦០ក្រុម ដំណើរការកម្មវិធីស្រាវជ្រាវ ស្តារឡើងវិញ និងអភិរក្សវប្បធម៌អរូបីចំនួន ៥០កម្មវិធីដែលកំពុងប្រឈមនឹងការបាត់បង់។
ជាពិសេស បេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣៥១ ក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីជាតិសរុប ៧៣៥ របស់បងប្អូនជនជាតិត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ខេត្ត និងទីក្រុងទាំងឡាយដែលចំណុះមជ្ឈិមបានរៀបចំជាង ១០០ បុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់បងប្អូនជនជាតិ។ សាងសង់ ជួសជុល និងផ្តល់ឧបត្ថម្ភសម្ភារសម្រាប់អគារវប្បធម៌ភូមិ ទីលានលេងកីឡាចំនួន ៣.២២០ កន្លែង។ អភិវឌ្ឍគោលដៅទេសចរណ៍ បង្កើតលម្ហវប្បធម៌នៅក្នុងភូមិ និគម ភ្ជាប់នឹងការបង្កើតផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី ឡឹម ធីផឿងថាញ់ សង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ការសហការរបស់គណៈកម្មការ ក្រសួង និងមជ្ឈិម អាជ្ញាធរមូលដ្ឋាន និងការរួមចិត្តរួមគំនិតគ្នារបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពទូទាំងប្រទេស ដើម្បីឱ្យតម្លៃវប្បធម៌ដ៏ស្អាតផូរផង់របស់បណ្តាជនជាតិវៀតណាមនឹងបន្តបានថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងចីរភាពក្នុងយុគសម័យថ្មី។
ក្នុងជំនួប គណៈប្រតិភូបានចែករំលែកការចូលរួមចំណែកជាក់ស្តែងរបស់ខ្លួនក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនាថែរក្សាអត្តសញ្ញាណ លើកស្ទួយទំនៀមទម្លាប់ដ៏ល្អប្រពៃ លុបបំបាត់ទម្លាប់ឱនថយ កសាងជីវភាពវប្បធម៌ថ្មី បង្កើតភូមិភ្លឺ - បៃតង - ស្អាតបាត - ស្រស់បំព្រង ហើយចូលរួមសម្របសម្រួលរាល់ជម្លោះក្នុងមូលដ្ឋាន និងធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ភ្នំជាប់ព្រំដែន។ ជា "ស្នូល" ពង្រឹងពង្រីកធ្លុងមហាសាមគ្គីប្រជាជាតិ នាំមុខគេក្នុងការផ្សារភ្ជាប់ការអភិរក្សវប្បធម៌ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺអភិវឌ្ឍទេសចរណ៍សហគមន៍ រួមចំណែកបង្កើតការងាររកស៊ីចិញ្ចឹមជិវិត និងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន។
នៅក្នុងជំនួប ជំនួសមុខថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក តូឡឹម បានសម្តែងការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេង មិនមាត់មិនករបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមក្នុងចំណោមបងប្អូនជនជាតិទូទាំងប្រទេស - អ្នកកំពុងថែរក្សាឫសគល់ជាតិ រក្សាតម្លៃទាំងឡាយដែលបង្កើតជាអត្តសញ្ញាណ ស៊ីជម្រៅ និងកម្លាំងមាំមួនរបស់ប្រទេសជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម សង្កត់ធ្ងន់ថា ការថែរក្សាវប្បធម៌របស់បណ្តាជនជាតិមិនត្រឹមតែជាការអភិរក្សបេតិកភណ្ឌប៉ុននោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះស្មារតីសង្គម ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល និងបង្កើតកម្លាំងរឹងមាំខាងក្នុងសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង។ ក្នុងមូលដ្ឋានគ្រឹះនោះ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពដើរតួនាទីយ៉ាងសំខាន់។ សមមិត្តសមមិត្តនារី អ៊ំៗ បងប្រុសបងស្រីមិនត្រឹមតែជាអ្នករក្សាការចងចាំរបស់សហគមន៍ប៉ុននោះទេ ថែមទាំងជាទីពឹងផ្អែកខាងស្មារតី ហើយជាកន្លែងមូលផ្តុំទំនុកចិត្តថែមទៀតផង រួមចំណែករក្សាស្ថិរភាព និងភាពស្អិតល្មួតផ្តើមចេញពីមូលដ្ឋាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ដោយមានការខិតខំចូលរួមព្រមៗគ្នាពីប្រព័ន្ធនយោបាយទាំងមូល និងការប្រឹងប្រែងរបស់មូលដ្ឋាន និងជនរួមជាតិនោះ ការងារអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌របស់បណ្តាជនជាតិសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន បង្កើតការផ្លាស់ប្តូរយ៉ាងវិជ្ជមានទាំងក្នុងស្មារតីយល់ដឹង និងការរស់នៅសង្គម។ មូលដ្ឋានជាច្រើនបានលេចជារូបរាងនូវគំរូ វិធីសាស្រ្តជាក់ស្តែង និងពោរពេញដោយអត្ថន័យ។
ចំពោះតំបន់បងប្អូនជនជាតិ តម្រូវការបានដាក់ចេញគឺត្រូវអភិវឌ្ឍសមស្របរវាងការលើកកម្ពស់ជីវភាព និងការថែរក្សាអត្តសញ្ញាណ រវាងការធ្វើសមាហរណកម្ម និងស្វ័យភាពវប្បធម៌ ហើយជាពិសេសត្រូវផ្តោតសំខាន់តួនាទីកត្តាគន្លឹះរបស់សហគមន៍ - ពីព្រោះប្រជាជនគឺជាកត្តាគន្លឹះថែរក្សា អនុវត្ត និងផ្ទេរបន្តវេនរាល់តម្លៃវប្បធម៌។ នៅពេលណាវប្បធម៌ត្រូវបានបីបាច់ថែរក្សាដោយស្ម័គ្រចិត្ត និងមោទកភាពរបស់បុគ្គលម្នាក់ៗនោះ ទើបអាចឋិតឋេរ និងអភិវឌ្ឍប្រកបដោយចីរភាព។
អគ្គលេខាបក្ស ប្រធានរដ្ឋមានបំណងចង់ឱ្យសិប្បករសិប្បការិនីបន្តចែករំលែកចំណេះដឹង និងបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយ ដើម្បីឱ្យសំឡេង តន្រ្តីនិងចម្រៀងប្រជាប្រិយ សិប្បកម្មប្រពៃណីបានថែរក្សា និងផ្សព្វផ្សាយនៅក្នុងជីវភាពសព្វថ្ងៃ។ ចាំបាច់ណាស់យកចិត្តទុកដាក់ចំពោះការបង្កើតលក្ខខណ្ឌដើម្បីឱ្យវប្បធម៌បានអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ មានលម្ហសម្រាប់ថែរក្សា និងសាយភាយដើម្បីឱ្យប្រជាពលរដ្ឋម្នាក់ៗ និងសហគមន៍នីមួយៗក្លាយជាកត្តាគន្លឹះនៃដំណើរអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌។
អគ្គលេខាបក្ស ប្រធានរដ្ឋសំណូមពរឲ្យរួមគ្នារក្សាសន្តិសុខនៅក្នុងភូមិ រួមចំណែករក្សាស្ថិរភាពផ្តើមពីមូលដ្ឋាន។ ដោយមានប្រជាប្រិយភាព ការទទួលខុសត្រូវ និងមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន សមមិត្តសមមិត្តនារី អ៊ំៗ បងប្រុសបងស្រីបន្តធ្វើជាគំរូ ចលនាមាមីងបងប្អូនមិនស្តាប់តាមការញុះញង់ មិនបំពានច្បាប់ និងមិនឱ្យកត្តាអវិជ្ជមានជ្រៀតចូល សហគមន៍។ ការរក្សាសុខសាន្តត្រាណនៅក្នុងភូមិក៏រួមចំណែករក្សាស្ថិរភាពរួមរបស់ប្រទេសជាតិផងដែរ។ រួមគ្នាផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តដើម្បីអភិវឌ្ឍស្រុកកំណើត ប្រទេសជាតិប្រកបដោយស្ថិរភាព។ បន្តចលនាមាមីងបងប្អូនពង្រីកទូលាយស្មារតីប្រឹងប្រែងដោយខ្លួនឯង ពឹងផ្អែកលើខ្លួនឯង ម្ចាស់ការឈោងឈានឡើង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លុបបំបាត់ទម្លាប់ឱនថយ និងកសាងជីវភាពអរិយធម៌។
ការអភិរក្សវប្បធម៌ភ្ជាប់ស្អិតល្មួតជាមួយនឹងការអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត ជាពិសេសគឺទេសចរណ៍សហគមន៍ ដើម្បីឱ្យប្រជាជនអាចរក្សាអត្តសញ្ញាណផង បង្កើនប្រាក់ចំណូលផង ផ្តើមពីនោះបង្កើតកម្លាំងជំរុញយូរអង្វែងសម្រាប់ការអភិរក្ស និងពង្រីកវប្បធម៌ឱ្យទូលំទូលាយ។ ការអភិវឌ្ឍមិនគ្រាន់តែជាការបន្ថែមនូវអ្វីៗថ្មីៗនោះទេ ថែមទាំងថែរក្សា និងពង្រីកផ្សព្វផ្សាយរាល់តម្លៃល្អផូរផង់ដែលមានស្រាប់ទៀតផង។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ត្រូវម្ចាស់ការធ្វើសេនាធិការផ្តល់វិធានការប្រកបលក្ខណៈយុទ្ធសាស្ត្រ ជំរុញការអភិរក្ស និងពង្រីកទូលាយតម្លៃបេតិកភណ្ឌ យកចិត្តទុកដាក់បន្ថែមទៀតចំពោះសិប្បករសិប្បការិនី អ្នកមានប្រជាប្រិយភាព ព្រមទាំងជំរុញបរិវត្តកម្មឌីជីថល ដើម្បីឱ្យរាល់តម្លៃវប្បធម៌បានសាយភាយកាន់តែខ្លាំងថែមទៀតនៅក្នុងសង្គមសម័យទំនើប។
មូលដ្ឋាននីមួយៗត្រូវយល់ច្បាស់ថា៖ រក្សាបានវប្បធម៌ គឺរក្សាបានឫសគល់សម្រាប់ការអភិវឌ្ឍ។ ការអភិវឌ្ឍប្រកបដោយស្ថិរភាពត្រូវតែចាប់ផ្តើមនៅក្នុងសហគមន៍ប្រជានិវេសន៍របស់ខ្លួន។ ទទួលសណ្តាប់យោបល់ ដើម្បីមានគោលនយោបាយសមស្របសម្រាប់ការថែរក្សា លើកស្ទួយប្រពៃណីវប្បធម៌ជាតិ។ ហើយមានការយកចិត្តទុកដាក់បន្ថែមទៀតដល់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព - អ្នកអស់ពីចិត្តពីថ្លើមក្នុងការងារអភិរក្សវប្បធម៌ជាតិ។
ដោយមានប្រជាប្រិយភាព បទពិសោធ និងស្មារតីទទួលខុសត្រូវរបស់ខ្លួន អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជឿទុកចិត្តថា សមមិត្តសមមិត្តនារី អ៊ំៗបងប្អូនប្រុសស្រីទាំងឡាយនឹងបន្តបង្ហាត់បង្រៀន ផ្ទេរបន្តវេនឱ្យក្មេងៗជំនាន់ក្រោយ បន្តចូលរួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល និងរក្សាស្ថិរភាពក្នុងមូលដ្ឋានផ្ទាល់៕
អត្ថបទ៖ ហុងឌីប រូបថត៖ ថុងញឹត
ប្រែសម្រួល៖ រាជិនី