ផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើ
ភូមិ ឡែ ស្ថិតនៅឃុំ ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ ជាកន្លែងរស់នៅរបស់ប្រជាជនចំនួន ១៩២ ក្រុមគ្រួសារ ដែលមានចំនួនប្រជាជនជិត ៦០០ នាក់ជាបងប្អូនជនជាតិ រើម៉ាំ។ សេដ្ឋកិច្ចរបស់មាមីងបងប្អូនជនជាតិ រើម៉ាំ ពឹងផ្អែកជាចម្បងលើការធ្វើស្រែ ដាំដំឡូងឈើ ទើបការរស់នៅនៅតែជួបការលំបាកលំបិនជាច្រើន ដោយមានអត្រាភាពក្រីក្រជាង ១០% និងអត្រាក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាង ៣០% ក្នុងឆ្នាំ ២០២០។
ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក លោក អាថាយ ជាយុវជនវ័យក្មេងម្នាក់របស់ភូមិក្លាយជាលេខាសាខាបក្ស និងជាប្រធានភូមិ។ ចាប់កំណើតនៅក្នុងភូមិ ទើបលោក អាថាយ មានភាពស្និទ្ធស្នាល និងយល់ចិត្តអ្នកភូមិយ៉ាងច្បាស់ ទាំងទុក្ខកង្វល់ គំនិត និងសេចក្តីប្រាថ្នារបស់មាមីងបងប្អូន។ លោក អាថាយ តែងតែឈានមុខគេក្នុងរាល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម កែលម្អចម្ការដំណាំ ការប្រើប្រាស់បច្ចេកទេសក្នុងផលិតកម្មប្រពលវប្បកម្ម ដើម្បីបង្កើនផលិតភាព និងតម្លៃកសិផល។ ស្របពេលនេះដែរ លោកក៏បានចលនាមាមីងបងប្អូនយ៉ាងសកម្មឱ្យរៀនសូត្រ និងធ្វើតាម។
ពីផ្ទៃដីចម្ការដំឡូងឈើលែងមានប្រសិទ្ធភាពបន្តិចម្តងៗ បានមាមីងបងប្អូនជនជាតិ រើម៉ាំ នៅក្នុងភូមិ ឡែ ធ្វើបរិវត្តកម្មមកដាំប្រភេទដំណាំដែលមានតម្លៃខ្ពស់ដូចជា កៅស៊ូ កាហ្វេ ទុរេន ចំបក់បារាំង ដំណាំហូបផ្លែ។ បសុសត្វចិញ្ចឹមត្រូវបានថែទាំដោយប្រើបច្ចេកទេសត្រឹមត្រូវ ផ្តល់ចំណីគ្រប់គ្រាន់ និងចាក់វ៉ាក់សាំងពេញលេញ។
ដោយមានការឧបត្ថម្ភពីរដ្ឋ និងការប្រឹងប្រែងរបស់ប្រជាជន នាពេលនេះ មុខមាត់សេដ្ឋកិច្ចភូមិ ឡែ កំពុងអភិវឌ្ឍបណ្តើរៗ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ សព្វថ្ងៃនេះ ភូមិ ឡែ ត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងស្រងាត់ជាមួយនឹងចម្ការដំណាំថ្មី បសុសត្វកំពុងកើនឡើងទាំងបរិមាណ គុណភាព ធំលូតលាស់យ៉ាងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ទៃដីដាំដុះសរុបឈានដល់ ១៥៥,៥ ហិកតា រួមទាំងដំណាំប្រចាំឆ្នាំចំនួន ១១៦ ហិកតា និងដំណាំយូរឆ្នាំចំនួន ៣៩,៥ ហិកតា។ បសុសត្វសរុបជិត ៩០០ ក្បាល។
ដោយការប្រឹងប្រែងឥតឈប់ឈរក្នុងកិច្ចការចលនាប្រជាជនយ៉ាងប៉ិនប្រសប់របស់លេខាសាខាបក្ស និងជាប្រធានភូមិ លោក អាថាយ និងការខិតខំ ការតាំងចិត្តរបស់មាមីងបងប្អូនជនជាតិ រើម៉ាំ រហូតដល់ចុងឆ្នាំ២០២៥ អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងភូមិ ឡែ ថយចុះមកត្រឹម ៣,៦% អត្រាក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រថយចុះត្រឹម ១១,៤% ហើយប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់នៅក្នុងភូមិសម្រេច ២០ លានដុងម្នាក់ក្នុងមួយឆ្នាំ (កើនឡើង ៥ លានដុងបើប្រៀបធៀបនឹងឆ្នាំ២០២០)។ ការខិតខំចលនាមាមីងបងប្អូនឲ្យផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើរបស់លោក អាថាយ មិនត្រឹមតែជួយប្រជាជនបង្កើនប្រាក់ចំណូល កែលម្អគុណភាពការរស់នៅប៉ុននោះទេ ថែមទាំងជួយមាមីងបងប្អូនពង្រឹងការជឿទុកចិត្តលើការដឹកនាំរបស់បក្ស និងរដ្ឋផងដែរ។
អភិរក្សវប្បធម៌ រើម៉ាំ
លោកចលនាមាមីងបងប្អូនចូលរួមយ៉ាងសកម្មក្នុងការស្តារតម្លៃវប្បធម៌ប្រពៃណីដែលកំពុងប្រឈមនឹងហានិភ័យបាត់បង់ជាបណ្តើរៗ។ ទន្ទឹមនោះ បងបានព្យាយាមផ្សព្វផ្សាយ លុបបំបាត់ទំនៀមទម្លាប់ឱនថយ។ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់បង ពិធីបុណ្យប្រពៃណី ការរស់នៅប្រចាំថ្ងៃ និងវប្បធម៌ត្រូវបានសហគមន៍ភូមិ ឡែ ថែរក្សាទុក។ របាំស្វង សំឡេងគងឃ្មោះត្រូវបានបន្លឺឡើងពាសពេញព្រៃភ្នំព្រំដែន ម៉ូរ៉ាយ។ មុខរបរប្រពៃណីដូចជាការត្បាញរវៃ ត្បាញសំពត់សង្កិមត្រូវបានអភិរក្ស និងពង្រីកឲ្យទូលាយ ផ្តល់ប្រាក់ចំណូលសម្រាប់អ្នកភូមិ។
ព្រឹទ្ធាចារ្យ អាង៉ុក អ្នកមានប្រជាប្រិយភាពម្នាក់នៅភូមិ ឡែ បានចែករំលែកថា ដោយមានលេខាសាខាបក្ស អាថាយ មាមីងបងប្អូននៅភូមិ ឡែ មិនត្រឹមតែបានអភិវឌ្ឍសេដ្ឋកិច្ច មានអាហារហូបចុក សម្លៀកបំពាក់គ្រប់គ្រាន់ប៉ុននោះទេ ថែមទាំងបានថែរក្សាវប្បធម៌ ដួងព្រលឹងដូនតាទៀតផង។ ការអភិវឌ្ឍសេដ្ឋកិច្ចមានសារៈសំខាន់ ប៉ុន្តែការថែរក្សាបានតូរ្យតន្ត្រីគងឃ្មោះ រក្សាបានកីត្បាញ និងពិធីបុណ្យនានាទើបជាការស់នៅប្រកបដោយភាពសម្បូណ៌សប្បាយ និងសុភមង្គលយ៉ាងពិតប្រាកដ។
លោក ត្រឿង កុងជិញ លេខាគណៈកម្មាធិការបក្សឃុំ ម៉ូរ៉ាយ វាយតម្លៃថា អាថាយ លេខាសាខាបក្ស និងជាប្រធានភូមិ ឡែ គឺជាគំរូភ្លឺថ្លាឆ្នើមនៃជំនាន់កម្មាភិបាលវ័យក្មេងជនជាតិភាគតិចដែលហ៊ានគិត ហ៊ានធ្វើ។ ដោយមានភាពស្វាហាប់ ច្នៃប្រតិដ្ឋ និងជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ លោក អាថាយ បានបំពេញតួនាទីយ៉ាងសំខាន់ជាស្នូលកសាងសាមគ្គីភាព ជាស្ពានមេត្រីរឹងមាំភ្ជាប់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋចូលទៅក្នុងការរស់នៅរបស់ប្រជាជន។
អាស្រ័យលើការខិតខំប្រឹងប្រែងរបស់ខ្លួន លោក អាថាយ បច្ចុប្បន្ននេះត្រូវបានជឿទុកចិត្តជ្រើសរើសឲ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ហើយត្រូវបានគេរំពឹងថានឹងបន្តបង្កើតឥទ្ធិពលដ៏ខ្លាំងក្លាមួយ មូលមីរ និងពង្រីកសាយភាយកម្លាំងសាមគ្គីភាពនៅក្នុងសហគមន៍។ លោកក៏ទទួលបានប័ណ្ណសរសើរ និងលិខិតសរសើរជាច្រើនពីគណៈកម្មាធិការប្រជាជនខេត្ត កនទុម (អតីតខេត្ត) អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្ត កនទុម ពីមុននេះ និងអង្គភាពយោធាប្រគល់ជូនចំពោះសមិទ្ធផលលេចធ្លោរបស់លោកក្នុងការបំពេញភារកិច្ច ចូលរួមចំណែកដល់ការកសាងភូមិ ឡែ ភូមិជាប់ព្រំដែនកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ និងរូបថត៖ យឺទាន់
ប្រែសម្រួល៖ ចន្ថា