ជាឃុំតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្តឡាវកាយ ផុងយូធឿង ជាកន្លែងរស់នៅរបស់ ៦ ជនជាតិ ក្នុងនោះភាគច្រើនគឺបងប្អូនជនជាតិ តៃ យ៉ាវ និង ម៉ុង។ ទោះបីជានៅជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែប្រជាជនឃុំផុងយូធឿងតែងតែថែរក្សា លើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងនោះមានពិធីបុណ្យ ឡុងតុង។
លោកស្រី ឡ ធីង្វៀន នៅភូមិឡាងចាងចែករំលែកថា ពិធីបុណ្យ ឡុងតុង គឺជាពិធីបុណ្យធំ នរណាក៏តក់ក្រហល់ទន្ទឹងរង់ចាំដើម្បីបានចូលរួមដែរ។ នេះក៏ជាឱកាសបងប្អូនបណ្តាជនជាតិជួបជុំ និងរឹតបន្តឹងសាមគ្គីភាពផងដែរ។
ពិធីបុណ្យឆ្នាំនេះចាប់ផ្តើមដោយមានបណ្តាពិធីកិច្ចដ៏ស្រគត់ស្រគំនៅទីសក្ការៈបូជាភូមិ ឡាងចាង និងទីសក្ការៈបូជាភូមិ ឡាងថាន - ទីសក្ការៈបូជាបុរាណទាំងឡាយផ្សារភ្ជាប់ជាមួយ នឹងជីវភាពមនោវិញ្ញាណរបស់សហគមន៍។ ពិធីកិច្ចកាប់ក្របីបូជាថ្វាយ ពិធីដង្ហែ និងបូជា អាទិទេព ណុង បង្ហាញពីបំណងប្រាថ្នាសុំភ្លៀងខ្យល់អំណោយផល រដូវកាលទទួលផលទ្វេដង សព្វសត្វទាំងពួងរីកដុះដាលកើតកាលវាលគុម្ព។
ចំណុចលេចធ្លោនៃពិធីបុណ្យគឺពិធីច្រត់ព្រះនង្គ័ល។ អ្នកដឹកនាំក្នុងមូលដ្ឋានធ្វើការភ្ជួរបណ្តាគន្លងដំបូងបង្អស់ ចាប់ផ្តើមសម្រាប់រដូវកាលបង្កបង្កើនផលក្នុងស្នូរសំឡេងស្គរបុណ្យគគ្រឹកគគ្រេង និងក្តីរីករាយរបស់ប្រជាជន។ បន្ទាប់មក ប្រជាជនរួមជាមួយនឹងថ្នាក់ដឹកនាំមូលដ្ឋានសាបព្រោះ បញ្ញើក្តីជឿទុកចិត្តចូលទៅក្នុងឆ្នាំថ្មីមួយដ៏បរិបូណ៌។
មិនត្រឹមតែមានអត្ថន័យខាងជំនឿប៉ុននោះទេ ពិធីបុណ្យ ឡុងតុង ក៏ជាបរិយាកាសផ្លាស់ប្តូរវប្បធម៌ដ៏ផុលផុសផងដែរ។ ល្បែងប្រជាប្រិយទាំងឡាយដូចជា ចោលឈូង រុញអង្រែ ទាញព្រ័ត្រ បិទភ្នែកវាយស្គរ ដើរជើងទោមជាដើម ទាក់ទាញប្រជាជន និងភ្ញៀវទេសចរចូលរួមយ៉ាងកុះករ៕
អត្ថបទ និងរូបថត៖ ឌិញធុយ
បញ្ចូលទិន្ន័យ៖ អៀងថាន់