
ពិធីសែនបុព្វបុរសគឺជាពិធីកិច្ចប្រពៃណីបុរាណតាំងពីយូរយារណាស់មកហើយ បង្ហាញពីជំនឿនិងសីលធម៌ “ផឹកទឹកនឹកប្រភព” របស់ជនជាតិ ឡូឡូ។ នៅក្នុងផ្ទះនីមួយៗ របស់បងប្អូនជនជាតិ ហ៊ឹងបុព្វបុរសត្រូវបានតម្កល់នៅទីកន្លែងដ៏សមគួរកណ្តាលផ្ទះ។ នៅខាងលើហ៊ឹងគឺជារូបមនុស្សឆ្លាក់ដោយឈើ និមិត្តរូបព្រលឹងបុព្វបុរស។ តាមទំនៀមទម្លាប់ គ្រួសារនីមួយៗ សុទ្ធតែមានហ៊ឹងបុព្វបុរស ប៉ុន្តែពិធីសែនរបស់វង្សត្រកូលគ្រាន់តែត្រូវបានប្រារព្ធឡើងតែចំពោះគ្រួសារជាមេត្រកូល។ ជាមេត្រកូលចេញមុខធ្វើអធិបតីក្នុងពិធី សមាជិកទាំងឡាយចូលរួមគ្រឿងរណ្តាប់តាមលទ្ធភាព។

ពិធីសែនបុព្វបុរសរបស់ជនជាតិ ឡូឡូ មានបីផ្នែកសំខាន់ៗ គឺ៖ ពិធីបូជា ពិធីរំលឹកនិងជូនដំណើរ។ មុនថ្ងៃប្រារព្ធពិធី មេត្រកូលរៀបចំគ្រឿងរណ្តាប់រួមមានមាន់ បាយដំណើប ស្រា ផ្កាស្រស់ ផ្លែឈើនិងក្រដាសសែន។ កាលពីមុន ពិធីកិច្ចស្មុគ្រស្មាញជាងនេះទៀតដោយមានក្របី គោ ជ្រូក ស្គរសំរិទ្ធនិងចង្កៀងប្រេង។ ក្នុងទស្សនទានរបស់ជនជាតិ ឡូឡូ បុព្វបុរសត្រូវបានបែងចែកជាពីរជំនាន់គឺ៖ បុព្វបុរសជិត (យុយខេ) រួមមានជំនាន់ទី ៣ និងទី ៤។ បុព្វបុរសឆ្ងាយ (ពើស៊ី) គឺជាបុព្វបុរសតាំងពីជំនាន់ទី ៥ ឡើងទៅ។

លោក ស៊ីន យីហ្កាយ ប្រធានភូមិ ឡូឡូចាយ បានឱ្យដឹងថា៖ “ពិធីសែនបុព្វបុរសមិនត្រឹមតែដើម្បីកូនចៅរំលឹកនឹកប្រភពនិងដឹងគុណជីដូនជីតាប៉ុននោះទេ ថែមទាំងផ្សារភ្ជាប់មនោសញ្ចេតនាក្នុងគ្រួសារ វង្សត្រកូលនិងសហគមន៍ទៀតផង”។ ប្រសិនបើកាលពីមុនពិធីនេះជាធម្មតាប្រារព្ធឡើងក្នុងវិសាលភាពគ្រួសារនីមួយៗ រីឯសព្វថ្ងៃនេះ អ្នកភូមិទាំងមូលប្រារព្ធពិធីនៅថ្ងៃតែមួយ បង្កើតបរិយាកាសនៃសាមគ្គីភាពនិងសាយភាយលក្ខណៈវប្បធម៌។
ឆ្នាំ ២០១២ ពិធីសែនបុព្វបុរសរបស់ជនជាតិ ឡូឡូ ឃុំ លុងគូ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ឆ្នាំនេះ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “បេតិកភណ្ឌ - កន្លែងស្វែងរកអំពីឫសគល់”។ ទន្ទឹមនឹងនោះផ្នែកពិធីពោរពេញដោយកត្តាខាងព្រលឹងវិញ្ញាណដូចជាពិធីកិច្ច “អារក្សស្មៅ” “រាំពិធី” ទូងស្គរសំរឹទ្ធ ។ល។ ផ្នែកលេងកម្សាន្តនៅមានសកម្មភាពសិល្បៈ កីឡា ល្បែងប្រជាប្រិយរបស់បងប្អូនបណ្តាជនជាតិភូមិសាស្ត្រជាច្រើនទៀត។


ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដើម្បីបងប្អូនជនជាតិ ឡូឡូ បញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ប៉ុននោះ ថែមទាំងរួមចំណែកផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកស្រាវជ្រាវរាវរក ឆ្លងកាត់ការពិសោធពីលក្ខណៈដ៏វិសេសអស្ចារ្យរបស់ប្រជាជននៅតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់៕
អត្ថបទនិងរូបថត៖ ឡេភូ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ