នាថ្ងៃទី ២៣ ខែ ឧសភា អ្នកបោះឆ្នោតជាបងប្អូនជនជាតិភាគតិចបានអញ្ជើញទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ សកម្មសម្រាប់ជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ អនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ខ្លួន ផ្ដាំផ្ញើនូវក្ដីទុកចិត្តនិងការរំពឹងទុកទៅលើអ្នកតំណាងនៃប្រជាជនឆ្លងតាមរយៈសន្លឹកឆ្នោត...។

អនុបណ្ឌិត យ៉ាញ់មេន ជនជាតិ ខ្មែរ សាស្ត្រាចារ្យសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ (ខេត្ត សុកត្រាំង) មានប្រសាសន៍អោយដឹងថា៖ "ខ្ញុំរំពឹងទុកថា អ្នកតំណាងត្រូវបានជ្រើសតាំងទាំងនោះនឹងមានកម្លាំង ពលំគ្រប់គ្រាន់ សីលធម៌គ្រប់គ្រាន់ ទេពកោសល្យគ្រប់គ្រាន់ ដើម្បីបំពេញបានល្អនូវភារកិច្ចរបស់អ្នកដែលតំណាងឲ្យឆន្ទៈបំណងប្រាថ្នារបស់បងប្អូនជនជាតិ។ ខ្ញុំមានបំណងចង់អោយ គោលនយោបាយអប់រំជនជាតិទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតជាពិសេសគឺការងារបណ្តុះបណ្តាលកម្មាភិបាលគ្រប់គ្រង អ្នកវិទ្យាសាស្ត្រជាបងប្អូនជនជាតិ រួមចំណែកក្នុងការកំណត់ទិសដៅនិងធ្វើសេនាធិការយ៉ាងល្អប្រសើរចំពោះការរៀបចំនិងដាក់ចេញនូវគោលនយោបាយសម្រាប់តំបន់បងប្អូនជនជាតិ…"។

លោកស្រី ក្វាច់ម៉ុកលៀន ជនជាតិ ចិន អ្នកមានប្រជាប្រិយភាពនៅសង្កាត់ ស៊ន់ខាញ់ ខណ្ឌ និញកៀវ (ទីក្រុង កឹនធើ) ចែករំលែកថា៖ "តាំង ពីប៉ុន្មានជំនាន់មកហើយ ជនជាតិ ចិន នៅទីក្រុង កឹនធើ និងខេត្ត ក្រុងផ្សេងៗ នៅតំបន់ ណាមបូ បានរស់នៅប្រកបដោយសុខដុមរមនាជាមួយបងប្អូនជនជាតិផ្សេងៗ។ ការប្រើប្រាស់ភាសា អក្សរ ប្រតិបត្តិតាមទំនៀមទម្លាប់ ជំនឿ តម្លៃប្រពៃណីទាំងឡាយរបស់ជនជាតិ ចិន ត្រូវបានគណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ គោរព បង្កលក្ខណៈងាយស្រួលសម្រាប់អភិរក្ស ពង្រីក។ ខ្ញុំសង្ឃឹមថា សមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជននីតិកាលថ្មីទាំងអស់គ្នាគួរតែបន្តជ្រួតជ្រាបនិងពង្រីកប្រៀបខ្លាំងនោះ..."។

លោក ហាងមីយៀ ជនជាតិ ម៉ុង អ្នកមានប្រជាប្រិយភាពនៅឃុំ កានទី ស្រុក ក្វានបា (ខេត្ត ហាយ៉ាង) មានប្រសាសន៍អោយដឹងថា៖ "ខ្ញុំមានបំណងចង់អោយមានអ្នកតំណាងជាបងប្អូនជនជាតិទទួលបានការគាំទ្រជាប់ឆ្នោតចូលរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រយោជន៍គឺគេនឹងយល់ច្បាស់ជាងនេះទៅទៀតអំពីបងប្អូនជនជាតិ ពាំនាំបំណងប្រាថ្នា ជាធម្មានុរូបរបស់បងប្អូនជនជាតិទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ខ្ញុំមានទំនុកទុកចិត្តថាអ្នកតំណាងទាំងនោះនឹងអនុវត្តពាក្យសន្យារបស់ខ្លួនចំពោះបងប្អូនជនជាតិបានល្អ រួមចំណែកជំរុញវិស័យសេដ្ឋកិច្ច - សង្គមនៃប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់បងប្អូនជនជាតិទាំងឡាយកាន់តែសម្បូរសប្បាយ សុភមង្គល... ពីមួយថ្ងៃទៅមួយថ្ងៃ"។

ប្អូនស្រី ង្វៀនញឺគ្វិញ ជនជាតិ មឿង សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិអនុវិទ្យាល័យនិងវិទ្យាល័យស្រុក លឿងសឺន (ខេត្ត ហ្វាប៊ិញ) ចែករំលែកថា៖ "ប្អូនកើតឆ្នាំ ២០០៣។ នេះជាលើកដំបូងបង្អស់ដែលប្អូនមានកិត្តិយសអនុវត្តសិទ្ធិនៃពលរដ្ឋមួយរូប។ ប្អូនមានអារម្មណ៍អន្ទះអន្ទែងខ្លាំងណាស់ ហើយមានបំណងចង់អោយសមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ទាំងអស់នឹងផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើជីវភាពរស់នៅរបស់សិស្ស និស្សិត ដើម្បីពួកប្អូនស្ងប់ចិត្តក្នុងការសិក្សារៀនសូត្រ ពេលរៀនបញ្ចប់ហើយអាចមានការទុកចិត្តលើខ្លួនឯង ផ្តើមអាជីពនៅលើដែនដីកំណើតរបស់ខ្លួនតែម្ដង..."។
ផលិតដោយ៖ បឹងបួ - អានហៀវ - ហ្វាងតឹម - លឺវត្រុងដាត
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖ ជ័យពិសិដ្ឋ