ថ្នាក់រៀនបានរៀបចំឡើងនៅភូមិ តឹនគីម រួមមានសិក្ខាកាមជនជាតិ យ៉ាវ ចំនួន ១៨ នាក់ មានអាយុចាប់ពី ៣៦ ដល់ ៥៩ ឆ្នាំ។ សិក្ខាកាមស្ទើរតែទាំងអស់មិនមានលក្ខខណ្ឌទៅសាលារៀនតាំងពីតូច ឬភ្លេចតួអក្សរដោយសារខានប្រើជាយូរ ថែមទាំងជួបឧបសគ្គដោយសារការប្រាស្រ័យទាក់ទងប្រចាំថ្ងៃភាគច្រើនប្រើតែភាសាជនជាតិ។
អ្នកគ្រូ ហា ធីផឿង ចែករំលែក៖ “អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតគឺស្មារតីខិតខំរៀនសូត្ររបស់សិក្ខាកាម។ ទោះបីជាមានអាយុច្រើន និងជីវភាពរស់នៅនៅជួបលំបាកជាច្រើនក៏ដោយ ក៏អ៊ុំពូមីងបងប្អូននៅតែខំមកកាន់ថ្នាក់រៀន ដើម្បីរៀនតួអក្សរនីមួយៗ។ សមត្ថភាពក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមមិនស្មើគ្នា ខ្ញុំត្រូវតែអត់ធ្មត់ណែនាំចាប់ពីរបៀបអាន របៀបសរសេររហូតដល់គិតគូរធ្វើលេខ ព្រមទាំងស្វែងរកឧទាហរណ៍ជិតស្និទ្ធនឹងជីវភាពរស់នៅ ដើម្បីឱ្យមាមីងបងប្អូនងាយយល់ និងងាយចាំបានយូរ។ល។”
តួយ៉ាងដូចជាលោក ត្រៀវ វ៉ាន់ចឿង អាយុ ៥៩ ឆ្នាំ ក្រោយរយៈពេលជាងពីរខែ លោកអាចអានអស់មួយអត្ថបទហាត់អាន ថែមទាំងជួយណែនាំសិក្ខាកាមផ្សេងទៀតឱ្យអានបានត្រឹមត្រូវទៀតផង។ រឿងរ៉ាវមួយទៀតដែលធ្វើឱ្យអ្នកគ្រូ ផឿង រំភើបចិត្ត គឺបងស្រី លី ធីស្វឹន កើតឆ្នាំ ១៩៧៩។ ថ្ងៃដំបូងមកថ្នាក់រៀន បងស្រីនៅមានការអៀនខ្មាសដោយសារមានអាយុច្រើន ហើយមិនទាន់ស្គាល់តួអក្សរមួយតួសោះ។ ប៉ុន្តែ ក្រោយរយៈពេលជាងពីរខែព្យាយាម បងស្រីអាចផ្ញើសារតាមទូរស័ព្ទទៅកាន់អ្នកគ្រូដោយខ្លួនឯង។
នៅភូមិ តឹនគីម ការរៀនអក្សរផ្សារភ្ជាប់នឹងតម្រូវការជាក់ស្តែង។ ប្រជាជនចង់ចេះអានព័ត៌មាន យល់ឯកសារ ដឹងពីរបៀបប្រើប្រាស់ថ្នាំពេទ្យតាមការណែនាំ ទាក់ទងតាមទូរស័ព្ទ និងជួយជ្រោមជ្រែងកូនចៅក្នុងការរៀនសូត្រ។
យោងតាមលោក តា វៀតហុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ថឹនសា មានប្រសាសន៍ថា៖ រហូតមកដល់ឆ្នាំ ២០២៦ មូលដ្ឋាននៅតែមានប្រជាជនមួយចំនួននៅក្នុងវ័យពលកម្មមិនទាន់ចេះអាន មិនទាន់ចេះសរសេរ ឬប្រើប្រាស់អក្សរមិនទាន់ស្ទាត់ ដោយផ្តោតសំខាន់នៅតាមភូមិដែលនៅជួបលំបាកខ្លាំង។ ថឹនសា ជាឃុំតំបន់ III មានភូមិសាស្ត្រទូលំទូលាយ មានភូមិភាគច្រើននៅតំបន់ភ្នំ ហើយជាង ៩៨% ជាបងប្អូនជនជាតិភាគតិច។
ភូមិ តឹនគីម ត្រូវបានជ្រើសរើសសម្រាប់បើកថ្នាក់រៀន ដោយសារទីនេះជាភូមិសាស្រ្តមានតម្រូវការរៀនលុបបំបាត់អនក្ខរភាព។ សិក្ខាកាមទាំងអស់សុទ្ធសឹងជាជនជាតិ យ៉ាវ គ្មានលក្ខខណ្ឌបានទៅសាលារៀន ឬត្រូវឈប់រៀនដើម្បីធ្វើពលកម្ម មើលថែគ្រួសារ។ សិក្ខាកាមមិនតិចទេនៅជួបលំបាក ដោយសារការរស់នៅប្រចាំថ្ងៃភាគច្រើនប្រើប្រាស់ភាសាជនជាតិ។
អាស្រ័យហេតុនោះ ថ្នាក់រៀនមិនត្រឹមតែជាការងាររបស់គ្រូបង្រៀនប៉ុននោះទេ ថែមទាំងក្លាយជាការរួមដៃគ្នារបស់សហគមន៍ទៀតផង។ ក្រោយរយៈពេលជាងពីរខែ ភាគច្រើនសិក្ខាកាមបានស្គាល់តួអក្សរ ប្រកបពាក្យ អានប្រយោគខ្លីៗ សរសេរឈ្មោះ និងអាសយដ្ឋានរបស់ខ្លួនបាន។
គណៈកម្មាធិការប្រជាជនឃុំ ថឹនសា រំពឹងថា៖ នឹងបន្តតាមដាន វាយតម្លៃលទ្ធផល សហការជាមួយសាលារៀន បណ្ណាល័យ និងផ្ទះវប្បធម៌ភូមិ ដើម្បីរៀបចំការអានសៀវភៅ និងប្រជុំសកម្មភាពរៀនសូត្រសហគមន៍។ ការប្រើប្រាស់អក្សរក៏ផ្សារភ្ជាប់ជាមួយនឹងតម្រូវការថ្មីៗ ជាក់ស្តែងថែមទៀត ដូចជាសេវាសាធារណៈតាមអនឡាញ កម្មវិធី VNeID ការទទួលព័ត៌មានថែទាំសុខភាព និងការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន។
ផ្តើមពីថ្នាក់រៀនលុបបំបាត់អក្ខរភាពជូនបងប្អូនជនជាតិ យ៉ាវ នៅឃុំ ថឹនសា ភាពអត់ធ្មត់របស់អ្នករៀន ការទទួលខុសត្រូវរបស់គ្រូបង្រៀន ព្រមទាំងការរួមដៃគ្នារបស់អាជ្ញាធរកំពុងរួមចំណែកលុបបំបាត់អក្ខរភាព និងបើកបន្ថែមឱកាសរៀនសូត្រជូនប្រជាជននៅតំបន់ភ្នំ។ល។
ផលិត៖ ហ្វាងបាំង
ប្រែសម្រួល៖ អៀងថាន់