នាល្ងាចថ្ងៃទី ២០ កក្កដា នៅឃុំ តាមង៉ាយ (ខេត្ត វិញឡុង) សមាគមព្រះសង្ឃស្នេហាជាតិ កូវកែ សហការជាមួយសារមន្ទីរដូងខ្ទិះ ត្រាវិញ ប្រារព្ធពិធីផ្តល់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយសអតិតព្រះតេជគុណ ថាច់ សូ (១៨៨៦-១៩៤៩) បាននាំយកពូជដូងខ្ទិះដំបូងមក កាន់ប្រទេសវៀតណាម ដាំនៅលើតំបន់ដីនេះកាលពីជាង ១០០ ឆ្នាំមុន។
សកម្មភាពនេះក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យ រំលឹកគុណព្រះតេជគុណ ថាច់ សូ បាននាំយកពូជដំណាំដូងមានតម្លៃសេដ្ឋកិច្ចខ្ពស់ដល់មូលដ្ឋាន ជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។

ក្នុងពិធីកិច្ចបច្ឆាមរណៈកិត្តិយស ព្រះតេជគុណ ថាច់ ថាវ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិ កូវកែ បានផ្តល់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយសអតិតព្រះតេជគុណ ថាច់ សូ ជា “ថ្នាក់ព្រះមហាថេរដ៏មានគុណធម៌ - សាបព្រោះស្រែបុណ្យ - ស្ថាបនិកដូងខ្ទិះ កូវកែ”។ ស្របពេលនោះ ប្រគល់ជូនបច្ឆាមរណៈកិត្តិយសជូនទៅសារមន្ទីរដូងខ្ទិះ ត្រាវិញ រក្សាទុក។
ព្រះតេជគុណ ថាច់ សូ ចាប់កំណើតនៅ កូវកែ។ នៅឆ្នាំ ១៩២៤ ក្រោយពេលបញ្ចប់វគ្គបួសរៀននៅកម្ពុជា ត្រឡប់មកកាន់វត្តបុទុមសាគរ (អនុសង្កាត់ ៥ ទីរួមស្រុក កូវកែ ខេត្ត ត្រាវិញ បច្ចុប្បន្នជាឃុំ កូវកែ ខេត្ត វិញឡុង) នាំយកដូងខ្ទិះចំនួនពីរទៅដាំក្នុងបរិវេណវត្ត។ នេះពិតជាដូងខ្ទិះ២ដើមត្រូវបានដាំនៅប្រទេស វៀតណាម ដំបូងគេបង្អស់។
ដូងខ្ទិះមានរូបរាងស្រដៀងនឹងដូងធម្មតា ប៉ុន្តែចំណុចពិសេសនោះគឺសាច់ខាងក្នុងក្រាស់ខ្លាំង ទន់ ម្លាន់ ហើយសាច់ក្រាស់ស្ទើរតែមិនមានប្រហោង រួមជាមួយមានទឹកបន្តិចបន្តួច ប្រភេទនេះតែងបានយកធ្វើជាទឹកក្រឡុក ឬបុកលាយជាមួយស្ករ ទឹកដោះគោ ពិសាឆ្ងាញ់ណាស់ ហើយប្លែកមាត់។
ដើមឡើយដូងខ្ទិះត្រូវបានពុទ្ធបរិស័ទដាំជាចម្បងសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬដាំសម្រាប់ហូប ឬធ្វើជាអំណោយ។ ដោយសាររសជាតិពិសេសដាច់ដោយឡែក ប្រជាជនផ្សព្វផ្សាយតៗគ្នា រហូតមកដល់ពេលនេះ ប្រភេទផ្លែនេះបានក្លាយជាផលិតផលពិសេសដ៏ល្បីឈ្មោះប្រចាំតំបន់។ ជាពិសេស ដូងខ្ទិះប្រពៃណីបានត្រឹមតែអោយផ្លែខ្ទិះបានតែក្នុងតំបន់ដីមួយចំនួនឃុំ កូវកែ តាមង៉ាយ អានភូតឹន និង ផុងថាញ់ ប៉ុណ្ណោះ។
ដោយមានលក្ខណៈនៃការរើសដីធ្លី និងពិបាកអោយចេញផ្លែខ្ទិះនៅតំបន់ផ្សេងទៀត ដូងខ្ទិះនៅទីនេះបានបញ្ជាក់ពីទីតាំងដ៏ពិសេសតែមួយគ្នានពីរ ក្លាយជាផលិតផលពេសេសប្រចាំតំបន់ដ៏កម្រមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅលើប្រទេសទាំងមូលទៀតផង។ នាពេលថ្មីៗនេះ ដូងខ្ទិះបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារខ្មែរជាច្រើននៅក្នុងមូលដ្ឋាន។

បច្ចុប្បន្ននេះ ឃុំទាំង៤ខាងលើមានប្រជាជនដាំដូងខ្ទិះជាង២ពាន់គ្រួសារលើផ្ទៃដីជាង១.១៤៥ ហិកតា ក្នុងនោះប្រជាជនខ្មែរមានប្រមាណជាង៧០% ទិន្នផលប្រចាំឆ្នាំជាមធ្យមសម្រេចជាង ៣ លានផ្លែ។
ដោយសារតម្លៃលក់ខ្ពស់ជាងដូងធម្មតាជាច្រើនដង ដូងខ្ទិះបានក្លាយជាប្រភពចំណូលដ៏សំខាន់ នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់ជាងការដាំដូងធម្មតា ៣-៤ ដងក្នុងមួយហិកតា។ ដើម្បីរំលឹកដល់គុណូបការៈព្រះតេជគុណ ថាច់ សូ ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃដូងខ្ទិះ កូវកែ បានវិនិយោគជាង ២០ ពាន់លានដុងសាងសង់សារមន្ទីរដូងខ្ទិះ ត្រាវិញ។
នេះជាសារមន្ទីរដំបូងនៅប្រទេសវៀតណាម បង្ហាញប្រធានបទពិសេសអំពីដូងខ្ទិះ មានវត្ថុបុរាណជាច្រើន គំនូរដោយដៃ និងឯកសារដ៏មានតម្លៃឆ្លុះបញ្ចាំងពីប្រវត្តិនៃការបង្កើត ដំណើរការអភិវឌ្ឍន៍នៃដូងខ្ទិះ រួមជាមួយជីវភាពវប្បធម៌របស់សហគមន៍ គិញ ខ្មែរ និងចិនក្នុងតំបន់។
ក្នុងនោះ សារមន្ទីរក៏បានរក្សាទុកពាក់កណ្តាលដើមដូងខ្ទិះដំបូងបានដាំនៅ កូវកែ រួមជាមួយនឹងរូបសំណាកក្រមួនរបស់ព្រះតេជគុណ ថាច់ សូ ក្នុងគោលបំណង និងរំលឹកគុណអ្នកបង្កើតពូជដូងដ៏កម្រសម្រាប់ដែនដីនេះ
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ សឺន ហេង