យោងតាមគណៈកម្មការរៀបចំ គុន ខ្មែរ គឺជាវិញ្ញាសាគុនប្រយុទ្ធតាមប្រពៃណីរបស់អាស៊ីអាគ្នេយ៍ ទាមទារការគួបផ្សំយ៉ាងចុះសម្រុងរវាងកម្លាំងពលំ បច្ចេកទេស សមត្ថភាព និងស្មារតីអង់អាចក្លាហាន។ អំឡុងឆ្នាំថ្មីៗ នេះ រួមជាមួយនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃកីឡាដែលទទួលបានសមិទ្ធផលខ្ពស់របស់ វៀតណាម វិញ្ញាសាគុន ខ្មែរ បានបញ្ជាក់ទីជំហរនៅលើសង្វៀនតំបន់និងអន្តរជាតិពីមួយជំហានទៅមួយជំហាន ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងច្រើនកុះករ។ ពានរង្វាន់ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦ ជាសកម្មភាពកីឡាទ្រង់ទ្រាយថ្នាក់ជាតិ ប្រមូលផ្តុំក្រុមខ្លាំងៗ មកពីខេត្ត ក្រុងជាច្រើនទូទាំងប្រទេស។
លោក លេ ក្វាងចាញ់ នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត តីនិញ មានប្រសាសន៍ថា ឆ្លងតាមរយៈការប្រកួតក្នុងគោលបំណងអភិវឌ្ឍចលនាហ្វឹកហាត់ និងប្រកួតប្រជែងវិញ្ញាសាគុន ខ្មែរ នៅទូទាំងប្រទេសនិយាយរួម និងខេត្ត តីនិញ និយាយដោយឡែក។ ស្របពេលនោះដែរ ជ្រើសរើសកីឡាករកីឡាការិនីឆ្នើមសម្រាប់ក្រុមជម្រើសជាតិចូលរួមក្នុងការប្រកួតអន្តរជាតិ រួមចំណែកជំរុញចលនាហ្វឹកហាត់និងប្រកួតប្រជែងវិញ្ញាសាគុន ខ្មែរ ក្នុងប្រព័ន្ធកីឡាដែលមានស្នាដៃខ្ពស់របស់ វៀតណាម។
ការប្រកួតជើងឯកគុន ខ្មែរ ក្រុមខ្លាំងទូទាំងប្រទេសឆ្នាំ ២០២៦ ប្រព្រឹត្តឡើងពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែ មិថុនា នៅទីលាន តូក្វៀន សង្កាត់ តឹននិញ ខេត្ត តីនិញ ដោយមានការចូលរួមរបស់គ្រូបង្វឹក កីឡាករកីឡាការិនីជាង ២៣០ នាក់ចំណុះក្លឹបទាំង ១៨ មកពីខេត្ត ក្រុងនានាទូទាំងប្រទេស។ កីឡាករកីឡាការិនីប្រជែងថ្វីដៃដណ្តើមមេដាយចំនួន ៣៩ សម្រាប់នៅក្នុងវិញ្ញាសាប្រយុទ្ធផ្នែកបុរសនិងនារីរបស់ពីរក្រុមដែលមានអាយុចាប់ពី ១៦ ទៅ ១៧ និង ១៧ ទៅ ៤០ ឆ្នាំ។
នៅក្នុងពិធី លោក ខូវឆាយ អគ្គលេខាធិការសហព័ន្ធកីឡាគុន ខ្មែរ ពិភពលោក ចែករំលែកអំពីដំណើរការបង្កបង្កើត អភិវឌ្ឍរបស់វិញ្ញាសាប្រដាល់គុន ខ្មែរ និងបណ្តាជំហានអភិវឌ្ឍដ៏លេចធ្លោនៃចលនាគុន ខ្មែរ នៅ វៀតណាម ក្នុងរយៈពេលកន្លង។ លោកវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់បណ្តាស្ថាប័នគ្រប់គ្រងកីឡា វៀតណាម មូលដ្ឋាននិងអង្គភាពឯកទេសក្នុងការនាំឱ្យគុន ខ្មែរ អភិវឌ្ឍយ៉ាងខ្លាំងក្លា បើកទូលាយចលនាហ្វឹកហាត់ ប្រកួតប្រជែងលើវិសាលភាពទូទាំងប្រទេសពីមួយជំហានទៅមួយជំហាន។ យោងតាមលោក ខូវឆាយ ការរៀបចំការប្រកួតជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦ មិនត្រឹមតែរួមចំណែកលើកកម្ពស់គុណភាពជំនាញវិជ្ជាជីវៈរបស់កីឡាករកីឡាការិនីប៉ុននោះទេ ថែមទាំងពង្រឹងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ បង្កើតមូលដ្ឋានគ្រឹះដើម្បីវិញ្ញាសាកីឡានេះឱ្យបន្តអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចសមិទ្ធផលខ្ពស់ៗ នៅតាមសង្វៀនតំបន់និងអន្តរជាតិ។
ក្នុងក្របខ័ណ្ឌកម្មវិធី សហព័ន្ធឃីកបុកស៊ីង វៀតណាម រៀបចំពិធីប្រគល់ជូនគ្រឿងឥស្សរិយយសការងាររបស់ប្រធានរដ្ឋដល់គ្រូបង្វឹក កីឡាករកីឡាការិនីចំនួន ៤៥ នាក់នៃក្រុមជម្រើសជាតិប្រដាល់ឃីកបុកស៊ីងនិងក្រុមជម្រើសជាតិគុន ខ្មែរ ក្នុងគោលបំណងកត់សម្គាល់បណ្តាស្នាដៃដ៏ឆ្នើមពិសេសសម្រេចបាននៅតាមការប្រកួតអន្តរជាតិក្នុងឆ្នាំ ២០២៦។
តាមរយៈនោះ មានបុគ្គលចំនួន ១០ នាក់បានជូនគ្រឿងឥស្សរិយយសការងារលំដាប់ថ្នាក់ទី ១ បុគ្គលចំនួន ២៤ នាក់បានជូនគ្រឿងឥស្សរិយយសការងារលំដាប់ថ្នាក់ទី ២ និងបុគ្គលចំនួន ១១ នាក់បានជូនគ្រឿងឥស្សរិយយសការងារលំដាប់ថ្នាក់ទី ៣។ ក្នុងចំណោមបុគ្គលដែលបានលើកតម្កើងនោះ មានគ្រូបង្វឹកម្នាក់និងកីឡាករកីឡាការិនីចំនួន ២ នាក់ពីខេត្ត តីនិញ។
នេះគឺជាការទទួលស្គាល់ដ៏សក្តិសមចំពោះការប្រឹងប្រែងនិងការចូលរួមឥតឈប់ឈររបស់គ្រូបង្វឹក កីឡាករកីឡាការិនីក្នុងដំណើរការហ្វឹកហាត់ ប្រកួតប្រជែង ព្រមទាំងជាកម្លាំងជំរុញដើម្បីជំនាន់កីឡាករកីឡាការិនីបន្តការប្រឹងប្រែង ដណ្តើមស្នាដៃទាំងឡាយកាន់តែខ្ពស់ថែមទៀតនាពេលខាងមុខ៕
អត្ថបទនិងរូបថត៖ យ៉ាងផឿង
ប្រែសម្រួល៖ អៀងថាន់