នៅតាមបណ្តោយខ្សែផ្លូវចូលមកភូមិ ទូលូទៀឡ ឃុំ ពូញី (ដៀនបៀន) សម្រស់ពណ៌ក្រហមនៃទង់ជាតិបក់រវិចយ៉ាងមោទកភាពកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។ ក្រោមពន្លឺព្រះអាទិត្យរដូវស្លឹកឈើជ្រុះពណ៌លឿង យុវនារីៗ ជនជាតិ ម៉ុង ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីរួមជាមួយប្រជាជននិងភ្ញៀវទេសចរសម្របខ្លួនចូលក្នុងសកម្មភាពវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយ។ សំឡេងនិយាយ សើចជាមួយនឹងចង្វាក់ភ្លេងព្រៃភ្នំត្បាញបានជាផ្ទាំងគំនូរបុណ្យឯករាជ្យជាតិតំបន់ភ្នំដ៏គគ្រឹកគគ្រេងផង ពោរពេញទៅដោយអត្តសញ្ញាណផង។
ធ្វើដំណើរមកកាន់ ឡាងសែន (ងេអាន) ក្បួនមនុស្សបន្តគ្នាវែងអន្លាយគោរពដោយស្មោះសរឆ្ពោះមកកាន់មណ្ឌលកេរដំណែលពិសេសជាតិ គីមលៀន។ ផ្កាឈូកក្រហមទាំងឡាយដ៏ក្រអូបឈ្វេងត្រូវបានដាក់នៅលើអាសនៈដូចជាទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនដល់បិតាប្រជាជាតិ។ ឆ្នាំនេះ ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ចួនជាមួយនឹងថ្ងៃខួបលើកទី ៥៧ នៃលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ២១ ខែ កក្កដា តាមប្រតិទិនច័ន្ទគតិ) បណ្តាលឱ្យបរិយាកាសនៅទីនេះស្រស់ឆើតឆាយសម្រស់ទង់ជាតិផង ដក់ជ្រៅក្នុងក្តីរំភើប រំជួលចិត្តរំឫកដល់វិញ្ញាណក្ខន្ធផង។
ក្នុងពេលនោះ បងប្អូនជនជាតិ មឿង នៅភូមិ ហាវលី ឃុំ សាឡង់ (ក្វាងង៉ាយ) ក៏អ៊ូអរបើកទិវាបុណ្យភូមិ មឿង ដោយមានចង្វាក់គោះអង្រែអឺងកងនិងចង្វាក់ស្វែដ៏ល្វាសល្វន់ទៀត។ នៅលើតំបន់ខ្យល់ព្រៃភ្នំ ដាក់ឡាក់ ក៏ប្រព្រឹត្តឡើងសកម្មភាពវប្បធម៌ដ៏ផុសផុលជាច្រើន នាំមកក្តីត្រេកអរ ការរំភើបរីករាយដល់ប្រជាជននិងសាយភាយលក្ខណៈដ៏ល្អប្រពៃប្រពៃណី ព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
នៅដែនដី កាម៉ៅ ចុងប៉ូចបំផុត ក្តីត្រេកអរឯករាជ្យកាន់តែកក់ក្តៅថែមទៀតនៅពេលទង់ជាតិចំនួន ៥០០ ត្រូវបានប្រគល់ជូនផ្ទាល់ដៃដោយមហោឡារិក ដល់គ្រឹះស្ថានសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍បងប្អូនជនជាតិភាគតិចដូចជាពាក្យស្បថសន្យាមួយ រួមដៃគ្នាថែរក្សាដែនដីសុខសាន្ត។
នៅកណ្តាលចង្វាក់ជីវិតផ្លាស់ប្តូរថ្មីសព្វថ្ងៃនេះ ស្នាមញញឹមដ៏ស្រស់ប្រិមប្រិយរបស់បងប្អូនជនជាតិគ្រប់ទីកន្លែងវេញត្របាញ់បញ្ចូលជាមួយសម្រស់ទង់ជាតិ ពណ៌ក្រហមផ្កាយលឿងដ៏គួរឱ្យមោទកភាពគឺជាសក្ខីភាពដ៏រស់រវើក សាមញ្ញបំផុតតែម្តងសម្រាប់ប្រទេស វៀតណាម មួយប្រកបដោយសន្តិភាព កក់ក្តៅសម្បូរស្តុកស្តម្ភហើយតែងតែបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត៕
អត្ថបទ៖ ជីកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ