លាតសន្ធឹងលើផ្ទៃដីប្រហែល ៥ ហិកតា ផែនថ្មរាប់ម៉ឺនដោយមាន គ្រប់ទំហំ រូបសណ្ឋាន ពណ៌សម្បុរ ត្រូវបានកកើតឡើងឆ្លងតាមរយៈ ដំណើរការរងរបិចអូសបន្លាយរាប់លានឆ្នាំរៀបតម្រួតលើគ្នា បែបធម្មជាតិ បែរមុខឆ្ពោះទៅទិសសមុទ្រខាងកើតខៀវស្រងាត់ បង្កើតបានជាផ្ទាំង គំនូរធម្មជាតិមួយដ៏មហាសាលផង គួរជាទីមនោរម្យផង។
សួនថ្មត្រូវបានប្រៀបប្រដូចជា "កម្រងសមុច្ច័យថ្ម" ដ៏វិសេសអស្ចារ្យ ដោយសារស្នាដៃដ៏ប៉ិនប្រសប់នៃធម្មជាតិបង្កើតរៀបចំឡើង រំញោច ប្រតិដ្ឋញ្ញាណដ៏សម្បូរបែបនៃអ្នកណាម្នាក់ឈានជើងដល់ក៏ដោយ។


ភ្ញៀវទេសចរអាចភ្ញាក់ផ្អើលពេលប្រទះឃើញផែនថ្មផ្គូគ្នាដូចជាគូស្នេហ៍ រាងរៅរស់រវើកនាំឱ្យនឹកឃើញដល់សត្វដូចជាបក្សាបក្សី ដំរី ឬរហូតដល់ ដាយណូស័រ រួមជាមួយស្លាកស្នាមចម្លែកៗ ជាច្រើនផ្សេងៗ ទៀតដូចជា ជើងយក្ស ប៉ាន់តែ កៅអីសម្រាប់អង្គុយ។ល។
ឈរលើផ្ទាំងថ្មធំៗ ស្តាប់សំឡេងរលកបោកបាចរណ្ដំនៅ ពីក្រោមជើង ពាំនាំមកនូវអារម្មណ៍សេរីភាពធូរស្រាលនិងសម្របខ្លួនយ៉ាងពេញលេញចូលទៅក្នុងធម្មជាតិដើម។ បោះក្រខ្សែភ្នែកក្រឡេកមើល ទៅឆ្ងាយ ភ្ញៀវ ទេសចរអាចគយគន់ទិដ្ឋភាពលម្ហសមុទ្រទាំងមូលដោយមាន ទូកនេសាទ ត្រីបើកកាត់រលកយឺតៗ លើផ្ទៃទឹក។


ឋបនីយជីវមណ្ឌលពិភពលោក នូយជួ មានផ្ទៃដីសរុបជាង ១០៦.៦៤៦ ហិកតា ក្នុងនោះតំបន់ស្នូលមានទំហំ ១៥.៧៥២ ហិកតា ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ឧទ្យានជាតិ នូយជួ។ យោងតាមអ្នកវិទ្យាសាស្ត្រ នៅកន្លែង នេះត្រូវបានចាត់ទុកថាជាគំរូស្តង់ដារតែមួយគត់អំពីប្រព័ន្ធអេកូឡូស៊ី ព្រៃរាំងរឹះពិសេសដាច់ដោយឡែក ហើយដ៏វិសេសអស្ចារ្យរបស់ វៀតណាម និង អាស៊ីអាគ្នេយ៍។
ប្រព័ន្ធអេកូឡូស៊ីតំបន់នេះមាន តម្លៃដ៏ពិសេសពីព្រោះ ចំណុះតំបន់អេកូឡូស៊ី ទ្រឿងសឺន (Greater Annamites - ចំណុះតំបន់ SA4) ជាតំបន់អេកូឡូស៊ីដ៏សំខាន់មួយក្នុងចំណោម ២០០ តំបន់អេកូឡូស៊ី ដ៏សំខាន់សកលលោកហើយត្រូវបានជ្រើសរើសជា តំបន់អាទិភាពអភិរក្ស ខ្ពស់បំផុតមួយក្នុងចំណោមតំបន់អាទិភាពអភិរក្សដ៏ខ្ពស់បំផុត នៃបណ្តា ប្រព័ន្ធជីវបរិស្ថានសំខាន់ទាំងអស់នៅលើផែនដី៕
lអត្ថបទ និងរូបថត៖ ង្វៀន ថាញ់
ប្រែសម្រួល៖ សឺន ហេង