នៅពីមុខខ្លោងទ្វារគេហដ្ឋានថ្មីរបស់គ្រួសារបង ហ្វាង វ៉ាន់ថឿង (ជនជាតិ តៃ) ផើងផ្កាក្រដាសពណ៌ក្រហមឆ្អៅទាំងពីរប្រជែងគ្នាបង្អួតសម្រស់នៅក្បែរទ្រើងឃ្លោក ល្ពៅខៀវអន្លង។ តែប៉ុន្មានខែមុនប៉ុននោះ គ្រួសារបងត្រូវរស់នៅក្នុងគេហដ្ឋានទ្រុឌទ្រោមនៅអតីតភូមិ ប៊ូនុង។ ឥឡូវនេះ ក្នុងគេហដ្ឋានថ្មីដ៏មាំទាំ បង ថឿង ចែករំលែកដោយសោមនស្សរីករាយ៖ "បានយោធភូមិភាគ ៧ និងអាជ្ញាធរមូលដ្ឋានឧបត្ថម្ភគេហដ្ឋានថ្មី គ្រួសារលែងនៅព្រួយបារម្ភលេចទឹក ភ្លៀង ខ្យល់ផាត់ទៀតហើយ។ មានគេហដ្ឋានស្ថិរភាព គ្រួសារផ្តោតលើការងារ រកស៊ី អភិវឌ្ឍសេដ្ឋកិច្ច"។
មិនមែនដោយឡែកតែគ្រួសារបង ថឿង ទេ ប្រជាជនរាប់សិបក្រុមគ្រួសារផ្សេងទៀតក្នុងភូមិឋានថ្មីនេះក៏កំពុងរីករាយត្រេកអរនឹងទីលំនៅស្ថិរភាពដូចគ្នាដែរ។ ក្រោយរយៈពេលជាច្រើនឆ្នាំរស់នៅខ្វះដីលំនៅឋានជាច្រើនជំនាន់ត្រូវរស់នៅប្រជ្រៀតគ្នានៅក្រោមដំបូលផ្ទះធ្លុះធ្លាយទ្រុឌទ្រោមតែមួយ ឥឡូវនេះមាមីងបងប្អូនមានលម្ហរស់នៅធំទូលាយស្អាតបាតហើយ។
លោក ដៀវទ្រី ប្រធានភូមិ ប៊ូនុង រំភើបចិត្តឱ្យដឹងថា៖ "ប្រជាជនរំភើបរីករាយយ៉ាងខ្លាំង នៅពេលបានផ្លាស់មកកាន់ទីនេះ។ នេះគឺជាការយកចិត្តទុកដាក់ដ៏ធំធេងរបស់បក្ស រដ្ឋ និងយោធភូមិភាគ ៧ ចំពោះបងប្អូនជនជាតិ"។
ក្តីសុភមង្គលនោះត្រូវបានអុជបំភ្លឺពីចំណុចប្រជានិវេសន៍នៅជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ បានសម្ពោធឆ្លងពីចុងខែ មេសា ឆ្នាំ ២០២៦ ដោយមានថវិកាសរុបជាង ១២,៥ ពាន់លានដុង។ គម្រោងរួមមានគេហដ្ឋានមាំទាំចំនួន ៦០ ខ្នង គេហដ្ឋាននីមួយៗ មានផ្ទៃក្រឡាជិត ៤៧ ម៉ែត្រការ៉េ - ផាសុកភាពមូលដ្ឋានគ្រប់គ្រាន់។ មិនត្រឹមតែជូន គេហដ្ឋាន យោធភូមិភាគ ៧ ក៏បានប្រគល់របស់របរប្រើប្រាស់ចាំបាច់ជាច្រើនជូនក្រុមគ្រួសារនីមួយៗ និងគោពូជមួយក្បាលដើម្បីអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត។
ក្វាងទ្រឹក មានខ្សែបន្ទាត់ព្រំដែនប្រវែងជាង ៤១ គីឡូម៉ែត្រជាប់នឹងខេត្ត មណ្ឌលគិរី (ព្រះរាជាណាចក្រ កម្ពុជា) ប្រជាជនជិត ៣.២០០ ក្រុមគ្រួសារដោយមានមនុស្សជាង ១១.៣០០ នាក់ ក្នុងនោះជនជាតិភាគតិចមានជាង ៤៥%។
ការផ្លាស់ប្តូរនៅជាយដែនមិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនប៉ុននោះទេ ថែមទាំងជាសក្ខីភាពសម្រាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនយ៉ាងជ្រាលជ្រៅ រួមចំណែកកសាងតំបន់ព្រំដែនកាន់តែរីកចម្រើនស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ង្វៀន ហ៊ុយថាញ់
បញ្ចូលទិន្នន័យ៖ ចន្ថា