ពីកូនសិស្សតូចម្នាក់ ង្វៀន បានឈោងឈានឡើងសង្វៀនអន្តរជាតិ ដោយដណ្តើមបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក គុន ខ្មែរ ពិភពលោក ឆ្នាំ ២០២៦ នៅប្រទេស កម្ពុជា ព្រមទាំងទទួលបានគ្រឿងឥស្សរិយយសការងារលេខ ១។
ចាប់ផ្តើមពីកូនសិស្សក្បាច់គុនមិនមែនអាជីពកាលថ្នាក់ទី ១០ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានពុះពារដណ្តើមបានមេដាយមាសក្នុងការប្រកួតជើងឯកគុន ខ្មែរ ពិភពលោក ឆ្នាំ ២០២៦ និងគ្រឿងឥស្សរិយយសការងារលេខ ១។
ហ្វឹកហាត់លត់ដំយ៉ាងសកម្ម ខំហាត់សម្រកទម្ងន់សម្រាប់ការប្រកួត ង្វៀន ក៏បានខិតខំប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ហើយបានប្រឡងជាប់ផ្នែកគរុកោសល្យហាត់ប្រាណកីឡាផងដែរ។ ង្វៀន បានចែករំលែកថា៖ “ដោយសារមានការលើកទឹកចិត្តពីលោកគ្រូៗ និងគ្រួសារ ខ្ញុំបានព្យាយាមរៀបចំពេលវេលា ដើម្បីបំពេញការសិក្សា និងការហ្វឹកហាត់ឲ្យបានល្អ តាមរយៈនោះ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រកួតបន្ថែមទៀត”។
ដោយមានការគាំទ្រពីគណៈគ្រូបង្វឹក និងមិត្តរួមក្រុម ង្វៀន បានប្រឹងប្រែងកែសម្រួលចំណុចខ្វះខាតលើស្នៀតជង្គង់ បង្កើនលទ្ធភាពទ្រាំនឹងការវាយ និងបត់បែនក្នុងការប្រកួត។ កីឡាករ ត្រឹន ទន់អាញ់ ក្រុមជម្រើស Boxing និង Kick Boxing ទីក្រុង ដុងណាយ បានឱ្យដឹងថា៖ “ង្វៀន ពិតជាបានប្រឹងប្រែង ព្យាយាម និងតែងតែម៉ឺងម៉ាត់ ខំរៀនសូត្រស្វែងយល់ ទទួលយកការរិះគន់ដើម្បីស្ថាបនារបស់លោកគ្រូៗ និងមិត្តរួមក្រុម ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
វាយតម្លៃកូនសិស្សរបស់ខ្លួន គ្រូបង្វឹក ដៀវ វ៉ាន់សាង ប្រធានផ្នែក Boxing និង Kick Boxing ទីក្រុង ដុងណាយ បានអះអាងថា៖ “ក្នុងការប្រកួត ជំនួសឱ្យការប្រឈមមុខដោយប្រើកម្លាំងពលំ ង្វៀន ចេះប្រើបច្ចេកទេស ដើម្បីដោះស្រាយ និងទប់ទល់ការវាយរបស់គូប្រកួត។ អាស្រ័យហេតុនេះ ទោះបីជាកម្លាំងកាយនៅមានកម្រិត ប៉ុន្តែ ង្វៀន បានប្រកួតយ៉ាងមានប្រសិទ្ធភាព និងទទួលបានជ័យជម្នះក្នុងការប្រកួតផ្តាច់ព្រ័ត្រជើងឯកគុន ខ្មែរ ពិភពលោក ឆ្នាំ ២០២៦ ដោយនាំយកមេដាយមាសជូនក្រុមជម្រើស វៀតណាម”។
សមិទ្ធផលនេះបានកត់សម្គាល់នូវរបត់ប្រវត្តិសាស្ត្រជាលើកដំបូងដែលក្រុមជម្រើសជាតិគុន ខ្មែរ នៅ វៀតណាម ទទួលបានជើងឯកពិភពលោកលើវិញ្ញាសានេះ។ បច្ចុប្បន្ន ង្វៀន បានដាក់គោលដៅក្លាយជាគ្រូបង្ហាត់បង្រៀនអប់រំកាយ ដើម្បីបន្តផ្ទេរចំណង់ចំណូលចិត្ត បទពិសោធដល់ក្មេងៗ ជំនាន់ក្រោយ៕
អត្ថបទ និងរូបថត៖ លេស៊ន់
ប្រែសម្រួល៖ ចន្ថា