នៅភូមិ ៧ ឃុំ ឡុកហ៊ឹង ទីក្រុង ដុងណាយ លោក ឡឹម ហ៊ុងវ៉ូន បានរួមជាមួយគ្រួសារបរិច្ចាគដីធ្វើផ្លូវ ចលនាប្រជាជនជាច្រើនក្រុមគ្រួសាររួមដៃគ្នាកសាងជនបទថ្មី។ ចំពោះរូបលោក បើចង់ឱ្យបងប្អូនមាមីងយល់ស្របចិត្តគំនិតគ្នា អ្នកចលនាត្រូវតែធ្វើជាមុនសិន ពន្យល់ឱ្យច្បាស់ពីផលប្រយោជន៍ និងស្ដាប់ពីកង្វល់របស់គ្រួសារនីមួយៗ។
អ្នកយកព័ត៌មាននៃកាសែត ព័ត៌មាន និងជនជាតិ បានផ្លាស់ប្តូរមតិជាមួយលោក ឡឹម ហ៊ុងវ៉ូន ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ អំពីបទពិសោធប្រជាចលនាផ្តើមពីសកម្មភាពជាក់ស្តែង និងបំណងប្រាថ្នារបស់មាមីងបងប្អូនចំពោះគោលនយោបាយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ថែរក្សាអត្តសញ្ញាណវប្បធម៌។
ជម្រាបសួរលោក បន្ទាប់ពីទីក្រុង ដុងណាយ ថ្មីត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការរួមបញ្ចូលគ្នា តើលោក និងបងប្អូនជនជាតិ ខ្មែរ ក្នុងមូលដ្ឋានមានការរំពឹងយ៉ាងណាខ្លះ?
អ្វីដែលមាមីងបងប្អូនទទួលបានអារម្មណ៍ច្បាស់បំផុតគឺការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស អាជ្ញាធរ។ យើងខ្ញុំសង្ឃឹមថាទីក្រុងថ្មីនឹងបង្កើតឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព។ មនុស្សគ្រប់គ្នារំពឹងថាគោលនយោបាយនឹងបន្តអនុវត្តយ៉ាងជាប់លាប់។ ការយកចិត្តទុកដាក់គប្បីត្រូវបង្ហាញតាមរយៈប្រព័ន្ធផ្លូវគមនាគមន៍ ដើមទុន និងបច្ចេកទេសផលិតកម្ម។
តើលោកបានធ្វើអ្វីខ្លះដើម្បីចលនាបងប្អូនជនជាតិឱ្យគោរពតាមច្បាប់ រួមចំណែកកសាងជនបទថ្មី និងគិតគូរជីវភាពសហគមន៍?
បើចង់ចលនា សាមីខ្លួនខ្ញុំផ្ទាល់ និងគ្រួសារត្រូវតែធ្វើជាមុនសិន។ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីទំហំ ៥០០ ម៉ែត្រការ៉េ ដើម្បីពង្រីកផ្លូវជនបទ។ ខ្ញុំតែងតែជ្រើសរបៀបនិយាយស្តីយ៉ាងស្និទ្ធស្នាល ផ្សារភ្ជាប់គោលការណ៍នឹងផលប្រយោជន៍។ ការងារតូចតាចត្រូវបានដោះស្រាយនឹងបង្កើតទំនុកចិត្តដើម្បីសម្រេចបានការងារធំៗ។
តាមគំនិតរបស់លោក តើទីក្រុង ដុងណាយ គួរផ្តល់អាទិភាពលើដំណោះស្រាយណាខ្លះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងថែរក្សាអត្តសញ្ញាណវប្បធម៌ ខ្មែរ?
ទីក្រុងចាំបាច់ត្រូវពង្រីកទូលាយគំរូជួយឧបត្ថម្ភផលិតកម្មឱ្យបានសមស្រប។ ទន្ទឹមនឹងនោះ ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវតែផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់សហគ្រាស។ ខ្ញុំមានបំណងប្រាថ្នាពិសេសសង្ឃឹមថាទីក្រុងនឹងយកចិត្តទុកដាក់លើការបង្ហាត់បង្រៀន និងការរៀនភាសា ខ្មែរ។ វប្បធម៌គឺជាឫសគល់ដើម្បីឱ្យមាមីងបងប្អូនថែរក្សាអត្តសញ្ញាណជនជាតិ។
សូមគោរពថ្លែងអំណរគុណលោក!
លោក ឡឹម ហ៊ុងវ៉ូន គឺជាព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ប្រធានមណ្ឌល អ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកការសាសនាគំរូម្នាក់ក្នុងចំណោម ១០០ នាក់ដែលត្រូវបានលើកសរសើរក្នុងកម្មវិធីជួបជុំតំណាងតំបន់ជនជាតិភាគតិច ណាមបូ (ភូមិភាគខាងត្បូង) ឆ្នាំ ២០២៦។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅទីក្រុង កឹនធើ កាលពីថ្ងៃទី ១៨ ខែ មេសា កន្លង៕
ផលិត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ ចន្ថា