នៅថ្ងៃនេះ ចាប់ផ្តើមពីព្រឹកព្រលឹម ពុទ្ធបរិស័ទ ខ្មែរ យកចង្ហាន់ ភេសជ្ជៈ និងទេយ្យវត្ថុទៅវត្តប្រគេនព្រះសង្ឃសូត្រមន្ត ឧទ្ទិសកុសលផលបុណ្យ។ ក្នុងពេលជាមួយនេះ ពុទ្ធបរិស័ទរាប់បាត្រ និមន្តព្រះសង្ឃបង្សុកូលនៅតាមចេតិយនានាក្នុងទីអារាម និងនៅតាមភូមិ។
លោក ថាច់ យឿង ពុទ្ធបរិស័ទម្នាក់នៃវត្តហ្លួងបាសាក់បាយឆៅ (សង្កាត់ មីស្វៀន ទីក្រុង កឹនធើ) បានឲ្យដឹងថា ថ្ងៃទី ៣ ជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ពុទ្ធបរិស័ទអប់ទឹកអប់ផ្កាដើម្បីស្រង់ព្រះពុទ្ធបដិមានៅវត្ត។ បន្ទាប់មក អញ្ជើញត្រឡប់ទៅផ្ទះវិញដើម្បីធ្វើពិធីងូតទឹកជីដូនជីតា ឪពុកម្តាយ ប្តូរសម្លៀកបំពាក់ថ្មីជូនអ្នកមានគុណចាត់ទុក ជា "ព្រះរស់" នៅផ្ទះ។
ពិធីនេះបង្ហាញពីស្មារតីនៃការសុំខមាទោសចំពោះកំហុសឆ្គងដែលកើតមានក្នុងឆ្នាំកន្លងមក តាមរយៈកាយ វាចា និងចិត្ត ព្រមទាំងសុំពរជ័យពីជីដូនជីតា និងឪពុកម្តាយ ឲ្យកូនៗ និងចៅៗទទួលបាននូវសុខក្សេមក្សាន្ត សុភមង្គល និងសំណាងល្អ។
នៅថ្ងៃដដែល មាមីងពុទ្ធបរស័ទខ្មែរតែងតែរៀបចំល្បែងប្រជាប្រិយនៅក្នុងទីវត្តអារាម ឬនៅតាមភូមិ ដើម្បីបង្កើតបរិយាកាសរីករាយ ពង្រឹងចំណងមិត្តភាពសហគមន៍ និងរក្សាទុកនូវអនុស្សាវរីយ៍ដ៏ល្អនៃរដូវបុណ្យចូលឆ្នាំថ្មី។
“សកម្មភាពទាំងនេះមិនត្រឹមតែនាំមកនូវអត្ថន័យជំនឿយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកការអប់រំប្រពៃណី ពូនជ្រុំតម្លៃមនុស្សសាស្រ្តក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម” លោក ថាច់ យឿង ចែករំលែក។
ថ្ងៃឡើងស័កមិនត្រឹមតែបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រាលជ្រៅមនោវិញ្ញាណ ដំបូន្មានការដឹងគុណ និងស្មារតីផ្សារភ្ជាប់សហគមន៍របស់ជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម រួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ល្អជាច្រើនជំនាន់៕
ផលិតដោយ៖ សឺន ហេង