យោងតាមទស្សនទានរបស់ជនជាតិ មឿង ក្រោយពេលស្ទូងស្រូវរួច ប្រជាជនរៀបចំនេសាទត្រីរួមគ្នានៅតាមកំណាត់ជ្រោះជ្រៅ ខ្វាងលើ ខ្វាងត្ល ដើម្បីសុំភ្លៀងខ្យល់អំណោយផល រដូវកាលល្អស្រស់បំព្រង ជីវភាពកក់ក្តៅសម្បូរស្តុកស្តម្ភ។
ថែមទាំងត្រូវបានហៅថា "ពិធីច្រត់នង្គ័លដកស្មៅស្រូវ" ពិធីបុណ្យបង្ហាញការរំឭកគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសទាំងឡាយមានគុណបំណាចកាប់ឆ្ការតំបន់ដី ទប់ទំនប់ បង្ហូតទឹក និងចែករំលែកបង្ហាត់បង្រៀនបច្ចេកទេសផលិតកម្ម។ ត្រីចាប់បានធំៗ បំផុតនឹងថ្វាយបូជា ថាញ់ហ្វាង (ទេវតាព្រះភូមិ) នៅអាស្រមបូជា។
ចំណុចលេចធ្លោនៃពិធីបុណ្យគឺសកម្មភាពនេសាទត្រីរួមគ្នា។ មនុស្សរាប់រយនាក់កាន់ថ្នង មង អង្រុត សំណាញ់ចុះទៅជ្រោះចាប់ត្រីជាមួយគ្នាក្នុងសំឡេងហ៊ោកញ្ជ្រៀវអឺងកង។ បរិយាកាសកាន់តែពុះកញ្ជ្រោលថែមទៀតដោយមានបណ្តាកម្មពិធីប្រកួតប្រជែងចែវក្បូន បង់សំណាញ់ បាញ់ស្នា ទាញព្រ័ត្រ ហែលទឹកជាដើម។ ក្រៅពីនោះ កម្មពិធីប្រគំគងឃ្មោះ មឿង ចំនួន ២០០ គ្រឿងលាន់រំពងកណ្តាលព្រៃភ្នំបានបង្ហាញបរិយាកាសវប្បធម៌ដ៏ពិសេសវិសាលរបស់ជនជាតិ មឿង តំបន់ដែនដីបុព្វបុរសឡើងវិញ។
អញ្ជើញមកកាន់ពិធីបុណ្យ ភ្ញៀវទេសចរបានសម្របខ្លួនចូលបណ្តាទស្សនីយភាពច្រៀង ផ្តោះផ្តងស្នេហាដោយឥតព្រាងទុក ប្រកួតត្បាញបន្ទោះ កែច្នៃម្ហូបអាហារជនជាតិ ។ល។ នៃ ២២ ភូមិ ដោយមានផលិតផលពិសេសដោយឡែកទាំងឡាយដូចជាទំពាំងព្រៃ ស្រាអេក ត្រីជ្រោះជាដើម។
មុនថ្ងៃបើកពិធីបុណ្យ មូលដ្ឋានបានរៀបចំលែងត្រីនៅមណ្ឌល ខ្វាងលើ ក្នុងគោលបំណងបង្កើតប្រភពជលផលធម្មជាតិ រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងក្នុងការការពារ បរិស្ថានអេកូឡូស៊ីក្នុងសហគមន៍។
លោក ង្វៀន វូហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ទ្វាន់ថាំង សង្កត់ធ្ងន់ថា ពិធីបុណ្យ មិនត្រឹមតែអប់រំយុវជនជំនាន់ក្រោយមានស្មារតីយល់ដឹងថែរក្សាអត្តសញ្ញាណជនជាតិ លើក កម្ពស់សាមគ្គីភាពប៉ុននោះទេ ថែមទាំងការពារធនធានធម្មជាតិទៀតផង។ ឃុំកំពុងបំពេញឱ្យហើយសំណុំឯកសារ ស្នើរឱ្យដាក់បញ្ចូលពិធីបុណ្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕
អត្ថបទនិងរូបថត៖ ថាញ់ហាយ
បញ្ចូលទិន្នន័យ៖ ចន្ថា