យោងតាមរបាយការណ៍ពីក្រុមស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ក្នុងថ្ងៃទី ១៦ ខែ សីហា កងកម្លាំងបានបន្តការងារស្វែងរក ប្រមូលផ្តុំនៅទីតាំងទីមួយនៅក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង។ វិសាលភាពជីកកំណាយរកត្រូវបានបន្តពង្រីកទូលាយបន្ថែមទៀតដើម្បីពិនិត្យមើលតំបន់ដែលមានសញ្ញាពាក់ព័ន្ធ ដោយធានាថាដំណើរការអនុវត្តភារកិច្ចត្រូវបានចាត់ការជាបន្តបន្ទាប់ ដោយប្រុងប្រយ័ត្ន។
លទ្ធផលក្នុងថ្ងៃទី ១៦ ខែ សីហា កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២៤ គ្រោងអដ្ឋិធាតុនិងមតកវត្ថុចំនួន ១៥ នៅក្នុងមណ្ឌល A។ ទីតាំងរកឃើញរួមជាមួយនឹងព័ត៌មានពាក់ព័ន្ធដល់អដ្ឋិធាតុ មតកវត្ថុត្រូវបានកងកម្លាំងបំពេញភារកិច្ចកត់សម្គាល់ ធ្វើសំយោគក្នុងដំណើរអនុវត្តការងារស្វែងរក។
មុននោះ ក្នុងថ្ងៃទី ១៥ ខែ សីហា កងកម្លាំងបំពេញភារកិច្ចបានឈូសឆាយដីជាង ៣០០ ម៉ែត្រគុប ពង្រីកវិសាលភាពស្វែងរកទាំងនៅក្នុងមណ្ឌល A និងមណ្ឌល B។ លទ្ធផល អដ្ឋិធាតុយុទ្ធជនពលីចំនួន ៦ គ្រោងអដ្ឋិធាតុត្រូវបានរកឃើញ ប្រមូលផ្តុំនៅក្នុងមណ្ឌល B ក្នុងចំណោមនោះមានមួយគ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។ ការប្រទះឃើញចំនួន ២៤ គ្រោងបន្ថែមទៀតនៅក្នុងមណ្ឌល A នៅថ្ងៃបន្ទាប់បង្ហាញឱ្យឃើញថាវិសាលភាពស្វែងរកនៅតែកំពុងត្រូវបានអនុវត្តនៅទីតាំងជាច្រើនទៀតក្នុងឧទ្យាន។
ស្ថិតិសរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ១៦ ខែ សីហា កងកម្លាំងបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ៣៥១ គ្រោង។ ក្នុងចំណោមនោះ មានអដ្ឋិធាតុចំនួន ៣១៨ គ្រោងត្រូវបានរកឃើញនៅទីតាំងដាច់ដោយឡែកនិងអដ្ឋិធាតុចំនួន ៣៣ គ្រោងនៅ ៨ ទីតាំងផ្នូររួម។
ជាលម្អិត មណ្ឌល A បានកត់សម្គាល់ ២ ទីតាំងផ្នូររួម ខណៈពេលមណ្ឌល B មាន ៦ ទីតាំង។ សរុបមកក្នុងចំណោម ៣៥១ គ្រោងអដ្ឋិធាតុដែលបានរកឃើញមានចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាមជាមួយ។
ការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីក្នុងឧទ្យាន លេ ធីរៀង នៅតែបន្តអនុវត្តក្នុងមណ្ឌល A និង B។ លើសពីនេះ អង្គភាពក៏បានរក្សាកងកម្លាំង គ្រឿងយន្ត និងមធ្យោបាយដឹកជញ្ជូនជាប្រចាំ ព្រមទាំងពង្រីកវិសាលភាពជីកកំណាយរកដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិនៅកន្លែងជាក់ស្តែង។ លទ្ធផលថ្មីនឹងបន្តធ្វើបច្ចុប្បន្នភាពក្នុងអំឡុងពេលបំពេញភារកិច្ច៕
ព័ត៌មាននិងរូបថត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ អៀងថាន់