សង្កាត់ ជើលើន ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់សហគមន៍ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ។ បច្ចុប្បន្នទីនេះមានចំនួន ៣៨ គ្រឹះស្ថានសាសនា ជំនឿដោយមានចំនួន ១១ សាលសមាគម ក្នុងនោះមានចំនួន ៧ សាលសមាគមត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌លំដាប់ជាតិ។
ស្ថាបត្យកម្មនៃសាលសមាគមទាំងឡាយតែងតែដិតដោយស្លាកស្នាមវប្បធម៌ប្រពៃណីរបស់ជនជាតិ ចិន ជានិច្ចដោយមានដំបូលក្បឿងញីឈ្មោលច្រើនជាន់ ចុងដាវ (ជហ្វា) ទាំងពីរងស្ទើតរាងដូចក្បាលទូកខែងរ៉ែង បរមបុរាណផង សមរម្យផង។ ខាងលើដំបូល និងផ្ទាំងរូបចម្លាក់លៀនត្រូវបានតុបតែងរូបភាពសិង្ហ នាគ អណ្ដើក ហង្ស ទេវកុមារ ទេពកញ្ញាយ៉ាងក្រាស់ក្រែល រួមជាមួយនឹងនិទានកថាប្រជាប្រិយ រឿងព្រេងប្រវត្តិសាស្ត្រជាច្រើនត្រូវបាន ដាប់ឆ្លាក់ចម្លាក់អណែ្ដត និងបញ្ចុះកុលាលភាជន៍អំបែងយ៉ាងហ្មត់ចត់។
តាំងពីក្លោងទ្វារចូលតែម្តង សាលសមាគមស្ទើរតែទាំងអស់សុទ្ធតែមានសត្វសិង្ហថ្មមួយគូត្រូវបានដាប់ឆ្លាក់យ៉ាងរស់រវើក ខែងរ៉ែង។ នៅខាងក្នុងបរិវេណជាផើងប៊នសាយ ភ្នំថ្មសិប្បនិម្មិត អាងត្រីហុងស៊ុយត្រូវបានថែទាំយ៉ាងប្រយ័ត្នប្រយែង បង្កើតបានជាលម្ហដ៏បរិសុទ្ធ ផ្ដាច់ចេញពីចង្វាក់ជីវភាពរស់នៅយ៉ាងផុលផុសនៃទីក្រុងសម័យទំនើប។
លោកស្រី ង៉ូ លេចូវ អនុប្រធានគណៈកម្មការសាលសមាគម អូនឡាំង ឱ្យដឹងថា៖ ជើលើន តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិ ចិន នៅ ទីក្រុង ហូ ជីមិញ។
នៅទីនេះមានសាលសមាគមគំរូៗ ជាច្រើនដូចជា អូនឡាំង ត្វេថាញ់ ងៀអាន ញីភូ ជាដើម។ រៀងរាល់ឆ្នាំ សាលសមាគមទាំងឡាយសុទ្ធតែរៀបចំសកម្មភាពវប្បធម៌ ជំនឿ រួមចំណែកពង្រឹងបន្ថែមការផ្សារភ្ជាប់សហគមន៍ អភិរក្សបេតិកភណ្ឌវប្បធម៌ និងបង្កើត ផលិតផលទេសចរណ៍ពិសេសដោយឡែកសម្រាប់តំបន់ ជើលើន និងទីក្រុង ហូ ជីមិញ៕
អត្ថបទនិងរូបថត៖ អានហៀវ
បញ្ចូលទិន្នន័យ៖ ចន្ថា