តំណាងឲ្យក្រុមការងារទី ១ លោក ង្វៀន វ៉ាន់ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ អញ្ជើញប្រគេនពរព្រះសង្ឃ ជូនពរពុទ្ធបរិស័ទ និងបណ្តាគ្រួសារបងប្អូនជនជាតិ ខ្មែរ ឱ្យមានព្រះកាយសុខភាពល្អបរិបូរ រៀបចំបុណ្យសែនដូនតាយ៉ាងរីករាយ កក់ក្តៅ និងមានអត្ថន័យ។
លោក ង្វៀន វ៉ាន់ខើយ ក៏បានសម្តែងគោលបំណងចង់ឲ្យសមណសក្តិសាសនាបន្តចលនាមាមីងបងប្អូនពុទ្ធបរិស័ទចូលរួមគាំទ្រ អនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមគ្នាកសាងស្រុកកំណើត ប្រទេសជាតិឱ្យកាន់តែរុងរឿង ស៊ីវិល័យ ទំនើប។ល។
ព្រះតេជព្រះគុណ លីហុង អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា វៀតណាម ទីក្រុង កឹនធើ និងជាព្រះចៅអធិការវត្ត ពិទូឃោសរង្សី បាននិមន្តសម្តែងថា៖ កឹនធើ មានបងប្អូនជនជាតិ ខ្មែរ រស់នៅយ៉ាងកុះករ ក្នុងនោះតំបន់ សុកត្រាំង (ពីមុន) មានអត្រាក្រុមគ្រួសារក្រីក្រ និងជិតបន្ទាត់នៃភាពក្រីក្រនៅខ្ពស់នៅឡើយ។ មូលដ្ឋានបានអនុវត្តកម្មវិធី និងគម្រោងគោលដៅជាតិជាច្រើន ដើម្បីគិតគូររាល់គោលនយោបាយជូនបងប្អូនជនជាតិ។
ក្រុមការងារទី ២ ដឹកនាំដោយលោក វឿង គ្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុ ជូនអំណោយ និងអបអរសាទរមាមីងបងប្អូនជនជាតិ ខ្មែរ នៅវត្ត មុនីស្រះកែវ (ភូមិ កៀតលើយ) វត្ត បួនមុំថ្មី (ភូមិ កៀបឡឹប) វត្ត ពងទឹកចាស់ និងវត្ត ពងទឹកថ្មី (ភូមិ ទ្រុងហ្វា) នៅឃុំ ឡឹមតឹន។
តាមលោក លៀវ ទ្រិញហ៊ុយ ប្រធានការិយាល័យវប្បធម៌ - សង្គមឃុំ ឡឹមតឹន បានឱ្យដឹងថា ស្ថិតក្នុងខ្សែចង្វាក់សកម្មភាពគិតគូរជាក់ស្តែងសម្រាប់បងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំនេះ មូលដ្ឋានបានម្ចាស់ការដាក់ឲ្យដំណើរការសកម្មភាពមានអត្ថន័យជាច្រើន សំដៅនាំមកនូវរដូវបុណ្យទានដ៏កក់ក្តៅ និងសុខក្សេមក្សាន្ត។
ជាពិសេស ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតជូនមាមីងបងប្អូនអបអរសាទរបុណ្យប្រពៃណី ទីក្រុង កឹនធើ បានសម្រេចឱ្យកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល ពលករ កងកម្លាំងប្រដាប់អាវុធ និងសិស្សសាលាជាជនជាតិ ខ្មែរ បានឈប់សម្រាកបុណ្យចំនួន ៣ ថ្ងៃជាប់ៗ គ្នា ចាប់ពីថ្ងៃទី ១០ ដល់ដាច់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៦៕
ផលិតដោយ៖ ង៉ុកធៀន - ទ្រុងកៀន
ប្រែសម្រួល៖ អៀងថាន់