ពីកុមារភាពពោរពេញដោយក្តីលំបាកវេទនា
ឡ វ៉ាន់វិញ កើតឆ្នាំ ២០០២ នៅខេត្ត ដៀនបៀន ធំដឹងក្តីក្នុងគ្រួសារដែលមានជីវភាពលំបាកលំបិនជាមួយនឹងការងារស្រែចំការយ៉ាងនឿយហត់។ ដោយសារមានការលើកទឹកចិត្តពីគ្រួសារនិងចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូដែលមានចិត្តប្តូរផ្តាច់ រូបលោកបានចិញ្ចឹមក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។
ដោយសារតែមានចិត្តស្រឡាញ់មុខវិជ្ជាប្រវត្តិវិទ្យាតាំងពីថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ វិញ បានប្រឡងជាប់ផ្នែក ប្រវត្តិសាស្រ្តបក្សនៃវិទ្យាស្ថានសារព័ត៌មាន និងឃោសនាការ។ អស់រយៈពេលជាង ៤ ឆ្នាំសិក្សានៅ ហាណូយ បានជួយឲ្យនិស្សិតជនជាតិ ថៃ រូបនេះកាន់តែមានទំនុកចិត្តលើខ្លួនឯង និងធំធាត់ដឹងក្តី។ ទោះបីជាធ្លាប់មានបំណងចង់រស់នៅបន្តនៅរដ្ឋធានីក៏ដោយ ក៏ប៉ុន្តែបំណងប្រាថ្នាចង់រួមចំណែកអភិវឌ្ឍស្រុកកំណើតបានជម្រុញឱ្យ វិញ សម្រេចចិត្តត្រឡប់មកវិញ ដើម្បីចូលរួមការប្រឡងជ្រើសរើសបុគ្គលិករដ្ឋការស៊ីវិល។
មិនបានបណ្តុះបណ្តាលជំនាញគរុកោសល្យ វិញ ត្រូវប្រឈមមុខនឹងឧបសគ្គមិនតិចឡើយ ខណៈពេលរម្លឹកជំនាញគរុកោសល្យ និងច្បាប់ស្តីអំពីការអប់រំដោយខ្លួនឯង។ ថ្ងៃទទួលលទ្ធផលប្រឡងជាប់នៅក្នុងស្រុកកំណើត លោកគ្រូវ័យក្មេងរូបនេះមានក្តីរំភើបយ៉ាងក្រៃលែង។ លោកគ្រូ វិញ រៀបរាប់ប្រាប់៖ “ខ្ញុំចង់ឱ្យយុវ័យរបស់ខ្ញុំកន្លងផុតទៅតាមរបៀបមានរស្មីភ្លឺស្វាងបំផុត ការចូលរួមកម្លាំងយុវវ័យ និងភាពក្លៀវក្លាអស់ពីចិត្តពីថ្លើមរបស់ខ្ញុំសម្រាប់កិច្ចការអប់រំនៅស្រុកកំណើត។”
រហូតដល់ថ្ងៃត្រឡប់មកវិញឈរលើវេទិកាបង្ហាត់បង្រៀន
បំពេញការងារនៅវិទ្យាល័យជនជាតិបង្រៀន និងរៀនពេញមួយថ្ងៃ អនុវិទ្យាល័យ តាភីន លោកគ្រូ ឡ វ៉ាន់វិញ បានបង្រៀនផ្ទាល់លើមុខវិជ្ជាពីរគឺ ប្រវត្តិវិទ្យា និងភូមិវិទ្យា។ ភាពស្ទាក់ស្ទើរដំបូងបានបាត់បន្តិចម្តងៗ តាមរយៈការខិតខំប្រឹងប្រែងបែងចែកពេលវេលា និងការគ្រប់គ្រងថ្នាក់រៀន។ លោកគ្រូតែងតែខិតខំស្វែងរកវិធានការជួយសិស្សសាលានៅតំបន់ភ្នំជម្នះចិត្តអៀនប្រៀន និងលើកកម្ពស់ស្មារតីរៀនសូត្រ។
ដើម្បីបង្កើតចំណង់ចំណូលចិត្តរៀនសូត្រដល់សិស្សសាលា លោកគ្រូ វិញ ប្តូរវិធីសាស្ត្របង្រៀនថ្មីដោយប្រើល្បែងសិក្សា។ អត្ថបទបង្រៀនត្រូវបានរួមបញ្ចូលគ្នាយ៉ាងរស់រវើកជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្ត្រក្នុងមូលដ្ឋាន។ លោកគ្រូមានទស្សនៈថា ការបង្រៀនប្រវត្តិវិទ្យាមិនមែនគ្រាន់តែដើម្បីចងចាំព្រឹត្តិការណ៍ប៉ុននោះទេ ថែមទាំងជួយឱ្យប្អូនៗ សិស្សយល់ដឹង និងគោរពដឹងគុណដល់ប្រភពដើមទៀតផង។
នៅលើដំណើរបណ្តុះពន្លកពុទ្ធិ លោកគ្រូ វិញ តែងតែចងចាំនូវបណ្ដាំរបស់លោកប្រធាន ហូ ជីមិញ ដើម្បីផ្ទេរបន្តភ្នក់ភ្លើងស្នេហាជាតិជូនដល់ប្អូនៗ សិស្សជំនាន់ក្រោយៗ ទៀត។ ការត្រឡប់មកស្រុកកំណើតដើម្បីឈរលើវេទិកាបង្រៀនគឺជាជំហានជាក់ស្តែងក្នុងការអនុវត្ត គោលនយោបាយអាទិភាពអភិវឌ្ឍន៍វិស័យអប់រំនៅតំបន់ភ្នំរបស់រដ្ឋ៕
អត្ថបទនិងរូបថត៖ ហ្វាងបាំង
ប្រែសម្រួល៖ អៀងថាន់