នៅខាងក្នុងផ្ទះ "មហាសាមគ្គី" នៅក្រអូបក្លិនទឹកថ្នាំលាបថ្មីនៅឡើយ បងស្រី ធី ង៉ុកម៉ាយ នៅឃុំ ភូលើយ ស្រុក យ៉ាងថាញ់ ចែករំលែកដោយក្តីរីករាយថា៖ "កាលពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះប្រក់ស្លឹកត្រូវបាក់ទ្រុឌទ្រោម ត្រូវស្ថិតក្នុងស្ថានភាពភ្លៀងជះខ្យល់បក់បោកជារឿយៗ។ បានរដ្ឋឧបត្ថម្ភ ៥០ លានដុង និងប្រាក់សន្សំសំចៃ ខ្ចីបុលរបស់សាច់ញាតិ គ្រួសារសង់បានផ្ទះថ្មីតម្លៃជាង ៧០ លានដុង។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ហើយស្ងប់ចិត្តពលកម្មដើម្បីគិតគូរអោយកូនទាំងពីរសិក្សារៀនសូត្រ"។

គ្រួសាររបស់លោកស្រី ធីជឿល នៅភូមិ តាតែង ឃុំ ភូលើយ ស្រុក យ៉ាងថាញ់ ធ្លាប់លំបាកលំបិនខ្លាំង គ្មានការងារធ្វើទៀងទាត់និងត្រូវរស់នៅក្នុងផ្ទះប្រក់ស្លឹកទទ្រេតទទ្រោត។ បានអាជ្ញាធរមូលដ្ឋានឧបត្ថម្ភផ្ទះ "មហាសាមគ្គី" បានធនាគារគោលនយោបាយសង្គមអោយកម្ចីប្រាក់អនុគ្រោះចំនួន ១០០ លានដុងដើម្បីអភិវឌ្ឍន៍ផលិតកម្ម គ្រួសារលោកស្រី ធីជឿល បានមានប្រាក់ចំណូលពី ៨ ទៅ ១០ លានដុងក្នុងមួយខែ។ "ស្ងប់ចិត្តជាមួយកន្លែងរស់នៅថ្មី ប្តីប្រពន្ធខ្ញុំប្រឹងប្រែងផលិតកម្មចិញ្ចឹមគោ ៦ ក្បាល ធ្វើស្រែយ៉ាងសកម្ម... និងរួចផុតពីភាព ក្រីក្រឆ្នាំ ២០២៤។ គ្រួសារនឹងខិតខំចេញផុតក្រុមគ្រួសារជិតបន្ទាត់ក្រីក្រនៅដំណាច់ឆ្នាំនេះ" លោកស្រី ធីជឿល ចែករំលែកដូច្នេះ។

ក្រុមគ្រួសារលោក យ៉ាញ់ រៀង នៅភូមិ យ៉ុងដា ឃុំ បានថាច់ ធ្លាប់តែត្រូវរស់នៅក្នុងផ្ទះ ទទ្រេតទទ្រោត រលំបាក់ពេលណាក៏អាចថាបាន។ សង្កេតឃើញស្ថានភាពគ្រួសារលំបាក លំបិនឆ្នាំ ២០២៤ អាជ្ញាធរឃុំបានជួយឧបត្ថម្ភថវិកាចំនួន ៧០ លានដុងដើម្បីគាត់សង់ផ្ទះថ្មី ដំឡើងប្រព័ន្ធទឹកស្អាតនិងទិញមធ្យោបាយផលិតកម្ម។ "ពីពេលមានផ្ទះនៅរឹងមាំ ហើយ ខ្ញុំសោមនស្សរីករាយខ្លាំងនិងស្ងប់ចិត្តពលកម្ម មានប្រាក់ចំណូលបន្ថែមគិតគូរអោយកូនទាំងពីរសិក្សារៀនសូត្រ" លោក យ៉ាញ់ រៀង ថ្លែងប្រាប់។

លោក ង៉ូ ភឿងវូ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត កៀនយ៉ាង មានប្រសាសន៍ថា ដោយមានទឹកប្រាក់ចំនួន ៤៣ ពាន់លានដុងរបស់អង្គការ បុគ្គល សហគ្រាសចូលរួមវិភាគទាន គណៈកម្មការចលនាមូលនិធិ "ដើម្បីអ្នកក្រ" ខេត្តបានដាក់ដំណើរការសាងសង់ផ្ទះ "មហាសាមគ្គី" ចំនួន ៧៨០ ខ្នងក្នុងឆ្នាំ ២០២៤។ ខេត្ត កៀនយ៉ាង ខិតខំដល់ដំណាច់ឆ្នាំ ២០២៥ សម្រេចរួចរាល់គោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមចំនួន ២.៣១៤ ខ្នង និងឧបត្ថម្ភ ជួសជុលផ្ទះលំនៅចំនួន ៤៨៥ ខ្នងជូនក្រុមគ្រួសារក្រីក្រ ជិតបន្ទាត់ក្រីក្រ។ ថវិកាអនុវត្តសរុបគឺជាង ១៥៣ ពាន់លានដុង ពីប្រពភកៀរគរស្ថាប័ន អង្គភាព អង្គការ បុគ្គល។ល។ ក្នុងនិងក្រៅខេត្ត។


"ដើម្បីចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមដាក់ដំណើរការមានប្រសិទ្ធភាព ខេត្តនឹងជំរុញយ៉ាងខ្លាំងក្លាការឃោសនា ចលនាប្រជាជន សហគ្រាស ពង្រីកស្មារតីស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក ក្នុងស្មារតី កៀនយ៉ាង រួមដៃគ្នា ដើម្បីអ្នកក្រ - មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ" លោក ង៉ូ ភឿងវូ មានប្រសាសន៍បន្ថែម៕
អត្ថបទនិងរូបថត៖ វ៉ាន់ស៊ី
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់