មន្ត្រីប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Pfizer បានប្រាប់ថា ក្រុមហ៊ុនផលិតឱសថនេះកំពុងបង្កើតវ៉ាក់សាំងកូនកាត់ដែលរួមបញ្ចូលគ្នានូវវ៉ាក់សាំងដើមរបស់ខ្លួនជាមួយនឹងរូបមន្តដែលការពារប្រឆាំងនឹងមេរោគ អូមីក្រុង។
កាលពីថ្ងៃទី ១០ ខែ មករា នាយកប្រតិបត្តិលោក អាល់បឺត បួឡា បានប្រាប់នៅក្នុងសន្និសីទ JPMorgan Healthcare ថា ខណៈការស្រាវជ្រាវនៅតែបន្ត ក្រុមហ៊ុន Pfizer នឹងវាយតម្លៃការបង្កើតរូបមន្តវ៉ាក់សាំងកូនកាត់ថ្មីប្រឆាំងនឹងមេរោគ អូមីក្រុង ហើយកំណត់ថា តើរូបមន្តមួយណាសមស្របបំផុតដើម្បីចាប់ផ្តើមផលិតនៅខែ មីនា នេះ។
នៅខែ មីនា Pfizer នឹងត្រៀមខ្លួនជាស្រេចដើម្បីទៅរកនិយតករ អាម៉េរិក សម្រាប់ការអនុញ្ញាតដល់វ៉ាក់សាំងប្រឆាំង អូមីក្រុង
លោកវេជ្ជបណ្ឌិត បួឡា បានមានប្រសាសន៍ថា ក្រុមហ៊ុន Pfizer នឹងត្រៀមខ្លួនជាស្រេចក្នុងខែ មីនា ដើម្បីទៅរកនិយតករ អាម៉េរិក សម្រាប់ការអនុញ្ញាតដល់វ៉ាក់សាំងដែលបានកែប្រែរួចហើយ នឹងនាំវាទៅលើទីផ្សារ ហើយថា ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មរួចទៅហើយ។
កាលពីចុងខែ វិច្ឆិកា ក្រុមហ៊ុន Pfizer បន្ទាប់ពីមេរោគថ្មីត្រូវបានរកឃើញជាលើកដំបូងនៅ អាហ្វ្រិកខាងត្បូង ថាខ្លួនកំពុងធ្វើការជាពិសេសតែមួយមុខគត់លើវ៉ាក់សាំងប្រឆាំង អូមីក្រុង។
វេជ្ជបណ្ឌិត បួឡា បាននិយាយថា ក្រុមហ៊ុនឱសថយក្សដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉ក និងដៃគូ អាល្លឺម៉ង់ BioNTech ក៏កំពុងធ្វើតេស្តិ៍វ៉ាក់សាំងកម្រិតខ្ពស់របស់ខ្លួនផងដែរនិងវាយតម្លៃកាលវិភាគដូសផ្សេងៗ គ្នា។
លោកបានពោលថានឹងបន្តផ្តល់ធនធានបន្ថែមដល់អង្គភាពផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន ហើយក៏កំពុងស្វែងរកការដាក់ពង្រាយបច្ចេកវិជ្ជា Messenger RNA ឬ mRNA របស់ខ្លួននៅក្នុងកន្លែងផ្សេងទៀតផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី