ខេត្ត អានយ៉ាង មានមណ្ឌលបោះឆ្នោតតំណាងរដ្ឋសភាចំនួន ៧ មណ្ឌលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តចំនួន ២៧ និងមណ្ឌលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនកម្រិតឃុំចំនួន ៧៧៤។ នៅក្នុងឃុំ ទ្រីតូន ជាតំបន់ព្រំដែនមានប្រជាជន ខ្មែរ រស់នៅច្រើន ប្រព័ន្ធផ្សព្វផ្សាយសាធារណៈតែងតែផ្សាយជាប្រចាំ ២-៣ ដងក្នុងមួយថ្ងៃនូវខ្លឹមសារទាក់ទងសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត លក្ខណៈវិនិច្ឆ័យសម្រាប់តំណាង ដោយបញ្ជាក់យ៉ាងច្បាស់អំពីពេលវេលា និងទីកន្លែងបោះឆ្នោត និងព្រឹត្តិការណ៍សំខាន់ៗនៃការបោះឆ្នោត។ ព័ត៌មានបោះឆ្នោតមានភាពសង្ខេប ងាយយល់ ផ្សាយជាភាសា វៀតណាម និងភាសា ខ្មែរ ជួយប្រជាជនឱ្យទទួលបាន និងយល់ព័ត៌មានបានយ៉ាងងាយស្រួល។
អ្នកស្រី នាង រី (ភូមិ ៦ ឃុំ ទ្រីតូន) បានចែករំលែកថា ក្រុមគ្រួសាររបស់គាត់មានអ្នកមានសិទ្ធិបោះឆ្នោតចំនួន ៥ នាក់។ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបិទផ្សាយបញ្ជីឈ្មោះរួច សមាជិកគ្រួសារបានទៅពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន ហើយព័ត៌មានទាំងអស់ត្រូវបានកត់ត្រាពេញលេញ ហើយត្រឹមត្រូវ។
លោកស្រី រី មានប្រសាសន៍បន្តថា “សូមអរគុណចំពោះការផ្សាយឃោសនាជាភាសា ខ្មែរ តាមរយៈប្រព័ន្ធវិទ្យុ និងកិច្ចប្រជុំសហគមន៍ អ្នកភូមិយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ ក្រុមគ្រួសារខ្ញុំមានអារម្មណ៍ជឿជាក់ ហើយចូលរួមក្នុងការបោះឆ្នោតយ៉ាងពេញលេញ ស្របតាមបទប្បញ្ញត្តិ”។
នៅឃុំ អូឡឹម តំបន់ព្រំដែនមានប្រជាជនជាង ៦៥% ជាជនជាតិ ខ្មែរ បរិយាកាសនៃការរៀបចំការបោះឆ្នោតក៏មានភាពបន្ទាន់ របៀបរបបផងដែរ។ នៅតាមដងផ្លូវ ទង់ជាតិ បដា និងពាក្យស្លោកត្រូវបានដាក់តាំងបង្ហាញយ៉ាងលេចធ្លោ។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈបន្តផ្សាយជាភាសាវៀតណាម និងភាសាខ្មែរ ដោយផ្សព្វផ្សាយព័ត៌មានអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត និងស្តង់ដារសម្រាប់តំណាងរាស្ត្រជាប់ឆ្នោត។ បរិយាកាសបោះឆ្នោតដ៏រីករាយបានជ្រាបចូលពាសពេញភូមិនិគម។
គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ នូយកឹម បង្កើតអង្គភាពបោះឆ្នោតចំនួន ៦ មានការិយាល័យបោះឆ្នោតចំនួន ១៣ មានទីតាំងនៅទីស្នាក់ការចំកណ្តាលភូមិ និងសាលារៀន។ កិច្ចខិតខំប្រឹងប្រែងឃោសនាត្រូវបានអនុវត្តដោយភាពបត់បែន ដោយរួមបញ្ចូលគ្នានូវប្រព័ន្ធឧបករណ៍បំពងសំឡេងរបស់ក្រុមប្រឹក្សាគ្រប់គ្រងតំបន់ទេសចរណ៍ នូយកឹម ឧបករណ៍បំពងសំឡេងចល័ត និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាពិសេស អាជ្ញាធរមូលដ្ឋានបានផ្តោតលើការទាញយកអត្ថប្រយោជន៍ពីតួនាទីរបស់ព្រះសង្ឃ គ្រូអាចារ្យ និងឥស្សរជនមានប្រជាប្រិយភាពក្នុងសហគមន៍ ខ្មែរ ដើម្បីលើកទឹកចិត្តប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត និងបោះឆ្នោតក្នុងរយៈពេលកំណត់។
រហូតមកដល់បច្ចុប្បន្ន ការរៀបចំសម្រាប់ការបោះឆ្នោតនៅខេត្ត អានយ៉ាង ត្រូវបានរួចរាល់នៅក្នុងឃុំ សង្កាត់ និងតំបន់ពិសេសទាំង ១០២។ ដោយមានការិយាល័យបោះឆ្នោតចំនួន ២.៧១២ និងអ្នកបោះឆ្នោតជាង ៣,៨ លាននាក់ ខេត្ត អានយ៉ាង បានត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបោះឆ្នោត សន្លឹកឆ្នោតនីមួយៗតំណាងឱ្យទំនុកចិត្ត និងការរំពឹងទុករបស់ប្រជាជន។
ដោយសារការរៀបចំយ៉ាងហ្មត់ចត់ ស្មារតីទំនួលខុសត្រូវខ្ពស់ពីប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពគ្នារបស់ប្រជាជន ការរៀបចំការបោះឆ្នោតនៅខេត្ត អានយ៉ាង កំពុងដំណើរការទៅតាមកាលវិភាគ ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងឆ្ពោះទៅរកការរៀបចំការបោះឆ្នោតដោយជោគជ័យ - ជាពិធីបុណ្យដ៏អស្ចារ្យសម្រាប់ប្រជាជាតិទាំងមូល៕
អត្ថបទនិងរូបថត៖ ថាញ់ សាង
ប្រែសម្រួល៖ សឺន ហេង