ថ្លែងក្នុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ន (ធ្វើវិសោធនកម្ម) លោកតំណាង ទ្រិញ ស៊ន់អាន (គណៈប្រតិភូរដ្ឋសភានៃទីក្រុង ដុងណាយ) បានសម្តែងការយល់ស្របយ៉ាងមុតមាំជាមួយនឹងវិសោធនកម្មច្បាប់ស្តីពីប្រេងឧស្ម័ន ជាពិសេសនៅក្នុងបរិបទលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 20-NQ/TW នៃសន្និសីទលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមនៃសន្និបាតបក្សលើកទី ១៤ ស្តីពីការកសាង និងអភិវឌ្ឍប្រទេសវៀតណាមឱ្យក្លាយជាប្រទេស រឹងមាំខាងសមុទ្រ។
ទាក់ទងនឹងគោលការណ៍សម្រាប់ការស្រាវជ្រាវជាមូលដ្ឋាន និងប្រតិបត្តិការប្រេងឧស្ម័ននៅក្នុងប្រការ ៤ មាត្រា ៦ លោកតំណាង ត្រាង អាយឿង (គណៈប្រតិភូរដ្ឋសភាខេត្ត ឡាយកាយ) បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងសេចក្តីព្រាងច្បាប់លើកឡើងពីបច្ចេកទេសទំនើប បច្ចេកវិទ្យា ធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែពេញលេញនូវទិសដៅនៃសេចក្តីសម្រេចលេខ ៥៧-NQ/TW ខ្ញុំស្នើឱ្យបន្ថែមឃ្លា «លើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងលើកទឹកចិត្តដល់ការអនុវត្តបញ្ញាសិប្បនិម្មិត»។
យោងតាមលោកតំណាង ត្រាង អាយឿង ការបន្ថែមនេះមានគោលបំណងបង្កើតមូលដ្ឋានច្បាប់ដើម្បីលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតនៅទូទាំងខ្សែសង្វាក់ប្រេងឧស្ម័នទាំងមូល ដោយបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងផលិតភាព រួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មប្រេងឧស្ម័នទំនើប និងប្រកបដោយចីរភាព។
ប្រតិបត្តិការប្រេងឧស្ម័នកើតឡើងនៅក្នុងដែនទឹកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកន្លែងនេសាទ និងជីវភាពរស់នៅរបស់អ្នកនេសាទ។ ដូច្នេះ គណៈប្រតិភូរដ្ឋសភាជាច្រើនក៏បានស្នើឱ្យបន្ថែមគោលការណ៍មួយដើម្បីធានាបាននូវភាពសុខដុមរមនារវាងសកម្មភាពប្រេងឧស្ម័ន និងសិទ្ធិស្របច្បាប់ និងជីវភាពរស់នៅរបស់សហគមន៍ឆ្នេរសមុទ្រ រួមជាមួយនឹងការទទួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពដែនសមុទ្រ និងកោះ។ នេះគឺជាតម្រូវការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងជាកត្តាមួយក្នុងការបង្កើតការឯកភាពគ្នាក្នុងសង្គម៕
អត្ថបទ វៀតតូន/កាសែត ព័ត៌មាន និងជនជាតិ
ប្រែសម្រួល សឺន ហេង