យោងតាមរបាយការណ៍របស់ក្រុមប្រមូលផ្តុំគ្រោងអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ការងារស្វែងរកក្នុងថ្ងៃទី ៥ ខែ សីហា ត្រូវបានដំណើរការនៅទីតាំងទីពីរ ចំណុះមណ្ឌល B ក្នុងបរិវេណឧទ្យាន លេ ធីរៀង។ នៅទីនេះ កងកម្លាំងបន្តជញ្ជូនដី ពង្រីកវិសាលភាពស្វែងរកនៅក្នុងបរិវេណជ្រលងផ្នូរដោយមានបរិមាណដីត្រូវចាត់ការជាង ៣០០ ម៉ែត្រគុប។
លទ្ធផលក្នុងថ្ងៃទី ៥ ខែ សីហា កងកម្លាំងបំពេញភារកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំបានចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងនោះមានចំនួន ៧ គ្រោងត្រូវបានរកឃើញរួមជាមួយមតកវត្ថុ។ គ្រោងអដ្ឋិធាតុមួយចំនួនត្រូវបានប្រទះឃើញជាមួយនឹងក្រណាត់តង់ ថង់ដាក់ឥវ៉ាន់នៅជម្រៅជាង ២ ម៉ែត្រ។ គ្រោងអដ្ឋិធាតុ និងមតកវត្ថុទាំងអស់ដែលពាក់ព័ន្ធត្រូវបានប្រមូល រក្សាទុកតាមគោលការណ៍ដើម្បីបម្រើការងារពិនិត្យបញ្ជាក់ និងអនុវត្តជំហានបន្តទៀត។
ដូច្នេះហើយ បូកសរុបតាំងពីដើមមកចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ដាច់ថ្ងៃទី ៥ ខែ សីហា កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំសរុបចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង។ ក្នុងនោះ មានចំនួន ១៨៣ គ្រោងត្រូវបានរកឃើញនៅទីតាំងដាច់ដោយឡែក ចំនួន ២៦ គ្រោងទៀតត្រូវបានប្រមូលផ្តុំរួមនៅតាមទីតាំងផ្នូរចំនួន ៦ រួមមាន ២ ទីតាំងនៅមណ្ឌល A និង ៤ ទីតាំងនៅមណ្ឌល B។
នៅថ្ងៃដដែល មន្ទីរវប្បធម៌ និងកីឡាទីក្រុង ហូ ជីមិញ រៀបចំកិច្ចប្រជុំដើម្បីជំរុញកិច្ចការព័ត៌មាន ផ្សព្វផ្សាយយុទ្ធនាការ "៥០០ ថ្ងៃ និងយប់ជំរុញការងារស្វែងរក ប្រមូលផ្តុំ បញ្ជាក់អត្តសញ្ញាណគ្រោងអដ្ឋិធាតុយុទ្ធជនពលី"។
លោក ង្វៀន ង៉ុកហ៊យ នាយករងនៃមន្ទីរវប្បធម៌ និងកីឡាទីក្រុង ហូ ជីមិញ បានថ្លែងថា ដោយអនុវត្តតាមបង្គាប់ការរបស់គណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុង កិច្ចការព័ត៌មាន ផ្សព្វផ្សាយអំពីយុទ្ធនាការរយៈពេលកន្លងសម្រេចបានលទ្ធផលដំបូង រួមចំណែកសាយភាយអត្ថន័យមនុស្សធម៌ និងបង្កើនស្មារតីយល់ដឹង ភារកិច្ចរបស់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់។
ជាពិសេស សកម្មភាពស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង ទទួលបានការចាប់អារម្មណ៍ពីប្រជាជនយ៉ាងខ្លាំង។ តាមរយៈបណ្តាញព័ត៌មាន ស្ថាប័នសមត្ថកិច្ចទទួលឯកសារ និងតម្រុយមានតម្លៃ បំពេញបន្ថែមប្រភពទិន្នន័យសម្រាប់ពិនិត្យបញ្ជាក់ទីតាំងបញ្ចុះតម្កល់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណយុទ្ធជនពលី។
យោងតាមលោក ង្វៀន ង៉ុកហូយ ចំពោះតំបន់សង្ស័យថាមានផ្នូររួម មូលដ្ឋានពាក់ព័ន្ធត្រូវបញ្ជាក់ច្បាស់ខ្លឹមសារ និងវិធីសាស្រ្តនៃការផ្សព្វផ្សាយ។ ការផ្តល់ព័ត៌មានត្រូវតែបំពេញតាមតម្រូវការនៃប្រតិបត្តិការស្វែងរកផង បង្កើតលក្ខខណ្ឌកៀរគរការចូលរួមរបស់ប្រជាជនផង និងពង្រីកទូលាយប្រភពធនធានសង្គមបន្ថែមទៀតផង។
រយៈពេលខាងមុខ ទីក្រុង ហូ ជីមិញ ឆ្ពោះទៅរកការបង្កើតសម្ព័ន្ធភាពប្រព័ន្ធផ្សព្វផ្សាយពហុខ្លឹមសារ ពហុមូលដ្ឋានគ្រឹះ ពហុទម្រង់រូបភាព ដើម្បីបង្កើនកម្លាំងសាយភាយយុទ្ធនាការ។ តួនាទីរបស់សារព័ត៌មានមិនត្រឹមតែផ្សព្វផ្សាយប៉ុននោះទេ ថែមទាំងជួយឧបត្ថម្ភជាក់ស្តែងសម្រាប់ការស្វែងរក ការប្រមូលផ្តុំ ការកំណត់អត្តសញ្ញាណយុទ្ធជនពលី និងការងារធ្វើតេស្ត ADN ថែមទៀតផង។
លោក ង្វៀន ង៉ុកហូយ មានប្រសាសន៍បន្ថែម “ស្ថាប័នសារព័ត៌មានអាចចូលរួមចំណែកក្នុងការប្រទះឃើញ តភ្ជាប់ជាមួយសាក្សី ប្រមូលតម្រុយ ឯកសារមានតម្លៃដើម្បីបញ្ជូនបន្តទៅបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ។ ទន្ទឹមនោះរៀបចំកម្មវិធីនៅពីក្រោយសារព័ត៌មានដើម្បីរួមដំណើរ ឧបត្ថម្ភដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី។ ការងារផ្សព្វផ្សាយក៏ត្រូវផ្តោតលើមនុស្សចាស់ ពីព្រោះនេះជាក្រុមអាចនឹងនៅថែរក្សាការចងចាំ ព័ត៌មាន និងឯកសារសំខាន់ៗ ទាក់ទងនឹងកន្លែងបញ្ចុះធាតុរបស់យុទ្ធជនពលី”។
ផលិត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ អៀងថាន់