ការអភិវឌ្ឍសេដ្ឋកិច្ចទិន្នន័យដូចជាម៉ាស៊ីនកំណើនថ្មីមួយសម្រាប់ប្រទេសវៀតណាម ស្របពេលកំពុងផ្លាស់ប្តូរបន្តិចម្តងៗពីផ្នត់គំនិតសេដ្ឋកិច្ចជំរុញដោយទិន្នន័យទៅជាសេដ្ឋកិច្ចជំរុញដោយបញ្ញាសិប្បនិម្មិត បញ្ញាសិប្បនិម្មិតមិនមែនគ្រាន់តែជាឧបករណ៍ជំនួយប៉ុណ្ណោះទេ ថែមទាំងក្លាយជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្នូលនៃសេដ្ឋកិច្ចឌីជីថលទៀតផង។
លោក ង្វៀន ទ្រុងជិញ វៀតណាម បានមានកំណើនជាច្រើនឆ្នាំដោយផ្អែកលើការពង្រីកកម្លាំងពលកម្ម ការប្រមូលផ្តុំដើមទុនវិនិយោគ ការលើកកម្ពស់ការនាំចេញ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មសកល។ ទោះជាយ៉ាងណាក៏ដោយ នៅពេលចូលដល់ដំណាក់កាលអភិវឌ្ឍន៍កម្រិតខ្ពស់ គំរូនេះបង្ហាញបន្តិចម្តងៗអំពីដែនកំណត់ដូចជាការធ្លាក់ចុះនៃអត្ថប្រយោជន៍នៃកម្លាំងពលកម្មមានតម្លៃទាប ការលំបាកក្នុងការកែលម្អប្រសិទ្ធភាពដើមទុនយ៉ាងខ្លាំង ស្របពេលសម្ពាធប្រកួតប្រជែងផ្លាស់ប្តូរឆ្ពោះទៅរកផលិតភាព បច្ចេកវិទ្យា និងនវានុវត្តន៍។
ផ្តើមពីភាពជាក់ស្តែងនោះ លោក ង្វៀន ទ្រុងជិញ ជឿជាក់ថា ប្រទេសវៀតណាមត្រូវការកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ក្នុងនោះទិន្នន័យត្រូវបានគេមើលឃើញថាជាកត្តាផលិតកម្មថ្មីមួយ ហើយបញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍សំខាន់ដើម្បីបំលែងទិន្នន័យទៅជាចំណេះដឹង ផលិតផល សេវាកម្ម និងការប្រកួតប្រជែង។
លោក ង្វៀន ទ្រុងជិញ ក៏បានចង្អុលបង្ហាញពីយន្តការចំនួនបីសម្រាប់សេដ្ឋកិច្ចទិន្នន័យ និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតរបកគំហើញថ្មីៗ៖ បង្កើនផលិតភាពការងារក្នុងទ្រង់ទ្រាយធំ ការបើកចេញវិស័យសេដ្ឋកិច្ចថ្មីៗដូចជា ទិន្នន័យជាសេវាកម្ម ឬ បញ្ញាសិប្បនិម្មិតជាសេវាកម្ម និងការរៀបចំរចនាសម្ព័ន្ធវិស័យមានស្រាប់ឡើងវិញដូចជាផលិតកម្ម ហិរញ្ញវត្ថុ សុខាភិបាល ភស្តុភារកម្ម និងកសិកម្ម ឆ្ពោះទៅរកដំណោះស្រាយឆ្លាតវៃជាងមុន ត្រឹមត្រូវជាងមុន និងមានប្រសិទ្ធភាពជាងមុន។
យោងតាមសំណើ ក្របខ័ណ្ឌយុទ្ធសាស្ត្ររួមមានសសរស្តម្ភចំនួន ៨ កម្មវិធីចំនួន ១២ និងសកម្មភាពយុទ្ធសាស្ត្រចំនួន ៥០ មានគោលបំណងចូលរួមចំណែកចន្លោះពី ១៥០ ទៅ ២៥០ ពាន់លានដុល្លារដល់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០៤៥។
នៅក្នុងវេទិកា សាស្ត្រាចារ្យរង លោកបណ្ឌិត ង្វៀន ឌឹកមិញ អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានថ្លែងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថល ក្លាយជាធាតុផ្សំសំខាន់ៗសម្រាប់សេដ្ឋកិច្ច។ ការជ្រើសរើសគំរូអភិវឌ្ឍន៍សមស្របគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងនោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថល គួរតែត្រូវបានដាក់នៅចំកណ្តាលនៃយុទ្ធសាស្ត្រជាតិ។
យោងតាមលោកបណ្ឌិត ង្វៀន ឌឹក ហៀន អនុប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រកណ្តាល ចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់លាស់អំពីគំរូនៃការអភិវឌ្ឍជាតិបន្ទាប់ពីកំណែទម្រង់រយៈពេល ៤០ ឆ្នាំ ព្រមទាំងបែងចែករវាងគំរូអភិវឌ្ឍន៍ជាតិ គំរូអភិវឌ្ឍន៍សេដ្ឋកិច្ច និងគំរូកំណើន។
លោក ង្វៀន ឌឹកហៀន អនុប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមក៏បានកត់សម្គាល់ផងដែរថា ការធ្វើសមាហរណកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងវិស័យផ្សេងៗ ត្រូវធ្វើដោយបត់បែន ស្របតាមលក្ខណៈជាក់លាក់នៃវិស័យនីមួយៗ ដោយចាត់ទុកបច្ចេកវិទ្យាជាកម្លាំងចលករ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ៕\
អត្ថបទ៖ វ៉ាន់ យ៉ាប
ប្រែសម្រួល៖ សឺន ហេង