ពិធីប្រកួត "គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុង” ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយបណ្តាញឧបត្ថម្ភសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុងសំដៅវាយតម្លៃ និងជ្រើសរើសគំនិត គម្រោងផ្តើមអាជីពដើម្បីលើកសរសើរ រួមចំណែកផ្សព្វផ្សាយគំនិត គម្រោងល្អៗ និងភ្ជាប់នឹងតថភាព។
ការប្រកួតឆ្នាំនេះទទួលបានការយកចិត្តទុកដាក់ គាំទ្រយ៉ាងខ្លាំងពីគ្រឹះស្ថានអប់រំនានានៅក្នុងតំបន់។ គំនិត គម្រោងចូលរួមបានពង្រីកទូលាយគ្របដណ្តប់លើវិស័យជាច្រើនដូចជា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា កសិកម្ម ជលផល អប់រំ សុខាភិបាល ទេសចរណ៍ សេវាកម្ម និងគំរូអាជីវកម្មនវានុវត្តន៍ច្នៃប្រតិដ្ឋ។
នៅជុំផ្តាច់ព្រ័ត្របានប្រមូលផ្តុំគម្រោងចូលរួមចំនួន ១០១ ក្នុងនោះតារាងក្រុមនិស្សិតចំនួន ៣១ គម្រោង តារាងក្រុមសិស្សចំនួន ៧០ គម្រោង។ គម្រោងទាំងនេះបានឆ្លងកាត់ជុំជម្រើសជាច្រើនយ៉ាងម៉ឺងម៉ាត់ តម្លាភាព និងគុណភាព។ ក្រុមទាំងឡាយចូលរួមប្រកួតប្រជែង ៣ វិញ្ញាសា រួមមាន៖ ធ្វើបទបង្ហាញ សួរនិងឆ្លើយ បទបង្ហាញអំពាវនាវទុនវិនិយោគ។
អនុសាស្ត្រាចារ្យ បណ្ឌិត ង្វៀន មិញហ្វា នាយកសាកលវិទ្យាល័យ ត្រាវិញ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្តាញជួយឧបត្ថម្ភសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុងវាយតម្លៃខ្ពស់ចំពោះប្អូនៗសិស្ស និស្សិតដែលបានជម្នះឧបសគ្គ ការលំបាកជាច្រើនឈានដល់ជុំផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង។ ប្អូនៗគឺជាវង់ភ័ក្រ្តឆ្នើម និងជាគំរូក្លាហាន។ ទោះបីជានៅសិក្សានៅឡើយ ប៉ុន្តែប្អូនៗបានបង្ហាញពីភាពក្លាហាន បំផុសគំនិតច្នៃប្រតិដ្ឋ និងបន្តរហូតដល់ទីបញ្ចប់។
បណ្ឌិត ផាន វ៉ាន់ដាន ចាងហ្វាងសាកលវិទ្យាល័យ បាកលីវ ចែករំលែកថា៖ នវានុវត្តន៍ច្នៃប្រតិដ្ឋ និងផ្តើមអាជីពមិនត្រឹមតែជានិន្នាការចាំបាច់ប៉ុននោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមទៀតផង។ ក្នុងរយៈពេលកន្លងមក សាកលវិទ្យាល័យ បាកលីវ តែងតែកសាងបរិយាកាសឧបត្ថម្ភផ្តើមអាជីពសម្រាប់និស្សិត ពង្រីកបណ្តាញទីប្រឹក្សា តភ្ជាប់សហគ្រាស រៀបចំសកម្មភាពបណ្តុះបណ្តាល បំផុសគំនិត និងជួយឧបត្ថម្ភគំនិតផ្តើមអាជីព។
តាមរយៈការប្រកួត សាលារៀនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ សហគ្រាស និងសហគមន៍ផ្តើមអាជីព រួមចំណែកសាយភាយស្មារតីផ្តើមអាជីព នវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងចំណោមសិស្ស និស្សិត៕
អត្ថបទ និងរូបថត៖ ទន់កៀត
ប្រែសម្រួល៖ ចន្ថា