លេខាគណៈកម្មាធិការបក្សឃុំ ហ្វាអាន ដាម ធូហាំង ចែករំលែកថា ហ្វាអានគឺជាឃុំមួយដែលមានភូមិសាស្ត្រធំទូលាយ មានភូមិតំបន់ភ្នំជាច្រើនមានតែបងប្អូនជនជាតិ ម៉ុង យ៉ាវ រស់នៅ។ ដើម្បីព័ត៌មានទាន់ពេលវេលា ថ្នាក់ដឹកនាំឃុំបានស្នើឱ្យភូមិទាំងឡាយពិនិត្យពិច័យបណ្តាក្រុមគ្រួសារឡើងវិញហើយស្នើឱ្យយ៉ាងហោចណាស់ក្នុងមួយក្រុមគ្រួសារមានមនុស្សម្នាក់ចេះរបៀបប្រើស្មាតហ្វូន បង្កើតក្រុមរួមរបស់ភូមិដែលមានបណ្តាក្រុមគ្រួសារចូលរួម។ នៅពេលដែលឃុំផ្សព្វផ្សាយកម្មវិធីថ្មីៗ ក៏សមាជិកមានភារៈជូនព័ត៌មានទាំងឡាយរបស់ឃុំ ភូមិដល់គ្រួសារ។ លោកស្រី ដាម ធូហាំង ថ្លែងថា នេះគឺជារបៀបធ្វើដ៏មានប្រសិទ្ធភាពហើយលើកកម្ពស់ការទទួលខុសត្រូវ កៀរគរបានប្រធានភូមិ ក្រុមគ្រួសារប្រជាជនប្រើបច្ចេកវិទ្យាព័ត៌មានក្នុងការឃោសនា ផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ ច្បាប់របស់រដ្ឋ ។ល។
យោងតាមនាយិកាមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ណុង ធីថាញ់ហ្វៀន បរិវត្តកម្មឌីជីថលគឺជាដំណាក់កាលរយៈពេលវែងមួយ ព្រោះហេតុដូច្នេះហើយប្រព័ន្ធនយោបាយទាំងមូលត្រូវតែចូលរួមនិងបង្កើតការស្រុះចិត្តស្រុះគំនិតខ្ពស់ក្នុងចំណោមប្រជាជន មន្ទីរវិទ្យាសាស្ត្របច្ចេកវិទ្យានឹងបន្តសហការជាមួយមូលដ្ឋាននានាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ ធ្វើបរិវត្តកម្មឌីជីថលនៅលើវិស័យនានាដើម្បីផ្តោតលើការលើកកម្ពស់លទ្ធភាពឌីជីថលជូនកម្មាភិបាល ប្រជាជន។ ចំពោះមុខគឺកិច្ចសហប្រតិបត្តិការជាមួយបណ្តាអាជីវកម្មទូរគមនាគមន៍ធ្វើការគ្របដណ្តប់សេវានៅ ១៨ ចំណុចដែលមានសេវាខ្សោយនៅតាមភូមិ ផៀ ក ឃុំ អៀនថូ ផៀងវ៉ាយ ឃុំ បាវឡឹម លុងរ៉ាក ឃុំ ហាក្វាង គាងតាវ ឃុំ ត្រៀងហា ត្រាងលី ឃុំ លុងណាំ ជាដើម។
បច្ចុប្បន្ននេះ អាជីវកម្មទូរគមនាគមន៍នៅលើភូមិសាស្ត្រខេត្ត កាវបាំង បានដាក់ដំណើរការដងវិថីបង្កប់ខ្សែកាបទូរគមនាគមន៍ក្រោមដីប្រវែង ៩០,៤ គីឡូម៉ែត្រ។ ចំនួនក្រុម ភូមិ និគមត្រូវបានគ្របដណ្តប់សេវាទូរស័ព្ទចល័តសម្រេចបានចំនួន ៩៥,២៨% (ប្រហាក់ប្រែលនឹង ៩៨,២៨% នៃក្រុមគ្រួសារបានគ្របដណ្តប់សេវាទូរស័ព្ទចល័ត)។ ឃុំ សង្កាត់មានចំនួន ២៨៨ ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចល័ត 5G កុំព្យូទ័រលើតុចំនួន ៥.០៤៥ គ្រឿង កុំព្យូទ័រយួរដៃចំនួន ១.១៧៩ គ្រឿងជាដើម។ រហូតដល់ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៦ អត្រាសំណុំឯកសារចាត់ការទាន់និងមុនពេលកំណត់របស់ខេត្ត កាវបាំង នៅលើវិបផតថលសេវាសាធារណៈជាតិសម្រេចបានជាង ៩៧% អត្រានៃការទូទាត់តាមអនឡាញសម្រេចបានចំនួន ៥៨% ជាដើម៕
អត្ថបទនិងរូបថត៖ ជូហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ