តាមរយៈសហករណ៍ ក្រុមសហការ និងកម្មវិធីឧបត្ថម្ភផលិតកម្ម មាមីងបងប្អូនមានលក្ខខណ្ឌបន្ថែមទៀតក្នុងការប្រើបច្ចេកទេសថ្មី កាត់បន្ថយចំណាយលើការផលិត លើកកម្ពស់ទិន្នផលនិងធានាទីផ្សារកសិផលប្រកបដោយស្ថិរភាព។
យោងតាមលោក ថាច់យឿង នាយកសហករណ៍កសិកម្ម ង៉ុកថាច់ ឃុំ ញីត្រឿង ឱ្យដឹងថា៖ អង្គភាពផ្តោតសំខាន់លើការជួយឧបត្ថម្ភកសិករកាត់បន្ថយការចំណាយផលិតកម្ម ទទួលបានបច្ចេកទេសថ្មី និងស្វែងរកទីផ្សារស្ថិរភាព។ អាស្រ័យដោយមានសហករណ៍ផ្តល់គ្រឿងសម្ភារបុរេប្រទាន កសិករកាត់បន្ថយសម្ពាធដើមទុន។ លោក គីមនួន ចែករំលែកថា៖ ការមានអង្គភាពចងសម្ពន្ធប្រមូលទិញដោយតម្លៃអាទិភាពខ្ពស់ជាងទីផ្សារជួយឱ្យគ្រួសារមានភាពម្ចាស់ការជាងមុន។
តថភាពបង្ហាញឱ្យឃើញថា ប្រាក់ចំណេញរបស់ក្រុមគ្រួសារដែលបានចូលរួមចងសម្ពន្ធកើនឡើងប្រហែល ១០ ទៅ ១៥ លានដុងក្នុងមួយហិកតា។ ទិន្នផលស្រូវដើមឆ្នាំនិងស្រូវរដូវចុងឆ្នាំសម្រេចបានពី ៦ ទៅ ៦,៥ តោនក្នុងមួយហិកតា ដោយឡែករដូវសម្រកសម្រេចបានប្រហែល ៧ តោនក្នុងមួយហិកតា។ ក្រុមគ្រួសារប្រជាជនភាគច្រើនប្រើពូជស្រូវ ដាយធើម 8 និង OM 18។ វិធីសាស្ត្រនេះជួយឱ្យកសិករស្ងប់ចិត្តជាងមុនអំពីទីផ្សារផលិតផល។
ក្រៅពីនោះ នៅឃុំ ផុងថាញ់ កសិករចូលរួមក្នុងសាខាសមាគមកសិករអាជីពដាំដុះស្រូវគុណភាពខ្ពស់ ST25។ លោកស្រី ថាច់ ធីចៀ ឱ្យដឹងថា៖ ទទួលបានការណែនាំបច្ចេកទេស គ្រួសារដឹងពីរបៀបប្រើសម្ភារសមស្រប និងកាត់បន្ថយចំណាយ។ ថ្វីត្បិតអាកាសធាតុមិនអំណោយផលធ្វើឱ្យទិន្នផលថយចុះក្តី តែតម្លៃប្រមូលទិញ ៨.០០០ ដុងក្នុងមួយគីឡូក្រាមនៅតែជួយធានាប្រាក់ចំណេញដដែល។
គំរូជាក់ស្តែងទាំងឡាយបានបង្ហាញឲ្យឃើញថាកសិករ ខ្មែរ បានប្តូរទម្លាប់ផលិតកម្មចាស់។ អនុវត្តគម្រោងរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ខេត្ត វិញឡុង តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៣០ សម្រេចតម្លៃផលិតកម្មដាំដុះជាង ៣៦០ លានដុងក្នុងមួយហិកតា។ ខេត្តក៏បានដាក់ឱ្យដំណើរការគម្រោងឯកវប្បកម្មស្រូវគុណភាពខ្ពស់ បញ្ចេញជាតិសំណល់ទាបសំដៅលើកកម្ពស់ប្រាក់ចំណូលជូនមាមីងបងប្អូន៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ អៀងថាន់