សិក្ខាកាម ចាង ទ្រុយផា ចាប់ផ្តើមពីចំណេះដឹងមូលដ្ឋានបំផុត។ កាលពីមុន បងតែងតែជួបលំបាកនៅពេលអានក្រដាសស្នាម ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារផ្សេងៗ។ ក្រោយមួយរយៈពេលសិក្សា បងស្គាល់តួអក្សរ និងចាប់ផ្តើមអានខ្លឹមសារសាមញ្ញៗ បានហើយ។ បងឱ្យដឹងថា៖ ចេះអក្សរនឹងជួយឲ្យការរស់នៅក្នុងសង្គមនាពេលខាងមុខកាន់តែងាយស្រួល ជាពិសេសនៅពេលធ្វើបែបបទក្រដាសស្នាមផ្ទាល់ខ្លួន។
អ្នកគ្រូ ផាម ធីហៀន គ្រូបង្រៀនផ្ទាល់នៅថ្នាក់លុបបំបាត់អនក្ខរកម្មក្នុងគ្រឹះស្ថានបានឱ្យដឹងថា ក្រោយរយៈពេលសិក្សា សិក្ខាកាមជាច្រើននាក់បានចេះអាន ចេះសរសេរ ហើយអ្នកខ្លះទៀតអានបានល្អបង្គួរទៀតផង។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺក្រោយពេលបញ្ចប់ការផ្តាច់គ្រឿងញៀន បងប្អូនមានចំណេះដឹងបន្ថែម ផ្លាស់ប្តូរគំនិត និងមានលក្ខខណ្ឌបន្ថែមទៀតដើម្បីសម្របខ្លួនចូលសហគមន៍ឡើងវិញ។
បច្ចុប្បន្ន គ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងគ្រប់គ្រងសិក្ខាកាមជាង ៦៥០ នាក់ ក្នុងនោះមានអ្នកមិនទាន់ចេះអាន មិនទាន់ចេះសរសេរ ឬផ្អាកការសិក្សាតាំងពីតូច។ ចាប់ពីខែ មិថុនា ឆ្នាំ ២០២៥ មកទល់ពេលនេះ គ្រឹះស្ថានបានរៀបចំថ្នាក់លុបបំបាត់អនក្ខរកម្មចំនួន ២ ថ្នាក់ជូនសិក្ខាកាមជិត ៨០ នាក់។ ចូលរួមថ្នាក់រៀន សិក្ខាកាមមិនត្រឹមតែបានរៀនចំណេះដឹងមូលដ្ឋានដូចជាស្គាល់តួអក្សរ ប្រកបអក្សរ ហាត់អាន និងហាត់សរសេរប៉ុននោះទេ ថែមទាំងបានកម្មាភិបាល និងលោកគ្រូអ្នកគ្រូណែនាំអាជីពតម្រង់ទិសវិជ្ជាជីវៈ បំពាក់បំប៉នបំណិន និងចំណេះដឹងចាំបាច់ជាច្រើនមុនពេលត្រឡប់ទៅមូលដ្ឋានវិញ។
យោងតាមអនុសេនីយ៍ឯក ត្រឹន អញ់និញ អនុប្រធានគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន អញ្ជើញមានប្រសាសន៍ថា៖ ក្រៅពីការអនុវត្តគោលការណ៍ផ្តាច់ញៀន គ្រឹះស្ថានតែងតែយកចិត្តទុកដាក់រៀបចំសកម្មភាពអប់រំ ណែនាំអាជីពតម្រង់ទិសវិជ្ជាជីវៈនិងបំពាក់បំប៉នចំណេះដឹងជូនសិក្ខាកាម។ គ្រឹះស្ថានបានធ្វើសេនាធិការជូនថ្នាក់ដឹកនាំនគរបាលខេត្តសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឌៀនបៀន រៀបចំថ្នាក់លុបបំបាត់អនក្ខរកម្មជូនសិក្ខាកាម។ ការចេះអក្សរជួយឲ្យសិក្ខាកាមមានចំណេះដឹងបន្ថែម យល់ដឹងច្បាប់ និងកាន់តែមានទំនុកចិត្តលើខ្លួនឯងនៅពេលត្រឡប់ទៅមូលដ្ឋានវិញ។
ផ្តើមពីស្នាមគំនូសតួអក្សរមុនដំបូង សិក្ខាកាមទាំងឡាយកំពុងចាប់ផ្តើមដំណើរការសិក្សាឡើងវិញ។ ការចេះអាន ចេះសរសេរមិនត្រឹមតែជួយឲ្យពួកគាត់កាន់តែមានភាពងាយស្រួលក្នុងជីវភាពប៉ុននោះទេ ថែមទាំងបើកឱកាសផ្លាស់ប្តូរស្មារតីយល់ដឹង ជឿជាក់លើខ្លួនឯងនៅពេលត្រឡប់ទៅសម្របខ្លួនចូលសហគមន៍ឡើងវិញថែមទៀតផង៕
ផលិតដោយ៖ ផានគ្វឹន
ប្រែសម្រួល៖ ចន្ថា